Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា៖ ការឈប់ និងចតយានយន្ត តាមដងផ្លូវល្មើស ប្រឈមនឹងការផាកពិន័យពី ២៥,០០០រៀល ដល់ ៥ម៉ឺនរៀល ឬឃាត់រថយន្តទុក! (Video inside)

27-07-2017 10:13

(ភ្នំពេញ)៖ ដោយមានការណែនាំ ពីនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាន នគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នឹងសហការជាមួយស្នងការដ្ឋាន នគរបាលរាជធានី ភ្នំពេញ ចុះពិន័យម្ចាស់យានជំនិះ ទាំងឡាយណាដែលឈប់ ឬចតយានជំនិះលើទ្រូវថ្នល់ បំពានច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។

លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា បានបញ្ជាក់ប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី២៧ ខែកក្កដានេះថា នគរបាលចរាចរណ៍ នឹងចុះពិន័យម្ចាស់យានជំនិះ ទាំងឡាយណាដែលឈប់ ឬចតយានជំនិះលើទ្រូវថ្នល់ បំពានច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ត្រង់មាត្រា ២៣មានដូចជា៖ ការឈប់ ឬចតយានជំនិះ បង្កការរំខានដល់យានជំនិះផ្សេងទៀត ដែលកំពុងធ្វើចរាចរណ៍ ការឈប់ឬចតលើទ្រូវផ្លូវ ចិញ្ចើមផ្លូវដែលទុកបម្រុងឲ្យថ្មើជើង ការឈប់ឬចតនៅជិតបង្គោលភ្លើង ឬផ្លាកសញ្ញាចរាចរណ៍ ដែលធ្វើឲ្យបាំងភ្នែក ការឈប់ ឬចតដែលធ្វើឲ្យរាំងស្ទះ ដល់ច្រកចេញចូល ការចត ឬការឈប់នៃយានដទៃទៀត នៅកន្លែងដែលមានសញ្ញាហាមឈប់ ឬហាមចត នៅលើទ្រូងផ្លូវថ្នល់លើសពី ២៤ម៉ោង នៅជិតផ្លូវប្រសព្វឬផ្លូវបត់ ។ល។

លោកឧត្តមសេនីយ៍ឯក បញ្ជាក់បន្ថែមទៀតថា យានល្មើសនឹងទទួលរងការពិន័យពី ២៥,០០០រៀល ទៅ៥០,០០០រៀល តាមប្រភេទយាន ឬឃាត់ទុកមិនឲ្យធ្វើចរាចរណ៍ តាមមាត្រា៦៦ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។

លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា សូមអំពាវនាវប្រជាពលរដ្ឋទាំងអស់ សូមចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកពិសេស មិនត្រូវឈប់ ឬចតយានជំនិះរបស់ខ្លួនរំខានដល់យានជំនិះផ្សេងទៀតឡើយ ដើម្បីចូលរួមកាត់បន្ថយការកកស្ទះចរាចរណ៍ និងគ្រោះថ្នាក់ចរាចរណ៍៕