(រតនគិរី)៖ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ បានស្ទាក់ចាប់រថយន្ត២គ្រឿង លួចដឹកឈើប្រណិត ខណៈបើកចូលក្រុងបានលុង ត្រង់ចំណុចផ្លូវឡើងចំណោទ មុខវត្តភ្នំស្វាយស្ថិតក្នុងភូមិ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរនគិរី។

មន្រ្តីនគរបាលដែលចុះប្រតិបត្តិការបង្ក្រាបរថយន្តដឹកឈើខាងលើនេះ បានប្រាប់ថា បន្ទាប់ពីមានសេចក្តីរាយការណ៍ ពីកម្លាំងសម្ងាត់ថា រថយន្តខាងលើនេះ បន្លំដឹកឈើចូលក្រុងបានលុងនោះ លោកវរសេនីយ៍ឯក នូវ ដារ៉ា នាយការិយាប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត បានបញ្ជាឲ្យកម្លាំងក្រោមឱវាទ តាមឃ្លាំមើលរួចស្ទាក់ចាប់ត្រួតពិនិត្យឃើញ មានឈើប្រណិតជាច្រើនដុំ ប៉ុន្តែភ្លាមៗនោះដែរ អ្នកបើករថយន្តបានរត់គេចខ្លួនបាត់។

សមត្ថកិច្ចនគរបាលប្រាប់បន្តថា ក្រុមអ្នកដឹកឈើនេះប្រើរូបភាពបន្លំភ្នែកធ្វើ ជាខូចហើយសណ្តោងគ្នា ដោយរថយន្តសណ្តោងម៉ាកកាមរីស្វិត ពណ៌ក្រហមស្លាកលេខ ភ្នំពេញ 2B-4860 និងរថយន្តមួយគ្រឿងទៀត នៅក្រោយម៉ាកវិសស្តារ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ កំពង់ចាម2A-2794។

នគរបាលបានប្រគល់ប្រគល់វត្ថុតាងបទល្មើសទាំងនេះ ឲ្យមន្ត្រីរដ្ឋបាលព្រៃឈើ ចាត់ការបន្តនៅព្រឹកថ្ងៃដដែលនេះដែរ។ សមត្ថកិច្ចកិច្ចក៏លួចបង្ហើបផងដែរថា ទីតាំងស្តុកឈើប្រណិត សម្រាប់ចែកចាយ គឺនៅក្នុងក្រុមហ៊ុនដូងប្រេង ស្ថិតក្នុងឃុំស្រែអង្ក្រង ស្រុកកូនមុំ ខេត្តរនគិរី៕