(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧នេះ មន្ទីរពេទ្យជោរៃភ្នំពេញ បានរៀបចំកម្មវិធីពិនិត្យ និងព្យាបាលជំងឺឈឺក្បាល រួមទាំងផ្តល់ថ្នាំព្យាបាលដោយឥតគិតថ្លៃ ជូនអ្នកជំងឺទៀតផង ដោយមានការពិនិត្យព្យាបាលដោយវេជ្ជបណ្ឌិតឯកទេសផ្នែកក្បាលមកពីប្រទេសវៀតណាមផងដែរ។
បន្ទាប់ពីកម្មវិធីពិនិត្យព្យាបាល ជំងឺដោយឥតគិតថ្លៃប្រចាំខែវគ្គមុន សម្រាប់វគ្គនេះ មន្ទីរពេទ្យជោរៃភ្នំពេញ សហការជាមួយក្រុមហ៊ុនឱសថ DHG pharma បានរៀបចំកម្មវិធីពិនិត្យ និងព្យាបាកជំងឺឈឺក្បាល ដោយឥតគិតថ្លៃសម្រាប់អ្នកជំងឺថ្មី៥០នាក់ដំបូង ក្នុងរយៈពេល១ថ្ងៃ ដោយវេជ្ជបណ្ឌិត ឡេ ហុង មិញ ឯកទេសព្យាបាលជំងឺឈឺក្បាល មានបទពិសោធន៍ ខ្ពស់ មកពីមន្ទីរពេទ្យជោរៃ ទីក្រុងហូវជីមិញ ប្រទេសវៀតណាម។
លោកវេជ្ជបណ្ឌិត ឡេ ហុង មិញ ឯកទេសព្យាបាលជំងឺឈឺក្បាល បានឲ្យដឹងថា ការឈឺក្បាលបណ្ដាលមកពីកត្តាច្រើនយ៉ាងដូចជាកត្តា កន្រ្ដាក់នៃសសៃឈាមខួរក្បាល, បញ្ហាកម្លាំងសាច់ដុំ, ការគិតច្រើន, បណ្ដាលមកពីប្រព័ន្ធសសៃប្រសាទនៃសសៃកភ្ញោកនិងបណ្ដាលពីជំងឺលើសឈាមផងដែរ។
លោកបន្ដទៀតថា បញ្ហាឈឺក្បាលនេះយើងចែកជាពីក្រុមធំៗរួមមានទី១, ការប៉ះទង្គិតផ្នែកណាមួយនៃក្បាល និងការឈឺក្បាលដោយមិនមានការប៉ះទង្គិច។ មួយវិញទៀត សម្រាប់អ្នកជំងឺឈឺក្បាលដែលមានឈាមហូរតាមច្រមុះនោះមិនប្រាកដថា បណ្ដាលមកពីការដុះសាច់ក្នុងខួរក្បាលនោះទេ គឺយើងត្រូវពិនិត្យមើលទៅលើបញ្ហាត្រចៀក ច្រមុះ បំពង់ក ឬការឡើងឈាមខ្លាំងព្រោះបណ្ដាលមកពីអាការៈទាំងនេះ។
ការបង្ការកុំឲ្យកើតជំងឺឈឺក្បាល យើងត្រូវផ្លាស់ប្ដូររបបអាហារ, ផ្លាស់ប្ដូរទម្លាប់រស់នៅ ការគេងជាដើម, និងការគិតច្រើន ដើម្បីកុំឲ្យមានបញ្ហាស្រ្ដេសបណ្ដាលឲ្យឈឺក្បាលនោះ ហើយការហាត់ប្រាណគឺជារឿងល្អមួយក្នុងការកាត់បន្ថយការឈឺក្បាល។ នេះបើតាមលោក វេជ្ជបណ្ឌិតបានបញ្ជាក់បន្ថែម។
សូមបញ្ជាក់ថា នេះជាកម្មវិធីមនុស្សធម៌ដ៏មានអត្ថន័យរបស់មន្ទីរពេទ្យជោរៃភ្នំពេញ និងក្រុមហ៊ុនឱសថ DHH pharma ចូលរួមចំណែកលើកកម្ពស់សុខុមាលភាពជូនប្រជាជនកម្ពុជា ឲ្យមានឱកាសទទួលបានការថែទាំសុខភាពប្រកបដោយគុណភាព ពីសំណាក់វេជ្ជបណ្ឌិតឯកទេសវៀតណាម ដែលមានបទពិសោធន៍ខ្ពស់ រួមជាមួយសម្ភារៈបរិក្ខាពេទ្យទំនើប ដែលមានបំពាក់នៅមន្ទីរពេទ្យជោរៃភ្នំពេញ ។ ជាងនេះទៅទៀត គឺជួយឲ្យប្រជាពលរដ្ឋ យល់តែកាន់តែច្បាស់ពីសារសំខាន់ នៃការថែទាំសុខភាពរបស់ខ្លួន ដើម្បីជ្រើសរើស វិធីព្យាបាល សមស្របបំផុត ។
សូមរំលឹកថា កម្មវិធីពិនិត្យព្យាបាលជំងឺសប្បុរសធម៌ស្រដៀងគ្នានេះ នឹងមានរៀបចំជារៀងរាល់ខែ ជាមួយអ្នកឯកទេសផ្សេងៗគ្នា៕