(ពោធិ៍សាត់)៖ អភិបាលខេត្តពោធិ៍សាត់លោក ម៉ៅ ធនិន នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧នេះ បាននិងកំពុងសម្របសម្រួលដោះស្រាយទំនាស់ដីធ្លី និងទំនាស់ខ្ចីប្រាក់ ចំនួន៥ករណីផ្សេងគ្នា ទៅតាមសំណូមពររបស់ប្រជាពលរដ្ឋ ក្នុងស្រុកភ្នំក្រវាញ ស្របតាមយុទ្ធសាស្ត្រឈ្នះឈ្នះរបស់រាជរដ្ឋាភិបាលដោយ «គ្មានអ្នកចាញ់ គឺឈ្នះទាំងអស់គ្នា»។
កិច្ចដំណោះស្រាយទំនាស់ដីធ្លីជាលក្ខណៈគ្រួសារខាងលើនេះ ត្រូវបានធ្វើឡើងនៅសាលប្រជុំសាលាស្រុកភ្នំក្រវាញ ដោយបានការចូលរួមពីលោក សូ សាហុង អភិបាលនៃគណៈអភិបាលស្រុក លោកប្រធានភូមិបាលស្រុក មេឃុំ និងភាគីដែលមានការពាក់ព័ន្ធជាច្រើនរូបផ្សេងទៀត។
ថ្លែងក្នុងកិច្ចដំណោះស្រាយទំនាស់ដីធ្លី និងទំនាស់ខ្ចីប្រាក់ ទាំង៥ករណីខាងលើនេះ លោក ម៉ៅ ធនិន បានប្រាប់ភាគីដែលពាក់ព័ន្ធទាំងអស់ថា ដើម្បីដោះស្រាយបញ្ចប់ទំនាស់នេះ ប្រកបដោយប្រសិទ្ធភាព ដោយគ្មានអ្នកចាញ់ គឺឈ្នះទាំងអស់គ្នា ស្របតាមគោលនយោបាយឈ្នះឈ្នះ របស់រាជរដ្ឋាភិបាលកម្ពុជា តម្រូវឲ្យភាគីទាំងសងខាង បើកចិត្តឲ្យទូលាយ និយាយដោយភាពស្មោះត្រង់ត្រឹមត្រូវ អ្នកខុសត្រូវទទួលខុស ហើយត្រូវសម្បទានគ្នាទៅវិញទៅមក។
លោកអភិបាលខេត្ត បានលើកឡើងថា «លុយ និងទ្រព្យសម្បត្តិ យើងអាចរកមកពេលណាក៏បាន គ្រាន់តែយូរហើយនឹងឆាប់ ក៏ប៉ុន្តែចំណងមិត្តភាព រវាងបងប្អូនកូនក្មួយ និងអ្នកភូមិផងរបងជាមួយ គឺមានជារៀងរហូត បើបងប្អូននៅតែបន្ត គឺគ្មានអ្វីដែលនៅសេសសល់នោះទេ វាអស់ទៅថវិកា និងពេលវេលា តែបើបងប្អូនយល់ព្រមតាម ការសម្របសម្រួល និងស្រុះស្រួលគ្នាហើយនោះ ខ្ញុំនឹងបញ្ចប់ទំនាស់នេះចាប់ពីពេលនេះតទៅ»។
ផ្អែកតាមយន្តការដោះស្រាយដ៏មានប្រសិទ្ធិភាព និងជឿជាក់បំផុត របស់លោក ម៉ៅ ធនិន បានធ្វើឲ្យភាគីទាំងសងខាងយល់ព្រម និងពេញចិត្តទទួល ព្រមទាំងបានដកពាក្យបណ្តឹងវិញ ដើម្បីបញ្ចប់ទំនាស់នេះ ចាប់ពីពេលនេះតទៅ។ ជាមួយគ្នានោះ លោក ម៉ៅ ធនិន បានអំពាវនាវឲ្យប្រជាពលរដ្ឋដែលគ្រប់អាយុបោះឆ្នោត សូមទៅចូលរួមចុះឈ្មោះបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ អាណត្តិទី៦ ឲ្យបានគ្រប់ៗគ្នា ដែលការចាប់ផ្តើមចុះឈ្មោះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧ នៅតាមឃុំសង្កាត់នីមួយៗ។
ប្រជាពលរដ្ឋដែលជាភាគីទំនាស់ និងសាក្សីនៅទីនោះ បានសម្តែងនូវទឹកចិត្តសប្បាយរីករាយ ព្រមទាំងបានថ្លែងអំណរគុណ ចំពោះការយកចិត្តទុកដាក់ និងចំណាយពេលវេលាដ៏មានតម្លៃ របស់លោកអភិបាលខេត្ត ក្នុងចំណាត់ការដោះស្រាយ ទំនាស់ដ៏រ៉ាំរ៉ៃនេះ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ព្រមទាំងបានសន្យាថា នឹងគាំទ្រយន្តការរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជារៀងរហូត៕