(កណ្ដាល)៖ លោកបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអំពាវនាវទៅដល់កម្លាំងសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ ពិសេសកម្លាំងនគរបាលទេសចរណ៍ ត្រូវចូលរួមពង្រឹងប្រព័ន្ធសុវត្ថិភាព និងការពារសន្តិសុខជូនទេសចរជាតិ-អន្តរជាតិ ទោះពេលថ្ងៃក្ដី ឬពេលយប់ក្ដី និងជួយសម្របសម្រួលរាល់បញ្ហាមួយចំនួនជាមួយពួកគេ ទាំងពេលធ្វើដំណើរទៅមក និងពេលដើរកម្សាន្ត។
លោករដ្ឋមន្រ្តីសំណូមពរបែបនេះ ក្នុងឱកាសអញ្ជើញធ្វើបទបាឋកថាចែករំលែកចំណេះដឹង និងបទពិសោធន៍លើប្រធានបទស្ដីពី យន្តការក្នុងការអភិវឌ្ឍ និងអភិរក្សតំបន់ទេសចរណ៍ធម្មជាតិ និងការការពារសុវត្ថិភាពជូនភ្ញៀវទេសច នៅរាជបណ្ឌិត្យសភានគរបាលកម្ពុជា នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧ ដែលមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងទេសចរណ៍ គ្រូនគរបាលជាតិ មន្ត្រីនគរបាលជាតិ និស្សិត សិក្ខាកាម និងសិស្សនៃរាជបណ្ឌិត្យសភានគរបាលកម្ពុជាប្រមាណ ១,០០០នាក់។
លោករដ្ឋមន្រ្តីថ្លែងថា ខណៈដែលចំនួនភ្ញៀវទេសចរអន្តរជាតិមកទស្សនាកម្ពុជា មានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ពីមួយឆ្នាំទៅមួយឆ្នាំនោះ តំបន់ទស្សនាកម្សាន្ត ក៏កំពុងត្រូវបានពង្រីកជាបន្តបន្ទាប់ផងដែរ។ មួយទៀតសោត ភ្ញៀវទេសចរក៏នៅតែបន្តដំណើរកម្សាន្តរបស់ខ្លួនទៅកាន់តំបន់ឆ្ងាយៗតាមតំបន់ជនបទ តំបន់វប្បធម៌ ធម្មជាតិ បេតិកភណ្ឌ និងតំបន់ទេសចរណ៍ជាច្រើនក្នុងប្រទេសកម្ពុជា ខណៈតំបន់ទីក្រុង ពិសេសរាជធានីភ្នំពេញ ក៏កាន់តែសម្បូរភ្ញៀវទេសចរដើរកម្សាន្តកាន់តែច្រើនផងដែរ ទោះដល់ពេលយប់ជ្រៅក៏ដោយ។
លោកថ្លែងយ៉ាងដូច្នេះថា «ទាំងពេលយប់ក្ដី ពេលថ្ងៃក្ដី សូមកម្លាំងសមត្ថកិច្ចកម្ពុជាយើង ជួយការពារសុវត្ថិភាព សន្តិសុខ សណ្ដាប់ធ្នាប់ ជូនភ្ញៀវឲ្យបានល្អប្រសើរ ព្រោះកម្ពុជាយើងត្រូវបានគេដឹងថា មានសុខសន្តិភាព ស្ថិរភាពនយោបាយ ជាគោលដៅទេសចរណ៍ល្អជាងគេលើពិភពលោក កម្ពុជាមានតំបន់ទេសចរណ៍ច្រើនសម្បូរបែប ទើបគេមកលេងមកមើល និងពឹងផ្អែកលើការការពារសន្តិសុខ សុវត្ថិភាពរបស់សមត្ថកិច្ចយើង ដូច្នេះយើងត្រូវធានាជូនគាត់ឲ្យបាន»។
លោករដ្ឋមន្រ្តីបានលើកឡើងពីបទពិសោធន៍ និងយន្តការការងារជាច្រើន ព្រមទាំងការងារអភិវឌ្ឍន៍ និងអភិរក្សតំបន់ទេសចរណ៍ទាំងអំបាលម៉ាននៅកម្ពុជា ប្រាប់ដល់មន្រ្តីនគរបាលនៃរាជបណ្ឌិតសភានគរបាលកម្ពុជាផងដែរ។
លោកក៏បានបរិយាយផងដែរ អំពីការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ខេត្តកំពង់ធំ ក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧ កន្លងទៅ នៅទីក្រុងក្រាកូវ ប្រទេសប៉ូឡូញ ដែលជោគជ័យដ៏ធំនេះ គឺកើតចេញពីការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជាអ្នកដឹកនាំប្រកបដោយគតិបណ្ឌិត និងបានធ្វើឲ្យប្រជាពលរដ្ឋកម្ពុជា មានការត្រេកអរយ៉ាងខ្លាំងជាមួយមោទនភាពនេះ។
តាមរយៈលោក ថោង ខុន មន្រ្តីនគរបាលនៃរាជបណ្ឌិត្យសភានគរបាលកម្ពុជាប្រមាណ ១,០០០នាក់ ក៏បានដឹងផងដែរថា នៅឆ្នាំ២០១៦ កម្ពុជាទទួលបានទេសចរអន្តរជាតិជាង ៥លាននាក់ កើនឡើង ៥ភាគរយ និងនាំប្រាក់ចំណូលប្រមាណ ៣,៤០០លានដុល្លារអាមេរិក ចាក់បញ្ចូលក្នុងសេដ្ឋកិច្ចជាតិ រួមចំណែកប្រមាណ ១៣% នៃផលិតផលក្នុងស្រុកសរុប (GDP) និងបង្កើតការងារដោយផ្ទាល់ប្រមាណជាង ៦២ម៉ឺននាក់។ ក្នុងរយៈពេល៥ខែ ដើមឆ្នាំ២០១៧នេះ ទេសចរអន្តរជាតិមកទស្សនាកម្ពុជាមានប្រមាណ ២.៣លាននាក់ កើនឡើង ១២.៥ភាគរយ។
តាមការព្យាករណ៍ កម្ពុជានឹងទទួលបានទេសចរអន្តរជាតិប្រមាណ ៥.៤លាននាក់ នៅឆ្នាំ២០១៧ និងប្រមាណ ៧លាននាក់ នៅឆ្នាំ២០២០ និងនាំមកនូវចំណូលសរុបប្រមាណ ៥,០០០លានដុល្លារអាមេរិក បង្កើតនូវឱកាសការងារបានប្រមាណ ១លាននាក់៕