(ភ្នំពេញ)៖ លោក លឹម មករន្ទ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧នេះ បានសម្រេចឃុំខ្លួនឪពុកចុងម្នាក់ដាក់ពន្ធនាគារបណ្តោះអាសន្ន បន្ទាប់ពីលោកព្រះរាជអាជ្ញារង អ៊ុំ សុភក្តី ចោទប្រកាន់ពីបទរំលោភសេពសន្ថវៈមានស្ថានទម្ងន់ទោសទាក់ទងនឹងជនរងគ្រោះ តាមមាត្រា២៤១ នៃក្រមព្រហ្មទណ្ឌ ដែលអាចប្រឈមមុខនឹងការជាប់ពន្ធនាគារ ពី៧ឆ្នាំ ទៅ១៥ឆ្នាំ ពាក់ព័ន្ធការលូកម្រាមដៃប្រដាប់ភេទកូនស្រីចុងពីរនាក់ ម្នាក់អាយុ៤ឆ្នាំ និងម្នាក់ទៀត អាយុ៦ឆ្នាំ។
មាត្រា២៣៩ នៃក្រមព្រហ្មទណ្ឌឲ្យនិយមន័យបទរំលោភសេពសន្ថវៈ ថា «គ្រប់អំពើបញ្ជូលអង្គជាតតាមបែបណាក៏ដោយ ឬអំពើអំពើបញ្ជូលឧបករណ៍ណាមួយទៅក្នុងអង្គជាតិ ដែលប្រព្រឹត្តទៅលើអ្នកដទៃ ទោះបីមានភេទដូចគ្នា ឬមិនដូចគ្នាក៏ដោយ ដោយការប្រើហិង្សា ការបង្ខិតបង្ខំ ការគំរាមកំហែង ឬដោយការឆ្មក់ឱកាស គឺជាបទរំលោភសេពសន្ថវៈ»។
ពាក់ព័ន្ធករណីនេះលោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានថ្លែងថា ហេតុការណ៍នេះ បានកើតឡើង កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧ ត្រង់ចំណុចរោងកម្មករសំណង់បុរីពិភពថ្មី ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ។
ជនរងគ្រោះពីរនាក់ឈ្មោះ ម៉ាត សុខា អាយុ៦ឆ្នាំ និងឈ្មោះ ម៉ាត ស្រីណុច អាយុ៤ឆ្នាំ។ ដោយឡែកជនសង្ស័យឈ្មោះ ប៉ុន រុំ អាយុ៥១ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅរោងកម្មករសំណង់បូរីពិភពថ្មី ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ។
លោកវរសេនីយ៍ឯក ជឹម ស៊ីថា បន្តថា ជនសង្ស័យ ប៉ុន រុំ ត្រូវជាឪពុកចុងក្មេងស្រីរងគ្រោះទាំងពីរនាក់ បានធ្វើសកម្មភាពយកចង្អុលម្រាមដៃខាងស្តាំ លូកចូលប្រដាប់ភេទក្មេងស្រីរងគ្រោះ បណ្តាលឲ្យក្មេងស្រីរងគ្រោះទាំងពីរនាក់មានការឈឺចាប់។ ពេលនោះឈ្មោះ ជា សុខលី អាយុ៣១ឆ្នាំ ត្រូវជាប្រពន្ធរបស់ជនសង្ស័យ និងជាម្តាយបង្កើតរបស់ក្មេងស្រីរងគ្រោះទាំងពីរនាក់ បានឃើញក៏ជេរ និងស្តីបន្ទោសឲ្យជនសង្ស័យ ថា «បើឯងមិនស្រឡាញ់ខ្ញុំ កុំធ្វើបាបកូនរបស់ខ្ញុំ» រួចក៏មានការឈ្លោះប្រកែកគ្នា រវាងម្តាយក្មេងស្រីរងគ្រោះ និងជនសង្ស័យ។
ក្រោយមកឈ្មោះ ជា សំអាន ភេទស្រី អាយុ៣២ឆ្នាំ ត្រូវជាអ៊ុបង្កើតរបស់ក្មេងស្រីរងគ្រោះទាំងពីរនាក់ បានជិះម៉ូតូ ចេញពីផ្ទះស្ថិតនៅភូមិសែនសុខ៤ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ មកយកក្មេងស្រីរងគ្រោះទាំងពីរនាក់ ទៅលេងផ្ទះរបស់គាត់។ ពេលទៅដល់ផ្ទះឈ្មោះ ជា សំអាត បានយកក្មេងស្រីរងគ្រោះទាំង២នាក់ ទៅងូតទឹកឲ្យ ហើយមានការសង្ស័យ ក៏សួរទៅក្មេងស្រីរងគ្រោះទាំង២នាក់ ថា «មាននរណាលេងប្រដាប់ភេទរបស់ឯងទេ»? រួចក្មេងស្រីរងគ្រោះទាំង២នាក់ ក៏បានឆ្លើយប្រាប់ឈ្មោះ ជា សំអាន ឲ្យដឹងថានៅពេលប៉ារុំ (ជនសង្ស័យ) ផឹកស្រាស្រវឹងបានយកម្រាមដៃលូកលេងក្នុងប្រដាប់ភេទពួកគេទាំងពីរនាក់រាល់លើក។
រហូតដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧ ឈ្មោះ ជា សំអាន ក៏បាននាំក្មេងស្រីរងគ្រោះទៅពិនិត្យកោសល្យវិច័យ នៅពេទ្យបង្អែករាជធានីភ្នំពេញ រួចទូរស័ព្ទប្រាប់អង្គការ CPU (ស៊ីភីយូ) ឲ្យជួយអន្តរាគមន៍ហើយអង្គការ CPU បាននាំឈ្មោះ ជា សំអាន ត្រូវជាអ៊ុបង្កើតរបស់ក្មេងស្រីរងគ្រោះទាំង២នាក់ បានធ្វើជាតំណាងឲ្យក្មេងស្រីរគ្រោះ មកដាក់ពាក្យបណ្តឹងចំឈ្មោះជនសង្ស័យ នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ តែម្តង៕