(កំពត)៖ កម្លាំងសមត្ថកិច្ចមកពីស្ថាប័នពាក់ព័ន្ធដឹកនាំដោយ លោក ខាន់ សុផល ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពត នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧នេះ បានចុះទៅបង្រ្កាប និងរឹបអូសសម្ភារៈរបស់ជនខិលខូច ដែលកំពុងទន្ទ្រានយកដីរដ្ឋ នៅចំណុចជើងភ្នំបត់ទ្វារ ស្ថិតក្នុងភូមិល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត។
លោក ជួន សារ៉ា នាយរងខណ្ឌរដ្ឋបាលព្រៃឈើកំពត បានឲ្យដឹងថា កាលពី៣ថ្ងៃមុនមានជនខិលខូចឈ្នោះ ស៊ុំ ពៅ ដែលគេសង្ស័យថា ជាមន្ត្រីកងរាជអាវុធហត្ថ ប្រចាំខេត្តកំពង់ឆ្នាំង និងប្រពន្ធ បានមកធ្វើការកាប់ និងដកបំផ្លាញដើមឈើប្រភេទគរគី ដែលអតីតអភិបាលខេត្តកំពតលោក ខូយ ឃុនហ៊ួរ បានដឹកនាំមន្ត្រីរាជការ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងកងកម្លាំងទាំង៣ប្រភេទ ចុះដាំនៅលើចំណុចដីនេះ។ លោកថា មិនតែប៉ុណ្ណោះជនល្មើសពីរនាក់ប្តី ប្រពន្ធ ថែមទាំងបានបោះបង្គោលសង់ជាថ្មដ៏រឹងមាំ ហើយយកទ្រុងរថយន្តខ្នាតវែង មកដាក់នៅពីលើ ព្រមទាំងយកលូ បម្រុងសាងសង់ជាសំណង់នៅទីនេះទៀតផង។
លោក ជួន សារ៉ា បានបញ្ជាក់ថា «បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ ទើបកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ សហការគ្នាចុះទៅបង្ក្រាបភ្លាមៗ ក្រោមការដឹកនាំដោយលោក ព្រះរាជអាជ្ញារង ដោយដកហូតវត្ថុតាងទាំងនោះ មករក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើកំពត ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់»។
លោកបញ្ជាក់អះអាងថា ទីតាំងដីខាងលើ គឺជាដីសម្បទានរបស់រដ្ឋ និងជាដែនគ្រប់គ្រងរបស់រដ្ឋបាលព្រៃឈើកំពត ដោយខណៈនេះ ត្រូវបានជនខិលខូច២នាក់ ប្តីប្រពន្ធខាងលើមកពីខេត្តកំពង់ឆ្នាំង មកបោះទីតាំងយ៉ាងរឹងមាំ ក្នុងគោលបំណងរំលោភយកធ្វើជាកម្មសិទ្ធិ។
ប្រជាពលរដ្ឋនៅជិតកន្លែងទីតាំងដីរំលោភខាងលើក៏បានឲ្យដឹងដែរថា មូលហេតុពីរនាក់ប្តីប្រពន្ធមករំលោភយកដីខាងលើ គឺពួកគេបានទិញពីប្រជាពលរដ្ឋក្នុងភូមិ ក្នុងតម្លៃ ៣៥០០$ទៅ៤០០០$ ក្នុងមួយក្បាលដី ហើយមានអាជ្ញាធរមូលដ្ឋាន ដឹងឮទៀតផង។ ម្យ៉ាងដីនៅម្តុំនោះមានជាច្រើនប្លង់ សុទ្ធសឹងជាដីដែលត្រូវបានលួចលក់ដោយខុសច្បាប់។
ពាក់ព័ន្ធករណីខាងលើ អង្គភាព Fresh News មិនអាចទំនាក់ទំនងសុំរកការបំភ្លឺពីលោក ស៊ុំ ពៅ បានទេនៅរសៀលថ្ងៃនេះ។ ម្យ៉ាងពេលកម្លាំងចុះទៅដលអនុវត្ត ក៏គ្មានវត្តមាន លោក ស៊ុំ ពៅ ផងដែរ៕