(ភ្នំពេញ)៖ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងខណ្ឌសែនសុខ នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧នេះ បានប្រារព្ធពិធីប្រគល់ និងទទួលព្រំប្រទល់រដ្ឋបាលខណ្ឌទាំងពីរ ទៅតាមការសម្រេចរបស់រាជរដ្ឋាភិបាល ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង ជាពិសេសលើការងារសុខសុវត្ថិភាព របស់ប្រជាពលរដ្ឋនៅក្នុងខណ្ឌទាំងពីរ។
ពិធីខាងលើនេះ បានធ្វើឡើងក្រោមការដឹកនាំដោយ លោកអភិបាលខណ្ឌពោធិ៍សែនជ័យ ហែម ដារិទ្ធិ និងលោកអភិបាលខណ្ឌសែនសុខ ប៉ឹល កុសល និងមានការចូលរួម ដោយមន្រ្តីរាជការការិយាល័យជុំវិញសាលាខណ្ឌទាំងពីរ, លោកអធិការនគរបាលខណ្ឌ, លោកមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ, លោកចៅសង្កាត់, ព្រមទាំងអាជ្ញាធរភូមិផងដែរ។
មន្រ្តីមួយរូបបាននិយាយថា ព្រំប្រទល់ខណ្ឌទាំង២ ដែលត្រូវប្រគល់និងទទួលនាពេលនោះ គឺស្ថិតនៅជាប់ព្រំប្រទល់សង្កាត់ចំនួន២ របស់ខណ្ឌទាំងពីរ ក្នុងនោះមានសង្កាត់កាកាប របស់ ខណ្ឌពោធិ៍សែនជ័យ និងសង្កាត់ក្រាំងធ្នង់ និងសង្កាត់ទឹកថ្លា របស់ខណ្ឌសែនសុខ ដែលកន្លងមកនៅចំណុចខាងលើនោះ មានលក្ខណៈស្មុគស្មាញខ្លាំងណាស់។
មន្រ្តីដដែលរូបនោះ បានបន្តទៀតថា ដោយសារតែបែបនេះ ទើបរាជរដ្ឋភិបាលបានសម្រេចកែសម្រួលព្រំប្រទល់ខណ្ឌទាំង២ ដើម្បីភាពងាយស្រួលនៅក្នុងការគ្រប់គ្រង និងការទទួលរ៉ាប់រងលើគ្រប់វិស័យរបស់ខណ្ឌទាំង២ ជាពិសេសការគ្រប់គ្រងផ្នែករដ្ឋបាលទូទៅ បូករួមទាំងការងារសន្តិសុខសម្រាប់ប្រជាពលរដ្ឋ ហើយចៀសវាងរាល់មន្ទិសសង្ស័យទាំងឡាយ និងការឆ្លើយដាក់គ្នា នៅពេលមានសភាពការណ៍បទល្មើសកើតឡើង ដូចជាពលកន្លងមកទៀត។
ដោយឡែក លោក ហែម ដារិទ្ធិ និងលោក ប៉ិល កុសល បានថ្លែងថា «ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលត្រូវកាត់ចូលទៅក្នុងខណ្ឌណាមួយនោះ ហើយត្រូវធ្វើសៀវភៅ ស្នាក់នៅនោះសូមរួសរាន់ទៅធ្វើចុះ លោកនិងមិនមានការយកប្រាក់ឡើយ»។
សូមជម្រាបថា ការប្រគល់ និងទទួលព្រំប្រទល់រដ្ឋបាលខណ្ឌទាំងពីរ ធ្វើឡើងដើម្បីឲ្យចៀសវាងរាល់ភាពស្មុគស្មាញ ការឆ្លើយដាក់គ្នាទៅវិញទៅមក ពេលដែលមានសភាពការណ៍ ឬបទល្មើសផ្សេងៗកើតឡើង ជាងនេះទៀតនោះ ក៏បង្កឲ្យមានភាពងាយស្រួល ក្នុងការល្បាតពួនស្ទាក់បទល្មើសនៅក្នុងភូមិសាស្រ្តខណ្ឌទាំង២នោះផងដែរ៕