(កំពត)៖ បន្ទាប់ពីមានជំនន់ទឹកភ្លៀង បណ្តាលឲ្យលិចផ្ទះអ្នកស្រុក ប៉ះពាល់ដល់ប្រជាពលរដ្ឋប្រមាណ៣០០គ្រួសារ នៅក្នុងស្រុកទឹកឈូនោះ នៅរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧នេះ អភិបាលខេត្តកំពត លោក ចាន់ ចេស្តា បានដឹកនាំអភិបាលរងខេត្ត និងមន្រ្តីជំនាញមួយចំនួន ឡើងទៅពិនិត្យផ្ទាល់វារីអគ្គិសនីនៅលើភ្នំកំចាយ ដើម្បីដឹងពីទំហំទឹក និងត្រៀមផែនការបន្តទៀត សម្រាប់ជួយសង្គ្រោះប្រជាពលរដ្ឋដោយសារគ្រោះធម្មជាតិមួយនេះ។
មន្រ្តីសាលាខេត្តកំពត បានប្រាប់អង្គភាព Fresh News ថា សម្រាប់ស្ថានភាពកម្ពស់ទឹក នៅវារីអគ្គិសនីលើភ្នំកំចាយ នៅមិនទាន់ឡើងដល់កម្រិតប្រកាសអាសន្ននៅឡើយទេ ដោយនៅរសៀលថ្ងៃនេះ មានកំពស់ប្រមាណ១៤៩ម៉ែត្រ ខណៈដែលកំពស់ទឹកដែលត្រូវប្រកាសអាសន្នមានរហូតដល់១៥២ម៉ែត្រ។ តែយ៉ាងណានោះ លោកអភិបាលខេត្ត បានណែនាំដល់មន្រ្តី និងសមត្ថកិច្ចទាំងអស់ត្រូវតាមដានពីស្ថានភាពជំនន់ទឹកភ្លៀង នៅតាមមូលដ្ឋានរបស់ខ្លួនជាប្រចាំ ដើម្បីងាយស្រួលជួយអន្តរាគមន៍ ដោយប្រការណាមួយ។
នៅថ្ងៃដដែលនេះ រដ្ឋបាលខេត្តកំពតបានចេញសេចក្ដីជូនដំណឹង ដល់បងប្អូនប្រជាពលរដ្ឋអំពីស្ថានភាពទឹកភ្លៀងនៅបន្ដធ្លាក់ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ធ្វើឲ្យភូមិមួយចំនួនក្នុងឃុំ៣ របស់ស្រុកទឹកឈូ និងក្រុង-ស្រុកមួយចំនួនទៀតរងផលប៉ះពាល់ រហូតឡើងដល់កម្រិតប្រកាសអាសន្នផងដែរ។
រដ្ឋបាលខេត្តកំពត ក៏សូមអំពាវនាវឲ្យពលរដ្ឋបង្កើនការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះថ្នាក់ផ្សេងៗ ហើយប្រយ័ត្នក្មេងតូចៗកុំឲ្យលេងទឹក ព្រមទាំងត្រៀមរៀបចំសម្ភារៈចាំបាច់ ដូចជាមធ្យោបាយធ្វើដំណើរ ស្បៀងអាហារ និងសត្វពាហនៈជាដើម។
លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ត បានឲ្យដឹងថា ស្ថានភាពទឹកនៅភូមិចំនួន២នេះ កន្លែងខ្លះកម្ពស់៧តឹក និងកន្លែងខ្លះ០១ម៉ែត្រ ប៉ុន្តែរហូតមកដល់ម៉ោង១០នេះ កម្ពស់ទឹកបានស្រកចុះជាបណ្តើរៗ ប្រមាណ៣តឹក។
យ៉ាងណាមិញលោកឧត្តមសេនីយ៍ស្នងការ បញ្ជាក់ថា លោកបានបញ្ជាឲ្យកម្លាំងនគរបាល សហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះទៅគោលដៅនោះភា្លមៗ ដោយបែងចែកជា២ក្រុម ដើម្បីឈរជើងចាំជួយអន្ដរាគមន៍ប្រជាពលរដ្ឋរងគ្រោះ។
បន្ថែមពីនេះលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានលើកឡើងដែរថា ៥ថ្ងៃចុងក្រោយនេះ មានភ្លៀងបន្តធ្លាក់រហូតធ្វើឲ្យកម្ពស់ទឹកនៅវ៉ារីអគ្គិសនីកំចាយ ឡើងជិតដល់កម្រិតប្រកាសអាសន្ន ហើយខាងក្រុមហ៊ុនបានបើកបង្ហៀរទឹកខ្លះ ស្របពេលនឹងទឹកសមុទ្រជោផង បណ្តាលឲ្យកម្ពស់ទឹកឡើងជន់។
សូមជម្រាបថា បើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា ភ្លៀងនៅបន្តធ្លាក់រហូតដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ ហើយលោកស្នងការ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ប្រជានេសាទ និងភ្ញៀវទេសចរជាតិ និងអន្តរជាតិទាំងអស់ ចាំបាច់ត្រូវប្រុងប្រយ័ត្នខ្ពស់រាល់ការធ្វើដំណើរ ការនេសាទតាមសមុទ្រ និងការទេសចរណ៍ជាដើម៕