(ណាននីង, ក្វាងស៊ី, ចិន)៖ បើទោះបីវិស័យវេជ្ជសាស្រ្តនៅក្នុងប្រទេសចិន មានការរីកចម្រើនជឿនលឿនទៅហើយយ៉ាងណាក្តី តែតម្រូវការនៃការប្រើប្រាស់ឱសថបុរាណរបស់ពលរដ្ឋចិននៅតែពេញនិយម ហើយរដ្ឋាភិបាលចិន នៅតែបន្តជំរុញ និងលើកទឹកចិត្តដល់ការស្រាវ ជ្រាវ និងផលិតឱសថបុរាណ។
នៅក្នុងទីក្រុងណាននីង ខេត្តក្វាងស៊ី ស្ថិតនៅភាគខាងត្បូង ប្រទេសចិន ចម្ងាយជាង ២ពាន់គីឡូម៉ែត្រពីរដ្ឋធានីប៉េកាំងនោះ មជ្ឈមណ្ឌល ស្រាវជ្រាវ និងផលិតឱសថដ៏ធំមួយត្រូវបានបង្កើតសម្រាប់ធ្វើការស្រាវជ្រាវ និងផលិតឱសថបុរាណ។ នៅក្នុងមជ្ឈមណ្ឌលនេះ ថែមទាំងបានបង្កើតជាចំការដាំរុក្ខជាតិសម្រាប់យកមកធ្វើជាឱសថផងដែរ។ ចំការដាំរុក្ខជាតិសម្រាប់ធ្វើឱសថនេះ មានផ្ទៃដីរហូតដល់ជាង ២០០ហិកតា។
ក្នុងដំណើរបំពេញទស្សនកិច្ចនៅក្នុងទីក្រុងណាននីង ខេត្តក្វាងស៊ី នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧នេះ ក្រុមអ្នកព័ត៌មានកម្ពុជា ដែលនាំដោយលោក អ៊ុក គីមសេង អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ត្រូវបានអញ្ជើញទៅទស្សនកិច្ចនៅមជ្ឈមណ្ឌលស្រាវជ្រាវ និង ផលិតឱសថបុរាណដ៏ធំមួយនេះ។
ថ្នាក់គ្រប់គ្រងក្នុងមជ្ឈមណ្ឌលស្រាវជ្រាវឱសថបុរាណចិននៅក្នុងទីក្រុងណាននីង បានរៀបរាប់ពីការងារមួយចំនួនរបស់មជ្ឈមណ្ឌល ដែលមានដូចជាការស្រាវជ្រាវថ្នាំ ការបង្កាត់ពូជរុក្ខជាតិ ការរក្សាគ្រាប់ពូជ ដែលមានជាង ២០ម៉ឺនប្រភេទ។ មជ្ឈមណ្ឌលនេះ ក៏មានតួនាទី ចងក្រងឯកសារផ្សេងពាក់ព័ន្ធការប្រើប្រាស់ថ្នាំ ឈ្មោះថ្នាំ ឈ្មោះរុក្ខជាតិ និងប្រឹក្សាយោបល់នានាជាមួយប្រជាពលរដ្ឋចិននៅទូទាំងពិភពលោកតាមរយៈគេហទំព័រ ពេលដែលពួកគេជួបបញ្ហាក្នុងការប្រើប្រាស់ឱសថបុរាណ។
អ្នកគ្រប់គ្រងក្នុងមជ្ឈមណ្ឌលស្រាវជ្រាវឱសថបុរាណមួយនេះ បានឲ្យដឹងដែរថា មជ្ឈមណ្ឌលស្រាវជ្រាវឱសថបុរាណនេះ គឺមានច្រើនក្នុងប្រទេសចិន ហើយបច្ចុប្បន្នក៏មាននៅក្នុងប្រទេសឡាវផងដែរ។ អ្នកគ្រប់គ្រងរូបនេះ បានគូសបញ្ជាក់ថា ឱសថដែលខ្លួនកំពុងស្រាវជ្រាវ ក៏ដូចជាធ្វើពិសោធន៍មានមួយចំនួន បាននាំពីកម្ពុជាផងដែរ តែមានចំនួនតិចតួចប៉ុណ្ណោះ។
អ្នកគ្រប់គ្រងមជ្ឈមណ្ឌស្រាវជ្រាវឱសថបុរាណមួយនេះ បានថ្លែងថា នៅកម្ពុជាមានរុក្ខជាតិជាច្រើនអាចយកមកផ្សំធ្វើជាឱសថបុរាណ។ លោកស្រីក៏បានបង្ហាញបំណងចង់សហការជាមួយកម្ពុជា ស្រាវជ្រាវទៅលើរុក្ខជាតិ និងបង្កើតជាចំការសម្រាប់ដាំដុះរុក្ខជាតិទាំងនោះធ្វើជា ឱសថបុរាណផងដែរ។
លោក អ៊ុក គីមសេង បានស្វាគមន៍ចំពោះគោលគំនិតដ៏ល្អរបស់មជ្ឈមណ្ឌលស្រាវជ្រាវឱសថបុរាណរបស់ចិន ក្នុងខេត្តក្វាងស៊ី ហើយលោករំពឹងថា តាមរយៈការផ្សព្វផ្សាយរបស់បណ្តាញព័ត៌មាន នឹងមានការចាប់អារម្មណ៍ពីរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងក្រសួងពាក់ព័ន្ធ ដើម្បីពិចារណាលើកិច្ចសហប្រតិបត្តិការនេះ៕