(ភ្នំពេញ)៖ កម្មករសំណង់អាងទឹកនៅក្នុងអាគារខុនដូរ «ប៊ូ ដាវជូ» ចំនួន៣នាក់ កំពុងធ្វើការសុខៗ ស្រាប់តែដួលសន្លប់ ដែលគេមានការសង្ស័យថា ពួកគេពុលថ្នាំបៀកមុខតំណរ និងរ៉ងមិនឲ្យជ្រាបទឹក ហើយនៅក្នុងចំណោមជនរងគ្រោះទាំង៣នាក់នោះ មានម្នាក់បានរងរបួសបែកក្បាល៣ថ្នេរថែមទៀតផង។
ហេតុការណ៍ខាងលើនេះ បង្កឲ្យមានការភ្ញាក់ផ្អើលនៅរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧នេះ នៅក្នុងការដ្ឋានសំណង់អាងទឹកក្នុងអាគារខុនដូរកំពុងសាងសង់ ដែលមានទីតាំងស្ថិតនៅក្នុងភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
មន្ត្រីនគរបាល បានឲ្យដឹងថា ជនរងគ្រោះទាំង៣នាក់នោះរួមមាន ទី១៖ ឈ្មោះ ឈួន ឡា អាយុ១៨ឆ្នាំ ទី២៖ឈ្មោះ ឃីម ចន្ធី អាយុ២០ឆ្នាំ និងទី៣៖ ឈ្មោះ ឆេ រ៉ាវី អាយុ២១ឆ្នាំ។ អ្នកទាំង៣នាក់នោះ មានមុខរបរជាជាងបៀកនិងលាបថ្នាំ ហើយពួកគេស្នាក់នៅក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ពួកគេត្រូវបានបញ្ជូនទៅកាន់ មន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង ដើម្បីសង្គ្រោះបន្ទាន់ភ្លាមៗ ដោយសង្ស័យថា ពួកគេពុលថ្នាំបៀកមុខតំណរនិងរ៉ងមិនឲ្យជ្រាបទឹក។
តាមប្រភពព័ត៌មាន បានឲ្យដឹងថា នៅមុនពេលកើតហេតុកម្មកររងគ្រោះទាំង៣នាក់នេះ បាននាំគ្នាចុះទៅធ្វើការបៀកថ្នាំតាមរ៉ង និងមុខតំណរជញ្ជាំងក្នុងអាងស្តុកទឹក ជម្រៅប្រហែល៥ម៉ែត្រ ព្រមទាំងមុខតំណទុយោ នៅក្នុងអាគារខុនដូរដែលកំពុងសាងសង់ ដោយបានដាក់ជណ្ដើរចុះទៅ ហើយក៏បានដាក់កង្ហារនៅក្នុងនោះ២ទៅ៣គ្រឿង ដើម្បីបក់កុំឲ្យថប់ខ្យល់ថែមទៀតផង។
ប៉ុន្តែខណៈនោះក្លិនថ្នាំបានធំយ៉ាងខ្លាំង ហើយដោយអាងស្តុងទឹកនោះមាត់តូច និងហប់ខ្លាំងមិនអាចឲ្យកង្ហារបក់ឈ្នះ ក៏បណ្ដាលឲ្យកម្មករទាំង៣នាក់នោះ ទ្រាំនិងក្លិនកាវមិនបានដួលសន្លប់ជាបន្តបន្ទាប់តែម្ដង ហើយពួកគេត្រូវបានមិត្តរួមការងារ ជួយនាំទៅសង្គ្រោះបន្ទាន់ភ្លាមៗ ទើបរួចផុតពីការស្លាប់៕