(ភ្នំពេញ)៖ សាលាឧទ្ធរណ៍ នៅរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧នេះ បានបើកសវនាការរឿងក្ដីលោកស្រី ទេព វន្នី តំណាងសហគមន៍បឹងកក់ ពាក់ព័ន្ធបទល្មើស «ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស»។
មន្ត្រីសាលាឧទ្ធរណ៍ ថ្លែងថា សវនាការនេះដឹកនាំដោយលោក ប៉ុល សំអឿន ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោក សំរិទ្ធ សុផល លោកស្រី ចាន់ ម៉ាឌីណា ជាសមាជិក និង លោក សរ យសថាវរៈ ជាតំណាងមហាអយ្យការ ។
ក្រុមអ្នកសារព័ត៌មានអនុញ្ញាតឲ្យចូលរួមសវនាការ តែត្រូវរក្សាទុកទូរស័ព្ទ ឬឧបករណ៍អេឡិចត្រូនិកផ្សេងៗនៅខាងក្រៅ។
សវនាការសាលាឧទ្ធរណ៍នេះ ធ្វើឡើងបន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧ ផ្តន្ទាទោសលោកស្រី ទេព វន្នី ដាក់ពន្ធនាគាររយៈពេល២ឆ្នាំ៦ខែ ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅក្បែរវិមានឯករាជ្យ សង្កាត់ទន្លេបាសាក់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែមិនា ឆ្នាំ២០១៣ តាមមាត្រា២១៨ នៃក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធការប្រើអំពើហិង្សាលើសន្តិសុខសាលាខណ្ឌដូនពេញពីរនាក់ បណ្តាលឲ្យរងរបួសធ្ងន់៕