(ស្ទឹងត្រែង)៖ រដ្ឋបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧នេះ បានប្រកាសជូនដំណឹងឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់នៅក្នុងខេត្ត បង្កើនការយកចិត្ត ទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយហេតុ ដោយសារគ្រោះទឹកជំនន់ បន្ទាប់ពីភ្លៀងបានបន្តធ្លាក់ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះជាប់ៗគ្នា។
រដ្ឋបាលខេត្តស្ទឹងត្រែង បានស្នើឲ្យប្រជាពលរដ្ឋ និងអាណាព្យាបាលប្រយ័ត្នចំពោះ ក្មេងតូចៗ កុំលេងទឹក ត្រៀមរៀបចំសម្ភារចាំបាច់មួយចំនួន ដូចជាមធ្យោបាយធ្វើដំណើរ ដូចជាស្បៀងអាហារ នឹងសត្វពាហនៈជាដើម។
ជាមួយគ្នានេះរដ្ឋបាលខេត្ត ក៏បានប្រកាសជូនពលរដ្ឋឲ្យបានជ្រាបអំពីស្ថានភាពទឹកភ្លៀង នៅតែបន្តធ្លាក់រយៈពេលប៉ុន្មានថ្ងៃ នៅទូទាំងភូមិឃុំស្រុកក្រុង ក្នុងខេត្តស្ទឹងត្រែង ដែលបានបង្កឲ្យភូមិមួយចំនួនស្ថិតនៅតាមដងទន្លេដូចជាទន្លេមេគង្គ ,ទន្លេសេគង្គ, ទន្លេសេសាន ទន្លេស្រែពក នឹងនៅតាមដៃរអូធំៗ ប្រឈមការជន់លិច ហើយប្រជាពលរដ្ឋអាចនឹងទៅរកទីទួលដែលខ្ពស់ៗ។
តាមរយៈសេចក្តីជូនដំណឹងរបស់ខ្លួន ក្រសួងធនធានទឹក ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ នៅតំបន់ទំនាបកណ្ដាល មានរាជធានីភ្នំពេញ ព្រៃវែង ស្វាយរៀង កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង សៀមរាប និងកំពង់ធំ ដែលខ្យល់កន្ដ្រាក់មានល្បឿនពី ១២-១៤ម៉ែត្រ ក្នុងមួយវិនាទី។ តំបន់ខ្ពង់រាប ខេត្តរតនគិរី ស្ទឹងត្រែង ព្រះវិហារ និងឧត្តរមានជ័យ ខ្យល់កន្ដ្រាក់មានល្បឿនពី ៨-១០ម៉ែត្រ ក្នុងមួយវិនាទី។ តំបន់មាត់សមុទ្រ ពិសេសនៅខេត្តកោះកុង ខ្យល់កន្ដ្រាក់មានល្បឿនពី១៣-១៥ម៉ែត្រ ក្នុងមួយវិនាទី និងរលកសមុទ្រកំពស់១.៥០-២.៥០ម៉ែត្រ។ តំបន់ទាំងអស់នេះ នឹងមានភ្លៀងធ្លាក់ខ្លាំងផងដែរ។
ហេតុដូច្នេះហើយ ចាប់ពីថ្ងៃទី២៥-២៧ ខែកក្កដា ឆ្នាំ២០១៧ សូមបងប្អូនប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រទាំងអស់ បង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់បំផុត ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតឡើងជាយថាហេតុ។ ដោយឡែក ប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេមេគង្គលើ ទន្លេសេសាន សេកុង ស្រែពក ព្រមទាំងផ្លូវទឹកនានាក្នុងតំបន់ខ្ពង់រាប សូមបង្កើនការយកចិត្តទុកដាក់ចំពោះស្ថានភាពទឹកជំនន់ ដែលនឹងហក់ឡើងក្នុងពេលដ៏ខ្លីខាងមុខនេះ៕