(កោះកុង)៖ លោក ហាក់ ឡេង អភិបាលស្រុកមណ្ឌលសីមា និងលោក ឆៃវ៉ាត់ អូឆាណានុន អភិបាលស្រុកខ្លងយ៉ៃ រួមជាមួយមន្ត្រីក្រោមឱវាទ និងមន្ត្រីស្នាក់ការប្រចាំច្រកទ្វារ អន្តរជាតិចាំយាម បានបើកកិច្ចប្រជុំពិភាក្សាគ្នា ក្រោមប្រធានបទ «ដើម្បីប្រជាជន និងប្រជាជន» ក្នុងគោលបំណងលើកកម្ពស់ និងជួយសំរួលដល់ការរស់នៅ និងរកស៊ី នៃប្រជាជនទាំង២។
នៅក្នុងកិច្ចប្រជុំដែលធ្វើឡើងនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ លោកអភិបាលស្រុកមណ្ឌលសីមា បានសុំទៅភាគីថៃ ជាពិសេសកងទ័ពជើងទឹកថៃ មេត្តាមានការយោគយល់ ដល់ប្រជានេសាទខ្មែរ ដែលនេសាទហួសព្រំដែន ពោលកុំឲ្យចាប់ខ្លួនពួកគេ បញ្ជូនទៅតុលាការដើម្បីដាក់ពន្ធនាគារនោះទេ។
លោក ហាក់ ឡេង ក៏បានលើកឡើងថា កិច្ចប្រជុំពិភាក្សានេះ មានសារសំខាន់ណាស់ក្នុងការទំនាក់ទំនងគ្នា រវាងស្រុកមណ្ឌលសីមា ប្រទេសកម្ពុជា និងស្រុកខ្លងយ៉ៃ ប្រទេសថៃ ដើម្បីរិតចំណងសាមគ្គីភាពរវាងមន្រ្តីរាជការ មន្រ្តីរាជការ ប្រជាពលរដ្ឋ និងប្រជាពលរដ្ឋ ហើយអ្វីដែលសំខាន់យើងត្រូវមានការយោគយល់គ្នា ដើម្បីរកដំណោះស្រាយ ជូនប្រជាពលរដ្ឋនៅពេលគាត់ជួបនៅបញ្ហាអី្វមួយ ទាំងនៅកម្ពុជា ទាំងនៅប្រទេសថៃ ហើយបើប្រជាពលរដ្ឋភាគីខាងណា ត្រូវសមត្ថកិច្ចឃាត់ខ្លួននូវបញ្ហាអ្វីមួយ សូមឲ្យភាគីទាំងសងខាង ធ្វើការទំនាក់ទំនងឲ្យលឿនបំផុតដើម្បីយើងងាយស្រួលរកដំណោះស្រាយ។
លោក ហាក់ ឡេង បានបញ្ជាក់ថា «សូមឲ្យសមត្ថកិច្ចថៃ ខាងផ្នែកជើងទឹកមានការយល់យោគដល់ប្រជាពលរដ្ឋកម្ពុជា ដែលជាប្រជានេសាទ ហួសព្រំដែន សមត្ថកិច្ចគួរតែមិនត្រូវចាប់ពួកគាត់ យកទៅដាក់គុកទេ ពីព្រោះប្រជានេសាទទាំងអស់ពុំមាន ជី ភី អេស (GPS) សម្រាប់មើលផ្លូវទេ ជូនកាលពួកគាត់គេចពីខ្យល់ព្យុះរលកធំ ដើម្បីគេចពីគ្រោះថ្នាក់ ទើបពួកគាត់ត្រូវបង្ខំចិត្តចូលចតទូកក្នុងទឹកថៃ ហេតុដូច្នេះចំណុចសំខាន់ខាងលើនេះ សូមឲ្យសមត្ថកិច្ច និងអាជ្ញាថៃ សូមអធ្យាស្រ័យចំពោះ ប្រជានេសាទខ្មែរផង ហើយបើប្រជាពលរដ្ឋ ទាំងទ្វេរភាគីមានអ្វី១កើតឡើងទាំងថៃ ក៏ដោយទាំងកម្ពុជា ក៏ដោយយើងត្រូវធ្វើការទំនាក់ទំនងគ្នាឲ្យឆាប់រហ័យបំផុត»។
លោក ឆៃវ៉ាត់ អូឆាណុនុន បានទទួលនៅសំណូមពរពីភាគីកម្ពុជា ហើយឲ្យមន្រ្តីលោកធ្វើការទំនាក់ទំនង គ្នាជាប់ជានិច្ចដើម្បីរិតចំណងមេត្រីភាពរវាងកម្ពុជានិងប្រទេសថៃ ក្រោយពីមានការពិភាក្សា និងយល់ព្រមរវាងភាគីទាំង២ហើយ លោក អភិបាលស្រុកមណ្ឌលសីមានឹងលោកអភិបាលស្រុកខ្លងយ៉ៃបានរួមគ្នាប្រលែងកូនត្រី លេងកីឡានិងហូបបាយសាមគ្គីផងដែរ៕