(ស្ទឹងត្រែង)៖ ដោយមានការសង្ស័យទៅលើបន្លែផ្លែឈើ ម្ហូបអាហារតាំងលក់នៅផ្សារខេត្តស្ទឹងត្រែង មានផ្ទុកដោយ សារធាតុគីមី ធ្វើឲ្យប៉ះពាល់សុខភាពសំរាប់អ្នកបរិភោគ មន្រ្តីកាំកុងត្រូលខេត្តបានចុះពិនិត្យបន្លែផ្លែឈើ ម្ហូបអាហារទៅលើទំនិញ៥៦មុខ យកពិនិត្យជាម៉ាស៊ីនស្វ័យប្រវត្តិចល័ត ធ្វើឲ្យការផ្ញាក់ផ្អើលដល់ពលរដ្ឋ និងអាជីករជុំវិញផ្សារ តែរកមិនឃើញមានសារធាតុគីមីនោះទេ។
ការត្រួតពិនិត្យនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចជុំវិញផ្សារសាមគ្គីស្ទឹងត្រែង និងចូលទៅពិនិត្យទំនិញនៅក្នុងផ្សារ ដែលការប្រមូលទំនិញមកពិនិត្យនេះ ភាគច្រើនមន្រ្តីកាំកុងត្រូល ចាប់អារម្មណ៍ទៅលើផ្លែឈើ បន្លែ ជាប្រភេទទំនិញនាំចូលពីប្រទេសជិតខាង ហើយធ្លាប់ល្បីថា ផ្ទុកសារធាតុគីមី មុននាំចូលមកលក់ក្នុងទីផ្សារស្ទឹងត្រែង។
ប្រភេទទំនិញចំនួន៥៦មុខ ក្នុងនោះមានផលិតផលស្ករត្នោត គ្រឿងផ្អាប់ ដែលផលិតក្នុងស្រុក ក៏បានប្រមូលពីការពិនិត្យយ៉ាងត្រឹមត្រូវ របស់មន្រ្តីជំនាញជាមួយ និងម៉ាស៊ីនត្រួតពិនិត្យចល័ត ហើយធ្វើឲ្យអាជីករខ្លះភ័យខ្លាចមានសារធាតុគីមីក្នុងទំនិញរបស់គាត់ ដែលយកមកលក់ក្នុងទីផ្សារ។
លោក គឹម ប្រុស ប្រធានសាខាកាំកុងត្រូលខេត្ត បានឲ្យដឹងថា «ក្រោយពីយើងបាន ច្បិចយកនៅទំនិញសំខាន់ៗ មានម្ហូបអាហារ គ្រឿងឧបភោគបរិភោគចំនួន៥៦មុខ ចូលពិនិត្យក្នុង ម៉ាស៊ីនស្វ័យប្រវត្តិ បានទទួលលទ្ធផលជាគត់សំគាល់ថា ទំនិញ ម្ហូបអាហារផ្លែឈើ នាំចូលមកលក់ ក្នុងផ្សារស្ទឹងត្រែង មិនមានសារធាតិគីមី ធ្វើឲ្យប៉ះពាល់សុខភាពដល់អ្នកប្រើប្រាស់ រឺបរិភោគឡើយ»។ នេះបង្ហាញឲ្យឃើញថា អាជីករស្ទឹងត្រែង មានការយល់ដឹងច្រើន ទៅលើការប៉ះពាល់សុខភាព ដោយគាត់បានលក់តែទំនិញណាដែលគុណភាពជូនអ្នកប្រើប្រាស់។
លោក គឹម ប្រុស បន្តថា កន្លងមកការពិនិត្យគឺរកឃើញសារធាតុគីមី នៅក្នុងម្ហូបអាហារបន្តិចបន្តួចប៉ុណ្ណោះ តែដើម្បីឲ្យកាន់តែសុក្រិតទៀតនោះ ក្រសួងបានបញ្ជូនម៉ាស៊ីនពិនិត្យចល័តខ្នាតធំ មកពិនិត្យច្បាស់លាស់ដើម្បីឲ្យដឹងលទ្ធផលជាក់ស្តែង។
ទោះបីជាពិនិត្យមិនឃើញមានសារធាតុគីមី ប៉ះពាល់សុខភាពអ្នក ប្រើប្រាស់យ៉ាងណាក៏ដោយ ក៏មន្រ្តីជំនាញនៅបន្តយុទ្ធនាការចុះអប់រំអាជីករ និងអ្នកប្រើប្រាស់ និងចុះពិនិត្យទំនិញឲ្យបានញឹកញាប់៕