(ភ្នំពេញ)៖ ភាពយន្តខ្នាតធំ មានចំណងជើងថា «វិកលចរិត» បានបើកសម្ពោធជាលើកទី២ ដើម្បីអបអរក្នុងការដាក់បញ្ចាំង តាមបណ្ដារោងភាពយន្តទំនើបនានា ក្នុងប្រទេសកម្ពុជា និងបញ្ចាំងនៅពីរប្រទេសផ្សេងទៀត មានថៃ និងឡាវ ដើម្បីស្វែងរកចំណែកនៃថវិកាខ្លះ ជួយដល់ក្មេងកំព្រា និងក្មេងបាត់បង់សតិ នៅក្នុងប្រទេសកម្ពុជា ដែលមកពីបណ្ដាអង្គការនានា។ ពិធីសម្ពោធនេះ ត្រូវបានធ្វើឡើង នាល្ងាចថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧នេះ នៅរោងភាពយន្ត Major ផ្សារទំនើប អេអនម៉ល ដោយមានការអញ្ជើញចូលរួម ពីសំណាក់សិល្បករ-សិល្បការិនី ថ្នាក់ដឹកនាំនាយកដ្ឋានភាពយន្ត នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងប្រធានសមាគមសិល្បករខ្មែរ ផងដែរ។
លោក ហ៊ុយ យ៉ាឡេង ជាផលិតករ និងជាចាងហ្វាងផលិតកម្ម «មាតុចក្រហ្វីមល៍» បានថ្លែងឲ្យដឹងថា រឿង «វិកលចរិត» បានចាប់ផ្ដើមបើកយុទ្ធនាការ ចាក់បញ្ចាំងនៅក្នុងប្រទេសថៃ និងឡាវ នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៧ ខាងមុខនេះហើយ បន្ទាប់ពីបញ្ចាំងនៅក្នុងប្រទេសកម្ពុជា ជាលើកទី២។ រឿង វិកលចរិត បានធ្វើការបញ្ចូលសំឡេងជាភាសាថៃ រួចរាល់ និងជាភាពយន្តមួយ ដែលត្រូវបានទទួលស្គាល់គុណភាពផលិត ពីអន្តរជាតិ ពោលគឺពីមហោស្រពភាពយន្ត នៅក្នុងប្រទេសចិន ខណៈដែលនេះ គឺជាខ្សែភាពយន្ដខ្មែរ ដ៏ល្បីមួយទៀតហើយ ដែលត្រូវយកទៅចាក់បញ្ចាំង តាមបណ្ដាប្រទេសក្នុងតំបន់អាស៊ាន ក៏ដូចជាប្រទេសជិតខាង បន្ទាប់ពីទទទួលបានពានរង្វាន់ ពីមហោស្រពភាពយន្ត នៅប្រទេសចិន។
ចាងហ្វាងផលិតកម្ម មាតុចក្រហ្វីមល៍ និងជាតួសម្ដែងក្នុងរឿងនេះ បានថ្លែងឲ្យដឹងទៀតថា ការចាក់បញ្ចាំងរឿង «វិកលចរិត« នេះ គឺដើម្បីអបអរសាទរ ខណៈដែលភាពយន្តនេះ ជាខ្សែភាពយន្តខ្មែខ្នាតធំ ដែលទទួលបានពានរង្វាន់ ពីប្រទេសចិន ហើយក៏ជាមោទនភាពមួយ ដ៏អស្ចារ្យដែលរឿង «វិកលចរិត» ត្រូវបានជ្រៀតចូលក្នុងទីផ្សារ ប្រទេសថៃ និងឡាវ ដែលលោកពិតជាមិននឹកស្មានដល់។
លោកបន្តថា ម្យ៉ាងវិញទៀត ជាមួយគ្នានឹងការត្រៀមចាក់បញ្ចាំង នៅក្នុងប្រទេសថៃ និងឡាវ ខាងមុខនេះ ក៏ជាឱកាសមួយ ក្នុងការរកជំនួយបន្ថែម ដើម្បីជួយដល់មនុស្សបាត់បង់សតិបញ្ញា (មនុស្សវិលកចរិត) នៅក្នុងប្រទេសកម្ពុជា ដែលបានបង្ហាញឲ្យឃើញ តាមរយៈរឿងនេះ ឲ្យទស្សនិកជន បានដឹង!។ និយាយជារួម គឺថវិកាមួយចំណែក ដែលបានមកពីការបញ្ចាំងភាពយន្តនេះ នឹងយកទៅជួយដល់មនុស្សបាត់បង់សតិ ដែលមនុស្សគ្រប់រូប មិនងាយយល់ពីទំហំទឹកចិត្ត របស់ពួកគេឡើយ។
សូមបញ្ជាក់ថា រឿង «វិកលចរិត» ជាខ្សែភាពយន្តខ្នាតធំ បែបភ័យរន្ធត់ តក់ស្លុត មានភាពប្រទាក់ក្រឡាគ្នា ឆ្លុះបញ្ចាំងពីមនុស្សបាត់បង់សតិ ធ្វើឲ្យអ្នកទស្សនាជក់ចិត្ត ភ្ញាក់ផ្អើលរឿងខ្មែរមួយនេះ។ ម្យ៉ាងទៀត វាមានលក្ខណៈបច្ចេកទេស និងគុណភាពស្ដង់ដារអន្តរជាតិ ដែលមិនងាយនឹងមាននរណាផលិតឡើងបាន ដោយងាយស្រួលឡើយ៕