(សៀមរាប)៖ នាយកដ្ឋាននគរបាលការពារបេតិកភណ្ឌ នៃក្រសួងមហាផ្ទៃ បានជួបពិភាក្សាគ្នាជាមួយអាជ្ញាធរអប្សរា នៅដើមសប្តាហ៍នេះ ដើម្បីរួមគ្នាទប់ស្កាត់សកម្មភាព អនាធិបតេយ្យមួយចំនួន ដែលកើតមានឡើងនៅតំបន់អង្គរ ក្នុងនោះរួមទាំងការទប់ស្កាត់ការបង្ហោះ Drone និងសង់សំណង់ខុសច្បាប់ជាដើម។
លោកឧត្តមសេនីយ៍ទោ លី ឡាយ ប្រធាននាយកដ្ឋាននគរបាលការពារបេតិកភណ្ឌ ក្រសួងមហាផ្ទៃ បានថ្លែងឲ្យដឹងថា អនុវត្តតាមគោល នយោបាយរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងមហាផ្ទៃ និងដោយទទួលបានបទបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ លោកបានដឹកនាំ អនុប្រធាននាយកដ្ឋាន មួយចំនួន និងប្រធានអង្គភាពប្រចាំតំបន់អង្គរជួបប្រជុំ ប្រកបដោយផ្លែផ្កាជាមួយអាជ្ញាធរជាតិអប្សរា ដែលដឹកនាំដោយលោក សុខ សង្វារ អគ្គនាយករងអជ្ញាធរជាតិអប្សរា ដើម្បីទប់ស្កាត់ សកម្មភាពអនាធិបតេយ្យមួយចំនួន ដែលអាចកើតមានឡើងនៅតំបន់អង្គរ។
លោកឧត្តមសេនីយ៍ លី ឡាយ បានបញ្ជាក់ថា «នេះជាលទ្ធផលជំនួបលើកទី៤ រវាងនាយកដ្ឋាននគរបាលការពារបេតិកភណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ ជាមួយអាជ្ញាធរជាតិអប្សរា ហើយយើងបានផ្តោតសំខាន់លើបញ្ហាចំនួន៤រួមមាន៖ ទី១-វិធានការបង្ការ ទប់ស្កាត់ការបង្ហោះ Drone និងឧបករណ៍ផ្សេងៗទៀតនៅតំបន់អង្គរ និងនៅតាមតំបន់រម្មណីយដ្ឋាននានា ទី២-វិធានការទប់ស្កាត់ និងបង្ក្រាបសំណង់ខុសច្បាប់មួយចំនួនដែលបាន និងកំពុងកើតមាននៅតំបន់ហាមឃាត់ នៃរម្មណីយដ្ឋានអង្គរ ទី៣-បង្កើតគណៈកម្មការ សហការរៀបចំសណ្តាប់ធ្នាប់ ការលក់ដូររបស់បងប្អូនអាជីវករ នៅមុខប្រាសាទអង្គរវត្ត និងតំបន់មួយចំនួនទៀត ឲ្យមានភាពប្រសើរឡើង និងទី៤- បន្តពិភាក្សាលើគម្រោងស្នើសុំរបស់អាជ្ញាធរជាតិអប្សរា ស្តីពីការដោះដូរទីតាំងអង្គភាពនគរបាល ការពារបេតិកភណ្ឌ ប្រចាំតំបន់អង្គរឲ្យបានចេញឃ្លាតឆ្ងាយបន្តិច ពីមុខប្រាសាទអង្គរ៕