(សៀមរាប)៖ លោកស្រី គួយ ណាលីន ឃឹម ប៊ុនសុង អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប និងសហការី នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧នេះ អញ្ជើញចុះប្រគល់ផ្ទះមនុស្សធម៌ទី២៦ មានទំហំ ៤ម៉ែត្រ គុណ៦ម៉ែត្រ ធ្វើពីឈើ ប្រក់ស័ង្កសី ជូនគ្រួសារអ្នកមីង ម៉ោញ ប៉ែត អាយុ៤៤ឆ្នាំ ជាស្ត្រីមេម៉ាយ ទីទ័លក្រខ្លាំង មានជំងឺប្រចាំកាយ និងមានកូនច្រើនក្នុងបន្ទុក បច្ចុប្បន្នដើរស៊ីឈ្លួលគេ រស់នៅភូមិរំចេក ឃុំរំចេក ស្រុកបន្ទាយស្រី។
ផ្ទះមនុស្សធម៌នេះ បានការជួយឧបត្ថម្ភពី លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប និងលោកស្រី តាមរយៈសាខាកាកបាទក្រហម កម្ពុជាខេត្តសៀមរាប។
លោកស្រី គួយ ណាលីន បាននាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែព្រួយបារម្ភ និងយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។ បន្ថែមពីនេះលោកស្រី ក៏បានផ្តាំផ្ញើដល់ សមាជិកគ្រួសារ ត្រូវចេះសម្អាត ថែរក្សាផ្ទះថ្មីនេះដើម្បី បានជាជម្រកដ៏កក់ក្តៅតរៀងទៅ។
អំណោយសម្រាប់សង្កត់ផ្ទះរួមមាន៖ មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ អង្ករ៥០គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកត្រី១យួរ ទឹកបរិសុទ្ធ៥យួរ សម្ភារៈផ្ទះបាយមួយចំនួន កង់១ និងថវិកាមួយចំនួន។ សម្រាប់លោកតា លោកយាយដែលចូលរួមម្នាក់ៗទទួលបានថវិកា មួយចំនួផងដែរ៕