Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ភ្ញាក់ផ្អើលពេញផ្សារក្រចេះ មានស្រ្ដីម្នាក់ស្រែកយំ ក្រោយបាត់កូនស្រីអាយុ៣ឆ្នាំ, មានគេឃើញថា មានស្រី្ដម្នាក់នាំយកទៅបាត់ ខណៈនេះសមត្ថកិច្ចកំពុងស្រាវជ្រាវ

27-07-2017 11:05

(ក្រចេះ)៖ នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧នេះ មានករណីបាត់ក្មេងមួយបានកើតឡើង បណ្ដាលឲ្យមានការភ្ញាក់ផ្អើលពេញ ផ្សារក្រចេះ ទីរួមខេត្តក្រចេះ បន្ទាប់ពីមានស្រ្ដីម្នាក់បានស្រែទ្រហោយំ ក្រោយបាត់កូនស្រីរបស់ខ្លួន អាយុទើបតែ៣ឆ្នាំ ខណៈបានដើរ ចូលផ្សារ ហើយឲ្យកូនស្រីនៅចាំម៉ូតូនៅខាងក្រៅផ្សារតែម្នាក់ឯង។

សមត្ថកិច្ចមូលដ្ឋានបានប្រាប់ភ្នាក់ងារ Fresh Newsថា ស្រ្ដីជាម្តាយខាងលើនេះមានឈ្មោះ ស៊ីន សូនីតា អាយុ៤៨ឆ្នាំនិងកូនស្រីដែល បានបាត់ មានឈ្មោះ អ៊ិន ព្រហ្មដាលីស អាយុ៣ឆ្នាំ អ្នកទាំងពីររស់នៅ ភូមិស្រែស្ដៅ សង្កាត់អូរឫស្សី ក្រុងក្រចេះ។

តាមការរៀបរាប់របស់ស្រ្ដីរូបនោះបានឲ្យដឹងថា មុនកើតហេតុ គាត់បានឌុបកូនស្រីមកផ្សារដើម្បីទិញម្ហូប ហើយក៏ឲ្យកូនស្រីអង្គុយចាំ ម៉ូតូតែម្នាក់ឯង នៅឯខាងក្រៅផ្សារ បន្ទាប់គាត់ក៏បានចូលផ្សារបានតែមួយភ្លែត ក៏ស្រាប់តែចេញពីផ្សារវិញ មិនបានឃើញកូនស្រី ទើបបង្កឲ្យមានការភ្ញាក់ផ្អើលស្រែកទ្រហោយំ ផ្អើលពេញផ្សារតែម្ដង។

បើតាមសាក្សីនៅជិតកន្លែងកើតហេតុ បាននិយាយថា គេបានឃើញស្រ្ដីម្នាក់ បាននាំក្មេងស្រីនោះនាំទៅជាមួយ ដោយគេមិនបានចាប់ អារម្មណ៍ថា ស្រ្ដីរូបនេះ មិនមែនជាម្ដាយរបស់ក្មេងនោះទេ។

ជុំវិញនិងករណីខាងលើ សមត្ថកិច្ចកំពុងសួរនាំស្រ្ដីជាម្ដាយក្មេងស្រី នៅឯអធិការដ្ឋាននគរបាលក្រុងក្រចេះ ដើម្បីធ្វើការស្រាវជ្រាវចំពោះ ករណីនេះ ព្រមទាំងធ្វើការឆែកនៅតាមកាមេរ៉ាសុវត្ថិភាពនៅជុំវិញកន្លែងកើតហេតុផងដែរ៕