(ព្រះសីហនុ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា គិតត្រឹមម៉ោង៧យប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧នេះ ស្ថានភាពទឹកនៅតាមបណ្តោយផ្លូវជាតិលេខ៤ ត្រង់ចំណុចស្ពានសំរោង ស្ថិតក្នុងភូមិសាស្ត្រឃុំអូរបាក់រទេះ ស្រុកកំពង់សីលា បានកើនឡើងដល់កំពស់៦,២០ ម៉ែត្រ គឺស្មើនឹងក្រិតកំពស់ផ្លូវជាតិហើយ ដែលទឹកអាចនឹងបន្តជន់ឡើងហូរកាត់ពីលើផ្លូវជាតិលេខ។
នេះយោងតាមទំព័រ Facebook ផ្លូវការរបស់ក្រសួងធនធានទឹក និងឧតុនិយម ដែលបង្ហោះជាសាធារណៈនៅប៉ុន្មាននាទីមុន។
បន្ថែមពីនេះ ក្រសួងធនធានទឹក សូមបងប្អូនប្រជាពលរដ្ឋ ដែលត្រូវធ្វើដំណើរឆ្លងកាត់ត្រង់ចំណុចខាងលើ បង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្ន ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមាន។
សូមជម្រាបថា ត្រង់ភូមិសាស្ត្រស្រុកកំពង់សីលា ខេត្តព្រះសីហនុ មួយអន្លើរួចមក សមត្ថកិច្ចបានសម្រេចបិទចរាចរណ៍ជាបណ្តោះអាសន្នប្រមាណជាង២ម៉ោង នៅវេលាទាបភ្លឺ ប៉ុន្តែរហូតមកដល់ម៉ោង៩នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧នេះ សមត្ថកិច្ចខេត្តបានបើកចរាចរណ៍លើផ្លូវនេះឡើងវិញហើយ។ នេះបើតាមលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ។
សូមជម្រាបថា បើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា ភ្លៀងនៅបន្តធ្លាក់រហូតដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ ហើយលោកស្នងការ ជួន ណារិន្ទ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ប្រជានេសាទ និងភ្ញៀវទេសចរជាតិ និងអន្តរជាតិទាំងអស់ ចាំបាច់ត្រូវប្រុងប្រយ័ត្នខ្ពស់រាល់ការធ្វើដំណើរ ការនេសាទតាមសមុទ្រ និងការទេសចរណ៍ជាដើម៕