(ភ្នំពេញ)៖ កំពុងរវល់ចុចម៉ាស៊ីនគិតលេខ គិតប្រាក់ពីអតិថិជន លោកស្រី តេង ចាន់ដាលិស ដែលជាអាជីវករ ប្រកបមុខរបរលក់គ្រឿងភេសជ្ជៈ នៅម្ដុំផ្សារបែកចាន តាមបណ្ដោយផ្លូវជាតិលេខ៤ បានផ្ដល់បានបញ្ជាក់ឲ្យដឹងថា ដោយយល់ពីសារៈសំខាន់នៃការអប់រំ លោកស្រី និងស្វាមីបានសម្រេចចិត្ដបញ្ជូន កូនមកសិក្សានៅឯរាជធានីភ្នំពេញ។
អ្នកស្រីលើកឡើងទៀតថា ភ្ញាក់តាំងពីព្រលឹមម៉ោង៥ព្រឹក កូនប្រុសពៅរបស់អ្នកស្រិ គឺ កុមារា ឆាវ ម៉េងហួត បានងូតទឹក រៀបចំខ្លួន និងស្រស់ស្រូបអាហារពេលព្រឹក និង អង្គុយរង់ចាំរថយន្ដ ដែលអ្នកស្រីបានជួលជាប្រចាំថ្ងៃ ដើម្បីយកទៅ សាលារៀននៅឯទីក្រុងភ្នំពេញ។
បើតាម កុមារា ឆាវ ម៉េងហួត បានឱ្យដឹងថា «ប្រសិនបើមិនស្ទះចរចរាចរណ៍ រូបគេនឹងទៅដល់សាលាម៉ោង៧៖១០នាទីព្រឹក តែប្រសិនបើជាស្ទះចរចរាចរណ៍វិញ ដល់សាលាម៉ោង៧៖៣០នាទី ដោយសាលាចូលរៀននៅម៉ោង៧៖៤៥នាទី»។
ការខិតខំព្យាយាម របស់កុមារ និងមាតាបិតា បានធ្វើឱ្យ ម៉េងហួត រៀនយកឈ្នះលើសិស្សដទៃផ្សេងទៀត ដោយទទួលបានជាសិស្សឆ្នើមប្រចាំសាលា និងទទួលបានអាហារូបករណ៍ចំនួន២០០០ដុល្លារ។
ការទទួលបានជា សិស្សឆ្នើមប្រចាំសាលា មិនមែនជាការងារស្រួលឡើយ ព្រោះត្រូវបំពេញនូវលក្ខខណ្ឌ របស់សាលាជាច្រើន និងជាពិសេសសិស្សត្រូវទទួលបានចំណាត់ថ្នាក់លេខ១ ប្រចាំឆ្នាំទាំងកម្មវិធីភាសាខ្មែរ និងកម្មវិធីភាសាអង់គ្លេស ហើយត្រូវទទួលបានពិន្ទុខ្ពស់ជាងគេប្រចាំសាលា។
ឆ្លើយតបទៅនឹងសំណួរថា តើលោកស្រី មានអារម្មណ៍បែបណា នៅពេលកូនប្រុសរៀនបានពូកែនេះ លោកស្រីបានឆ្លើយតបទាំងទឹកភ្នែកថា «ខ្ញុំមានអារម្មណ៍រំភើប នៅពេលដែលកូនទទួលបាន ពានរង្វាន់សិស្សឆ្នើមប្រចាំសាលា ព្រោះមិនធ្លាប់គិតថា កូនអាចទទួលបានលទ្ធផលយ៉ាងដូច្នេះទេ ព្រោះឃើញកូនមានការពិបាកណាស់ ព្រោះផ្ទះនៅឆ្ងាយ នៅរហូត ដល់ម្ដុំផ្សារបែកចាន ដែលមានចំងាយប្រហែល២០គីឡូម៉ែត្រពីផ្ទះ ដោយត្រូវងើប តាំងពីម៉ោង៥ព្រឹក និងត្រឡប់ មកដល់វិញនៅម៉ោង៨៖០០នាទី ឬ៩៖០០យប់ក៏មាន»។
ការដែលលោកស្រីសម្រក់ទឹកភ្នែកនេះ មិនមែនដោយសារកូនលោកស្រី ទទួលបានប្រាក់អាហារូបករណ៍នោះទេ ប៉ុន្ដែការស្រក់ទឹកភ្នែកនេះ ដោយសារតែលោកស្រីគិតថា «អ្វីដែលលោកស្រីបានលះបង់ ដោយមិនគិតពីការលំបាក និងការនឿយហត់បញ្ជូនកូន ទៅសិក្សាឆ្ងាយពីផ្ទះ ពិតជាមិនខកបំណងឡើយ។ ពោលគឺ ការលះបង់ និងការព្យាយាមពិតជាទទួលបាននូវការជោគជ័យ»។
លោកស្រីបានអំពាវនាវ ដល់មាតាបិតាទាំងអស់ ឱ្យខំខិតព្យាយាមបញ្ជូនកូនទៅសិក្សា នៅសាលាដែលមានគុណភាព ទោះបីជាសាលានោះនៅឆ្ងាយពីផ្ទះយើងយ៉ាង ណាក៏ដោយហើយត្រូវសហការជាមួយ សាលាឱ្យបានខ្ជាប់ខ្ជួន។
សូមទស្សនាវិដេអូខាងក្រោម ដែលជាបទសម្ភាស៍ជាមួយលោកស្រីផ្ទាល់ ដែលដកស្រង់ចេញពីផេក របស់សាលាអន្ដរជាតិអាប៊ែនឌែនឡៃ (Abundant Life International School-ALIS)។
សូមបញ្ជាក់ថា វិដេអូនេះ គឺជាវិដេអូដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីនៅក្នុងសង្គម Facebook ដែលទទួលបានការ Like Comment និងចូលមើលយ៉ាងច្រើន ក្នុងរយៈពេលមិនដល់២៤ម៉ោង៕