(ព្រះវិហារ)៖ ស្របពេលទឹកជំនន់មានការជន់លិចស្ទើរគ្រប់ទីកន្លែង នៅតាមភូមិឃុំស្រុករបស់ប្រជាពលរដ្ឋ នៅខេត្តព្រះវិហារ ដែលបានបង្កឲ្យសត្វពាហៈនៈរបស់ប្រជាពលរដ្ឋ ប្រឈម និងជម្ងឺផ្សេងៗ ពិសេស គឺជម្ងឺអ៊ុតក្តាមនោះ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧នេះ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តព្រះវិហារ លោក ពឹង ទ្រីដា ប្រធានមន្ទីរ បានដឹកនាំមន្ត្រីជំនាញ ចុះចាក់ថ្នាំវ៉ាក់សាំងការពារ និងអប់រំផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋ៨៣គ្រួសារ មកពី៣ភូមិ ក្នុងស្រុកត្បែងមានជ័យ បានយល់ដឹង និងមានវិធានការណ៍ការពារ។

លោក ពឹង ទ្រីដា បានឲ្យដឹងថា ស្របពេលដែលខេត្តព្រះវិហារប្រឈម និងការរងគ្រោះដោយទឹកជំនន់ បានធ្វើឲ្យដំណាំកសិកម្មមួយចំនួន រងការខូចខាត ចំណែកសត្វគោ ក្របីរបស់ប្រជាពលរដ្ឋខ្លះ បានប្រឈមជម្ងឺផ្សេងៗ ពិសេស គឺជម្ងឺអ៊ុតក្តាមដែលធ្វើឲ្យសត្វគោ ក្របីងាប់ និងបានប៉ះពាល់ដល់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ។

លោកកបញ្ជាក់ថា «ក្នុងគោលបំណងកាត់បន្ថយការខាតបង់របស់ប្រជាពលរដ្ឋ ដោយសារជម្ងឺអ៊ុតក្តាម បង្កឲ្យងាប់គោ ក្របី ថ្ងៃនេះខ្ញុំបានដឹកនាំមន្ត្រីជំនាញការិយាលយ័ផលិតកម្ម និងបសុព្យាបាល និងភ្នាក់ងារសុខភាពសត្វភូមិ បានធ្វើការផ្សព្វផ្សាយនិងវិធីសាស្ត្រថែទាំ ព្យាបាល គោ ក្របីដោយផ្តោតលើជម្ងឺអ៊ុតក្តាម ដែលមានកសិករ៨៣គ្រួសារ មកពី៣ភូមិ ក្នុងឃុំប្រមេរុ ស្រុកត្បែងមានជ័យចូលរួម»

បើតាមលោកប្រធានមន្ទីរ ក្រៅពីការផ្សព្វផ្សាយ និងវិធានការថែទាំចំពោះសុខភាពសត្វគោ ក្របី យើងបានចាក់ថ្នាំវ៉ាក់សាំងការពារដល់គោ ក្របីប្រជាពលរដ្ឋ និងបានចែកទឹកថ្នាំសម្រាប់លាងសំអាតមេរោគ និងសំឡីដល់ប្រជាកសិករោងដែរ។ ជាមួយគ្នានេះលោកក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋ សង្កេតមើលសត្វគោ ក្រី បើមានអការៈមិនស្រួល សូមទំនាក់ទំនងមន្ត្រីភ្នាក់ងារសុខភាពសត្វភូមិ ដែលនៅជិតបំផុតដើម្បីបានជួយសង្គ្រោះទាន់ពេលវេលា៕