(កំពង់ធំ)៖ ខណៈដែលតំបន់ខ្លះនៃខេត្តកំពង់ធំ បាននិងកំពុងប្រឈមជំនន់ទឹកភ្លៀងនោះ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧នេះ អាជ្ញាធរខេត្តកំពង់ធំ បានជួបពិភាក្សាការងារ អង្គការជាដៃគូពាក់ព័ន្ធមួយចំនួន ដើម្បីបើកយុទ្ធនាការផ្សព្វផ្សាយអប់រំ ស្តីពីគ្រោះមហន្តរាយពីទឹកជំនន់។
កិច្ចពិភាក្សាគ្នាខាងលើនេះបានធ្វើឡើងនៅភូមិមាន ឃុំមានជ័យ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ក្រោមវត្តមានលោក ស ប៉ាហូ នាយករងរដ្ឋបាលសាលាខេត្តកំពង់ធំ ដោយបានការឧបត្ថម្ភពីមជ្ឈមណ្ឌលត្រៀមបង្ការគ្រោះមហន្តរាយអាស៊ី សហការជាមួយអង្គការវេទិកាមនុស្សធម៌កម្ពុជា និងអង្គការសកម្មភាពដើម្បីអភិវឌ្ឍន៍ ព្រមទាំងមានការចូលរួមពីប្រជាពលរដ្ឋ និងសិស្សានុសិស្សប្រមាណ២៥៦នាក់។
លោក សោម សុភ័ក្រ នាយកប្រតិបត្តិអង្គការ AFD (សកម្មភាពដើម្បីអភិវឌ្ឍន៍) បានលើកឡើងពីគោលបំណងយុទ្ធនាការផ្សព្វផ្សាយអប់រំ ពីទឹកជំនន់ ដើម្បីបញ្ញាក់អារម្មណ៍ដល់មហាជន ក្នុងការការងារត្រៀមបង្ការគ្រោះមហន្តរាយទឹកជំនន់ បង្ហាញឲ្យយល់ដឹងក្រុមអ្នកស្ម័ក្រចិត្ត ជួយសង្គ្រោះប្រជាពលរដ្ឋពេលមានទឹកជំនន់ និងរៀបចំរួចជាស្រេចក្នុងការត្រៀមបង្ការ និងយន្តការត្រូវទំនាក់ទំនងពីការងារគ្រោះមហន្តរាយ។
លោក សុខ ភឿក តំណាងអង្គការ ADPC និងCHF បានថ្លែងអំណរគុណដល់អង្គការ សកម្មភាពដើម្បីអភិវឌ្ឍន៍ និងវេទិកាមនុស្សធម៌នៅកម្ពុជា ដែលបានជ្រើសរើសយក ឃុំមានជ័យ ជាតំបន់គោលដៅ នៃការសាកល្បងអនុវត្តន៍គម្រោង អ្នកស្ម័គ្រចិត្តជួយសង្រ្គោះប្រជាពលរដ្ឋ ពេលមានទឹកជំនន់ដែលមានការគាំទ្រថវិកាពី USAID។ លោកថា «នេះជាលើកទី២ ដែលរូបខ្ញុំបាទបានចូលរួមក្នុងសកម្មភាពនៃគម្រោង ដែលប្រកាសបើកគម្រោងនៅសាលាឃុំមានជ័យ និងលើកនេះ ក្នុងកម្មវិធីយុទ្ធនាការផ្សព្វផ្សាយអប់រំពីទឹកជំនន់។ ចាប់តាំងពីព្យុះកេតសាណា ឆ្នាំ២០០៩ មក ស្រុកសណ្តាន់យើងតែងតែជួបគ្រោះមហន្តរាយមិនដែលដាច់ គ្រាន់តែតិច និងច្រើនដូចជា៖ ទឹកជំនន់ឆ្នាំ២០១១ ជំនន់ឆ្នាំ២០១៣ និងគ្រោះរាំងស្ងួតឆ្នាំ២០១៦។ មុខសញ្ញានៃគ្រោះមហន្តរាយក្នុងស្រុកយើងនេះ មានទឹកជំនន់ រាំងស្ងួត ខ្យល់ព្យុះ និងរន្ទះបាញ់ជាដើម»។
លោក ស ប៉ាហូ បានថ្លែងអំណរគុណមជ្ឈមណ្ឌលត្រៀមបង្ការគ្រោះមហន្តរាយអាស៊ី សហការជាមួយអង្គការវេទិកាមនុស្សធម៌កម្ពុជា និងអង្គការសកម្មភាពដើម្បី អភិវឌ្ឍន៍ព្រមទំាងអាជ្ញាធរ និងអ្នកស្ម័ក្រចិត្ត ដែលបានសហការជួយប្រជាពលរដ្ឋពេលមានទឹកជំនន់ ដែលបានចងក្រង និងធ្វើការពង្រឹងបន្ថែមលើសមត្ថភាពសហគមន៍ ដែលមានស្រាប់ ឲ្យកាន់តែមានបទពិសោធន៍ ចំណេះដឹង និងជំនាញក្នុងការងារជួយដល់ប្រជាពលរដ្ឋរបស់យើង ឲ្យរួចចាកផុតពីគ្រោះមហន្តរាយនានា ដែលកើតមានឡើងជាយថាហេតុ។
លោកបានបញ្ជាក់ថា «ដូចដែលយើងដឹងហើយថា គ្រោះមហន្តរាយកើតឡើងតែងតែ បំផ្លិតបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ សំណង់អាគារ សាលារៀន ផ្ទះសំបែង ទីសាធារណៈ បំផ្លាញដំណាំ បាត់បងជីវិតមនុស្ស សត្វ ធ្វើឲ្យបរិស្ថានកង្វក់ បង្កជាជំងឺរាគរួស និងធ្វើឲ្យរាំងស្ទះដល់ដំណើរការអភិវឌ្ឍន៍ក្នុងភូមិឃុំ ដែលជាកត្តាប្រឈមខ្លាំងសម្រាប់ការអភិវឌ្ឍន៍»។
លោកបានបន្ថែមថា អ្នកដែលងាយរងគ្រោះជាងគេនោះ គឺស្រ្តី កុមារ ចាស់ជរា និងជនពិកា។ គ្រោះមហន្តរាយយើងមិនអាចកាត់បន្ថយ ឬទប់ស្កាត់បានទេ តែយើងអាចធ្វើការត្រៀមបង្ការ ឬបន្ថូរបន្ថយភាពរងគ្រោះរបស់យើងបាន ដែលយើងត្រូវត្រៀមពីមុនពេល កំឡុងពេល និងក្រោយពេលគ្រោះមហន្តរាយជាដើម។
អ្នកស្ម័គ្រចិត្តជួយសង្រ្គោះប្រជាពលរដ្ឋពេលមានទឹកជំនន់ ជាយន្តការមួយជំនួយឲ្យយន្តការ ដែលមានស្រាប់សម្រាប់ជួយពង្រឹងលទ្ធភាព ដល់ប្រជាពលរដ្ឋក្នុងឃុំមានជ័យទាំងមូល អាចបញ្ជៀសបាននូវផលប៉ះពាល់ពីគ្រោះមហន្តរាយនានាបាន ជាពិសេសទឹកជំនន់ តាមរយៈការស្វែងរកព័ត៌មាន ពីគ្រោះមហន្តរាយដែលមានប្រព័ន្ធទូរស័ព្ទ១២៩៤ តាមរយៈវិទ្យុ ទូរទស្សន៍ និងប្រព័ន្ធព៍ត៌មានសង្គមជាដើម។
ចុងក្រោយលោកសង្ឃឹមយ៉ាងមុតមាំថា ក្រុមការងារនេះ និងមានសមត្ថភាព លទ្ធភាព ក្នុងការប្រមូលចែកចាយព័ត៌មាន និងការជួយសង្គ្រោះប្រជាជនយើងបានល្អ ក្នុងពេលខាងមុខនេះ៕