Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចតេជោ ហ៊ុន សែន អំពាវនាវឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ ចំពោះជំនន់ទឹកភ្លៀង និងបញ្ជាឲ្យអាជ្ញាធរ កងកម្លាំងសមត្ថកិច្ច និងកាកបាទក្រហម ចុះជួយដល់ប្រជាពលរដ្ឋរងគ្រោះជាបន្ទាន់ (Video inside)

27-07-2017 08:20

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧នេះ តាមរយៈ Facebook របស់សម្តេចបានថ្លែងអំពាវនាវ ឲ្យបងប្អូនប្រជាពលរដ្ឋ នៅរាជធានីភ្នំពេញ និងនៅតាមបណ្តាលខេត្តនានា ត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហាទឹកជំនន់ និងបាតុភូធម្មជាតិផ្សេងៗទៀត ដូចជាខ្យល់ព្យុះ ខ្យល់កន្ត្រាក់។

ជាមួយគ្នានេះសម្តេចតេជោ ក៏បានបញ្ជាឲ្យអាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងកាកបាទក្រហម ចុះជួយសង្គ្រោះបន្ទាន់ ដល់ប្រជាពលរដ្ឋរងគ្រោះផងដែរ។

ការអំពាវនាវ និងដាក់បទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន យ៉ាងដូច្នេះធ្វើឡើងបន្ទាប់ពី រយៈពេលជាងមួយសប្តាហ៍កន្លងមកនេះ មានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ទាំងនៅក្នុងទីក្រុង ភ្នំពេញ និងនៅតាមបណ្តាខេត្តនានា។ ទន្ទឹមនឹងមានភ្លៀងធ្លាក់ ក៏មានខ្យល់ព្យុះ ខ្យល់កន្រ្តាក់ និងទឹក ជំនន់ ដែលបណ្តាលឲ្យជន់លិច និងដាច់ផ្លូវតាមតំបន់មួយចំនួន និងខូចខាតផ្ទះប្រជាពលរដ្ឋនៅតាម ខេត្តមួយចំនួនផងដែរ។

សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា អំពាវនាវយ៉ាងដូច្នេះថា «សូមបងប្អូនប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នខ្ពស់ កុំបណ្តោយកូនចៅឲ្យទៅលេងទឹកនៅខាងក្រៅ តាមស្រះ តាមវាលស្រែ ក្រោមស្ពាន ឬតាមប្រឡាយទឹក ដែលអាចងាយមានគ្រោះថ្នាក់។ សូមបងប្អូនប្រជាពលរដ្ឋ ទំនាក់ទំនងមកអាជ្ញាធរ សមត្ថកិច្ច និងកាកបាទក្រហមជាបន្ទាន់នៅពេលត្រូវ ការជំនួយសង្រ្គោះបន្ទាន់ចាំបាច់នានា។ ទន្ទឹមនឹងនេះ សូមអាជ្ញាធរ និងកងម្លាំងសមត្ថកិច្ចជួយសម្រួល អោយកូនចៅប្រជាពលរដ្ឋ បានទៅសាលារៀនដូចធម្មតា និងចុះជួយសាងសង់លំនៅដ្ឋាន ខូចខាតជូន ប្រជាពលរដ្ឋយើងឲ្យមានជម្រក រស់នៅធម្មតាឡើងវិញ»