(ភ្នំពេញ)៖ រថយន្តសម្អាតផ្លូវ ធុនធ្ងន់ទាំងពីរគ្រឿង របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានសហការជាមួយសាលារាជធានីភ្នំពេញ ចាប់ផ្តើមលាងសម្អាតផ្លូវជាតិលេខ១ ដោយចាប់ផ្តើមពីគល់ស្ពានព្រះមុនីវង្ស រហូតដល់ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ដែលជាព្រំប្រទល់រាជធានីភ្នំពេញ និងខេត្តកណ្តាល នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧នេះ។
លោកឧកញ៉ា លាង ឃុន ប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានថ្លែងថា ក្រៅពីផ្លូវជាតិលេខ១ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នឹងបន្តសហការណ៍ ជាមួយសាលារាជធានីភ្នំពេញ សម្អាតផ្លូវសំខាន់ៗផ្សេងទៀត ក្នុងរាជធានីភ្នំពេញ រហូតដល់ចុងខែកញ្ញា ឆ្នាំ២០១៧នេះ។
លោកឧកញ៉ាបានបន្តថា «យើងខ្ញុំសង្ឃឹមថា ការរួមចំណែកបន្តិចបន្តួចរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីសនេះ នឹងជួយឲ្យបេះដូងនៃព្រះរាជាណាចក្រកម្ពុជាមួយនេះកាន់តែទាក់ទាញ និងមានបរិស្ថានស្អាតសម្រាប់អ្នករស់នៅ និងធ្វើដំណើរតាមដងផ្លូវនានា ដើម្បីទទួលបានសុខភាពល្អទាំងអស់គ្នា»។
បេសកកម្មសម្អាតផ្លូវ ក្នុងរាជធានីភ្នំពេញរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានចាប់ផ្តើមចាប់តាំងពីថ្ងៃទី១៩ ខែកក្កដា មកម្ល៉េះ ដោយក្រុមហ៊ុន បានចាប់ផ្តើមលាងសម្អាត មហាវិថីសំខាន់ៗមួយចំនួន ដូចជា មហាវិថីសហព័ន្ធរុស្សី មហាវិថីព្រះមុនីវង្ស មហាវិថីព្រះសុធារស និងមហាវិថីព្រះនរោត្តម។
រាជធានីភ្នំពេញ ជាគោលដៅទី១០ ដែលរថយន្តសម្អាតផ្លូវរបស់ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីសបានមកដល់ បន្ទាប់ពីជួយសម្អាតផ្លូវក្នុងខេត្តចំនួនប្រាំបួនរួមមាន ខេត្តព្រះសីហនុ ខេត្តកំពង់ចាម ខេត្តស្ទឹងត្រែង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តប៉ៃលិន និងខេត្តកំពង់ឆ្នាំង។
នៅដើមឆ្នាំ២០១៧នេះ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានចាប់ផ្តើមយុទ្ធនាការណ៍ «ទីក្រុងស្អាត សុខភាពល្អ» ដោយបញ្ជួនរថយន្តសម្អាតផ្លូវទាំងពីរគ្រឿងទៅជួយសម្អាតផ្លូវនៅគ្រប់ខេត្ត រាជធានីក្នុងព្រះរាជាណាចក្រកម្ពុជា។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ជាក្រុមហ៊ុន ដែលវិនិយោគដោយខ្មែរ ១០០% ដែលផលិតស្រាបៀរកម្ពុជា ស្រាបៀរស្តោតបាលីប្ល៊ែក ទឹកផ្លែឈើJoop ភេសជ្ជៈIze ភេសជ្ជៈប៉ូវកម្លាំងWurkz និងទឹកសុទ្ធកម្ពុជា៕