(ភ្នំពេញ)៖ ភ្លើងស្តុបប្រភេទថ្មី និងទំនើបដែលមានអង្គការចៃកា(JICA) របស់ប្រទេសជប៉ុនជាម្ចាស់គម្រោង​សហការជាមួយមន្ត្រីជំនាញរបស់សាលារាជធានីភ្នំពេញ រៀបចំដាក់នៅតាមដងផ្លូវសំខាន់ៗ​នៅក្នុងទីក្រុងចំនួន​១០០ទីតាំង ហើយបច្ចុប្បន្ន​បានចាប់​ផ្ដើម​ដាក់អោយដំណើរការជាបន្តបន្ទាប់នោះ បានធ្វើអោយអ្នកបើកបរខ្លះមានការរអ៊ូរទាំ ព្រោះតែភ្លើងស្តុបថ្មីនេះបំពេញតួនាទីខុស​ពីភ្លើងស្តុបចាស់ ហើយអ្នកបើកបរខ្លះនៅមិនទាន់ស៊ាំ​នឹងសញ្ញា​ភ្លើងស្តុបថ្មី។

ពាក់ព័ន្ធទៅនឹងការរអ៊ូរទាំងខាងលើនេះ លោក កូហ្សុីម៉ា តាកេហារុ អនុប្រធានចៃកា(JICA) ប្រចាំនៅកម្ពុជាបានថ្លែងប្រាប់​នាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News ខណៈលោកអញ្ជើញ​​ទទួលទានអាហារថ្ងៃត្រង់​ ដើម្បីធ្វើការសំណេះសំណាល ផ្លាស់ប្ដូរព័ត៌មាន និងស្វែងយល់ពីគ្នា​ទៅវិញទៅ​មកនាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧នេះថា តាមពិតភ្លើងស្តុបថ្មី ដែលអង្គការចៃកា សហការជាមួយសាលារាជធានីភ្នំពេញបំពាក់នៅតាមដងផ្លូវនានាមានចំនួន១០០ទីតាំងនេះ គឺជាប្រភេទភ្លើងស្តុបទំនើប ផ្ដល់ផលប្រយោជន៍ច្រើនក្នុងការសម្រួល និងកាត់បន្ថយការកកស្ទះចរាចរនៅតាមដងផ្លូវ ព្រោះតែភ្លើងស្តុបថ្មីនេះ មានមជ្ឈមណ្ឌលរួមមួយសំរាប់បញ្ជារយៈ​ពេលអោយភ្លើងពណ៌នីមួយៗ​លោត​យឺតឬលឿនបាន ព្រោះនៅតាមភ្លើងស្តុបទាំងអស់នោះ មានបំពាក់កាម៉េរា​សំរាប់ចាប់​មើលរូបភាព​នៃសកម្មភាព​ធ្វើចរាចរ​របស់យានយន្ត។ ក្នុងនោះប្រសិនបើដងផ្លូវឬលិញផ្លូវ​​ណាមួយកកស្ទះខ្លាំង អ្នកប្រចាំការនៅមជ្ឈមណ្ឌល​បញ្ជាដែល​មានទីតាំងនៅក្នុង​សាលាក្រុង នឹងបញ្ជាអោយភ្លើងពណ៌ខៀវនៅ​ដងផ្លូវឬលិញផ្លូវនោះ​ដើរយឺត​ ដើម្បីអោយយានយន្តនៅលើផ្លូវនោះ​បើកបរទៅមុខបាន​ច្រើនដើម្បីកាត់បន្ថយ​ការកកស្ទះ។ ដូច្នេះភ្លើងស្តុបថ្មីនេះ​ គឺតម្រូវអោយមានអ្នកប្រចាំការ​ក្នុងការតាមដានត្រួតពិនិត្យ​មើលការធ្វើចរាចរ​នៅលើដងផ្លូវជាប់ជាប្រចាំ។

ដោយឡែកចំពោះការរិះគន់ថាភ្លើងស្តុបថ្មី មិនមានលោតនាទីសំរាប់អ្នកបើកបរងាយមើល​និងប្រុងប្រយ័ត្ននោះ ត្រូវបានលោក កូហ្សុីម៉ា អះអាងថា ប្រសិនបើមានដាក់អោយ​លោតនាទីដូចភ្លើងស្តុបចាស់ នោះការបញ្ជានាទីនៃការធ្វើចរាចរ​នឹង​នាំអោយ​មានការច្របូក​ច្របល់ ព្រោះលេខនាទីនឹងខុសគ្នាជាមួយពណ៌នៃភ្លើងស្តុប ដែលត្រូវលោត។ ក្នុងនោះលោក​អះអាងថាដំបូង អ្នកបើកបរនឹងមាន​ការច្រឡំ ព្រោះធ្លាប់តែប្រើភ្លើងស្តុប​ចាស់ តែប្រើយូរបន្តិច​នឹង​ស៊ាំដូចធម្មតា​វិញហើយ។

លោក កូហ្សុីម៉ា ក៏បាន​អោយ​ដឹងបន្ថែមថា តាមការចុះអង្កេតនៅតាមដងផ្លូវដែលដាក់​អោយដំណើរការភ្លើងស្តុបថ្មី ឃើញថាការធ្វើចរាចរ​មាន​​ភាពរលូនជាងមុន អាចកាត់បន្ថយការកកស្ទះបាន​ច្រើនជាងមុន ដូចជានៅត្រង់ចំណុចស្តុបអគារ៤២​ជាន់​(ស្តុបពេទ្យចិន)​ជាដើម។

សូមបញ្ជាក់ថាសកម្មភាពបំពាក់ភ្លើង​ស្តុបប្រភេទថ្មីចំនួន១០០ទីតាំង​ដែលសិក្សាគ្រោង​ដោយចៃកា(JICA) សហការជាមួយ​សាលារាជ​ធានីភ្នំពេញ និងចំណាយថវិកាដោយរាជរដ្ឋាភិបាលជប៉ុន​ក្នុងទឹកប្រាក់ចំនួន១៧លានដុល្លារនេះ គឺបានដំណើរការអស់រយៈ​ពេលមួយឆ្នាំ​មកហើយ។

តាមការអះអាងរបស់លោក កូហ្សុីម៉ា បច្ចុប្បន្នការបំពាក់ភ្លើងស្តុបនេះ បានដំណើរការសកម្មភាព​ការងារ​បានប្រមាណ​ជាង៥០ភាគរយ​ហើយ។ ក្នុងនោះតាមគម្រោង ការងារបំពាក់ភ្លើងស្តុបថ្មី នឹងត្រូវបញ្ចប់នៅក្នុងខែមីនា ឆ្នាំ២០១៨ខាងមុខនេះ។ លោកក៏បានបញ្ជាក់​បន្ថែមទៀតថា ក្នុងមួយឆ្នាំៗរាជរដ្ឋាភិបាលជប៉ុន​បានផ្ដល់ជំនួយមកអោយប្រទេសកម្ពុជាតាមរយៈអង្គការ​JICA មានទឹកប្រាក់​ក្នុងរង្វង់១០០លាន​ដុល្លារឯណោះ៕


តំណាងអង្គការចៃកា(JICA) និងតំណាងអង្គភាពព័ត៌មាន Fresh News ថតរូបទុកជាអនុស្សាវរីយ៏ ខណៈជួបសំណេះសំណាល ផ្លាស់ប្ដូរព័ត៌មាន និងពិសាអាហារថ្ងៃត្រង់ជាមួយគ្នា