(ភ្នំពេញ)៖ ដើម្បីចូលរួមចំណែកទប់ស្កាត់ បញ្ហាគ្រឿងញៀនខុសច្បាប់ ឲ្យបានល្អប្រសើរជាងនេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានយុទ្ធនាការប្រយុទ្ធ ប្រឆាំងគ្រឿងញៀនទូទាំងប្រទេស បានបង្ហាញនូវគោលបំណងរបស់សម្ដេចថា ចង់បង្កើតឲ្យមានការប្រឡងប្រណាំង ផ្សព្វផ្សាយបញ្ហាគ្រឿងញៀន ពីសំណាក់ស្ថាប័នរដ្ឋ ស្ថាប័នឯកជន និងវិស័យសិល្បៈ រួមទាំងវិស័យព័ត៌មានផងដែរ ដោយអ្នកឈ្នះនឹងទទួលបានរង្វាន់។
ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល អនុវត្តផែនការប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់លើកទី១ និងលើកទិសដៅអនុវត្ត យុទ្ធនាការលើកទី២ នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧នេះ សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ថា ការប្រឡងប្រជែងនេះ គឺក្រុមអ្នកចម្រៀងត្រូវតែងចម្រៀង ដែលអប់រំរឿងគ្រឿងញៀន ហើយអ្នកកំប្លែងត្រូវសម្ដែងអប់រំផងដែរ។ ដោយឡែកផ្នែកសារព័ត៌មានវិញ បើចុះផ្សាយអត្ថបទរឿងគ្រឿងញៀនណាច្រើនជាងគេ នឹងទទួលបានរង្វាន់ផងដែរ។
សម្ដេចក្រឡាហោម ស ខេង ថ្លែងយ៉ាងដូច្នេះថា «តទៅយើងបានបំផុសផងដែរសិល្បករ សិល្បការិនី ប៉ុន្ដែយើងចង់រុញបន្ថែមទៀត ហើយដើម្បីរុញចេញខ្ញុំគិតថា បង្កើតកម្មវិធីប្រឡងប្រណាំងឲ្យបានច្រើន ឧទាហរណ៍ថា តែងចម្រៀងពាក់ព័ន្ធប្រឆាំងគ្រឿងញៀន...បន្ថែមពីនេះសិល្បៈសម្ដែងឆាកកំប្លែង...សារព័ត៌មានក៏ដូចគ្នាផងដែរ បើគាត់ជួយរកអត្ថបទចុះបានច្រើន ចាំពិនិត្យមើលការថា តើកាសែតណា សារព័ត៌មានណា ដែលចុះច្រើនជាងគេឲ្យរង្វាន់ ហើយទូរទស្សន៍ក៏ដូចគ្នាដែរ គឺផ្សាយឲ្យបានច្រើន ក្រុមហ៊ុនឯកជនក៏ដូចគ្នា»។
សម្ដេចក្រឡាហោម ស ខេង បានបន្ថែមថា ការប្រឡងប្រណាំងនេះ មិនតម្រូវឲ្យធ្វើតែជាលក្ខណៈជាតិនោះទេ ពោលគឺថ្នាក់ក្រោមជាតិ ត្រូវតែរៀបចំផងដែរ ដោយស្នងការដ្ឋាននគរបាលខេត្ត ឬគណៈកម្មការប្រយុទ្ធប្រឆាំងគ្រឿងញៀន ត្រូវនាំគ្នារៀបចំធ្វើ ព្រោះថា នៅតាមខេត្តក៏មានសិល្បករ សិល្បការិនីច្រើនដែរ ហើយសម្ដេចកំណត់ឲ្យលេខាធិការដ្ឋាន ធ្វើការពិចារណាលើបញ្ហានេះ។
ប៉ុន្ដែទោះជាយ៉ាងណា សម្ដេចក្រឡាហោម មិនទាន់បញ្ជាក់ពីរង្វាន់ ដែលត្រូវផ្ដល់ជូននោះទេ ដោយរង់ចាំធ្វើការពិគ្រោះយោបល់ ពិភាក្សាបន្ដទៀត ហើយការប្រកួតនេះ នឹងត្រូវកំណត់ពីចំណាត់ថ្នាក់ផងដែរ ដោយមិនបានផ្ដល់ជូនទាំងអស់នោះទេ។
សូមជម្រាបថា សម្រាប់យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងទូទាំងប្រទេសលើកទី១នេះ អង្គភាពព័ត៌មាន Fresh News បានក្លាយជាអង្គភាពព័ត៌មានមួយ ក្នុងចំណោមស្ថាប័នព័ត៌មាន៨ស្ថាប័ន ដែលទទួលបានប័ណ្ណសរសើរពីរាជរដ្ឋាភិបាល ក្នុងការចូលរួមចំណែក ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅកម្ពុជា ដែលស្ថាប័នព័ត៌មានទាំងនោះរួមមាន ១៖ អង្គភាពព័ត៌មាន Fresh News, ២៖ ទូរទស្សន៍ជាតិកម្ពុជា (ទទក), ៣៖ ទូរទស្សន៍បាយ័ន, ៤៖ ទូរទស្សន៍ហង្សមាស, ៥៖ ទូរទស្សន៍អប្សរា, ៦៖ ទូរទស្សន៍ PNN, ៧៖ ទូរទស្សន៍ CNC & CTN និង ៨៖ គេហទំព័រអគ្គស្នងការនគរបាលជាតិ។
អង្គភាពព័ត៌មាន Fresh News បានចូលរួមយ៉ាងសកម្មក្នុងការផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធការបង្ក្រាប និងការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀនខុសច្បាប់នៅកម្ពុជា។ តួយ៉ាងចាប់ពីមុនពេល ការបើកយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់លើកទី១ រហូតមកដល់បច្ចុប្បន្ននេះ Fresh News បានចុះផ្សាយយ៉ាងទៀងទាត់ជាប្រចាំថ្ងៃ នូវលទ្ធផលនៃការបង្ក្រាបគ្រឿងញៀនខុសច្បាប់។
លោក លឹម ជាវុត្ថា ស្ថាបនិក និងជានាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News ដែលអញ្ជើញទទួលប័ណ្ណសរសើរពីគណៈអធិបតី ក្នុងកិច្ចប្រជុំខាងលើបានសម្តែងនូវក្តីរីករាយ ឥតឧបមាចំពោះរាជរដ្ឋាភិបាល ដែលបានផ្តល់នូវការលើកទឹកចិត្ត តាមរយៈការផ្តល់ប័ណ្ណសរសើរជូន អង្គភាពព័ត៌មាន Fresh News នៅពេលនេះ។
លោក លឹម ជាវុត្ថា បានបន្តបញ្ជាក់យ៉ាងដូច្នេះថា «ប័ណ្ណសរសើរដែល Fresh News ទទួលបាននាពេលនេះ គឺមិនមែនជាកិត្តិយសរបស់ខ្ញុំទេ ប៉ុន្តែវាជាកិត្តិយសរបស់បុគ្គលិកទាំងអស់ដែលបម្រើការងារនៅអង្គភាពព័ត៌មាន Fresh News មានប្រមាណជិត១០០នាក់»។
បន្ថែមលើសពីនេះ រាល់ការបង្ក្រាបគ្រឿងញៀនករណីធំៗ និងសំខាន់ៗ រួមទាំងលទ្ធផលនៃការបង្ក្រាបប្រចាំខែ ប្រចាំត្រីមាស និងឆមាស សកម្មភាពបំពេញការងារ មន្ត្រីប្រយុទ្ធប្រឆាំងគ្រឿងញៀន ទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងអន្តរជាតិ ក៏ Fresh News បានចូលរួមផ្សព្វផ្សាយយ៉ាងទូលំទូលាយ សំដៅរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនផងដែរ៕