(ម៉ានីល)៖ អនុរដ្ឋមន្ត្រីការបរទេស​កូរ៉េខាងជើង លោក Choe Hui Chol បានមកដល់​ទីក្រុងម៉ានីល នៃប្រទេស​ហ្វីលីពីនហើយ ដើម្បីបំពេញទស្សនកិច្ច​ក្នុងន័យត្រួសត្រាយផ្លូវ សម្រាប់ដំណើរ​ទស្សនកិច្ច​របស់រដ្ឋមន្ត្រី​ការបរទេស​កូរ៉េខាងជើង មកកាន់ប្រទេសដីកោះ​មួយនេះនៅសប្តាហ៍​ក្រោយ។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារព័ត៌មាន​ចិនស៊ីនហួរ នារសៀល​ថ្ងៃពុធ ទី២៦ ខែកក្កដា ឆ្នាំ២០១៧។

ដំណើរមកដល់​ខាងលើនេះ ត្រូវ​បានទទួលស្វាគមន៍​ដោយរដ្ឋមន្ត្រីការបរទេស​ហ្វីលីពីន លោក Alan Peter Cayetano និងមន្ត្រីជាន់ខ្ពស់ហ្វីលីពីន​ជាច្រើនរូបទៀត ខណៈដែលរដ្ឋមន្ត្រីការបរទេស​កូរ៉េខាងជើង នឹងមកកាន់​ហ្វីលីពីន ដើម្បីចូលរួមវេទិកា​ដ៏ធំមួយនៃសមាគមអាស៊ាន។ លោក Cayetano បានលើកឡើងនាឱកាសនោះថា «ខ្ញុំទន្ទឹងរង់ចាំ​ជានិច្ច សម្រាប់កិច្ចប្រជុំជា​មួយរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង នាសប្តាហ៍ក្រោយនេះ»។

គួរបញ្ជាក់ថា ប្រទេសហ្វីលីពីន​គឺជាប្រធានអាស៊ាននៅឆ្នាំនេះ ហើយវេទិកាខាងលើនេះ នឹងត្រូវរៀបចំឡើង​ដោយផ្តោតសំខាន់​ទៅលើការពិភាក្សា​ អំពីបញ្ហាសន្តិសុខក្នុងតំបន់អាស៊ីប៉ាសីហ្វិក។ និយាយពីបញ្ហាសន្តិសុខ​ក្នុងតំបន់បែបនេះ​​ កូរ៉េខាងជើង​ក៏នៅតែជាប្រធានបទ​ក្តៅផងដែរ ដោយសារតែ​ការធ្វើតេស្តមីស៊ីល​ជាច្រើនលើក និងការធ្វើសមយុទ្ធ​យោធារវាង​អាមេរិក និងសម្ព័ន្ធមិត្ត កំពុងធ្វើឲ្យស្ថានការណ៍ក្នុងតំបន់កាន់តែតានតឹង៕