(ភ្នំពេញ)៖ អនុក្រឹត្យស្ដីពីលក្ខខណ្ឌ និងវិធានការស្ដីពីការបង្ការ និងការពន្លត់អគ្គិភ័យ ដែលនៅក្នុងដំណាក់កាលជាសេចក្ដីព្រាងនោះ ហើយត្រូវបានលើកយកមកពិភាក្សា នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧នេះ ក្រោមអធិបតីភាពសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ត្រូវបានមន្ដ្រីជាន់ខ្ពស់ក្រសួង អះអាងថា ក្រោយអនុក្រឹត្យនេះចូលជាធរមាន នឹងជួបទប់ស្កាត់គ្រោះអគ្គិភ័យបានប្រសើរជាងមុន។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយបញ្ចប់កិច្ចប្រជុំពិភាក្សានេះ លោក ប៉ុល លឹម រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លើកឡើងយ៉ាងដូច្នេះថា «នៅពេលយើងចេញ អនុក្រឹត្យនេះទៅ យើងចេញបានការការពារ និងការពន្លត់អគ្គិភ័យបានល្អបង្គូរ...ហើយលក្ខណៈពិសេសនៅត្រង់ថា យើងរៀបចំឲ្យមាននូវប្រព័ន្ធបង្ការនៅតាមទីតាំង»។
រដ្ឋលេខាធិការរូបនេះបន្ថែមថា មូលហេតុដែលនាំឲ្យរាជរដ្ឋាភិបាល សម្រេចបង្កើត និងចេញអនុក្រឹត្យនេះ ដោយសារតែបច្ចុប្បន្ននៅកម្ពុជាមានផ្ទះខ្ពស់ច្រើនជាន់ មានអគារពាណិជ្ជកម្មតូចធំ មានសំណងធម្មតា មានអគារផ្សេងៗច្រើនទៀត ដែលបាន និងកំពុងរីកសុះសាយ ហើយរោងចក្រសហគ្រាសវិញ មានរហូតដល់ជាង៥០ម៉ឺនកន្លែង ប៉ុន្ដែចុះបញ្ជីតែ៥ម៉ឺន ដោយឡែកស្ថានីយ៍ប្រេងឥន្ទនៈមាន ជាង២,០០០កន្លែង ហើយមួយចំនួនមិនមានច្បាប់ ដូច្នេះអនុក្រឹត្យត្រូវឲ្យម្ចាស់ទីតាំងទាំងនោះ រៀបចំប្រព័ន្ធបង្ការ និងពន្លត់អគ្គិភ័យឲ្យបានត្រឹមត្រូវ។
លោក ប៉ុល លឹម គូសបញ្ជាក់ថា ក្រោយអនុក្រឹត្យនេះចូលជាធរមាន មន្ដ្រីដែលមានសមត្ថកិច្ចពាក់ព័ន្ធ មានសិទ្ធិចូលទៅពិនិត្យទីតាំងស្ថានីយ៍ប្រេង ឃ្លាំងស្ដុកប្រេង ពិសេសនៅកន្លែងដែលផលិតនូវឧបករណ៍ងាយបង្កឲ្យទៅជាគ្រោះអគ្គិភ័យ ថាតើទីតាំងទាំងអស់នោះមានរៀបចំប្រព័ន្ធការពារត្រឹមត្រូវឬទេ? ប្រសិនបើមិនទាន់មាននោះទេ សមត្ថកិច្ចមានសិទ្ធិផាកពិន័យ ហើយបើធ្ងន់ធ្ងរនឹងឈានទៅការទទួលទោសទណ្ឌទៀតផង ដែលមាននៅក្នុងអនុក្រឹត្យនេះ។
លោកក៏បានលើកឡើង ពីស្ថានីយ៍ប្រេងសាំងមួយចំនួនផងដែរថា មកទល់ពេលនេះមិនទាន់បានមកចុះបញ្ជីនៅនាយកដ្ឋានបង្ការ និងពន្លត់អគ្គិភ័យនោះទេ ប៉ុន្ដែក្រោយអនុក្រឹត្យចូលជាធរមាន ម្ចាស់ស្ថានីយ៍ទាំងអស់នោះមិនថាតូចឬធំ ត្រូវតែមកចុះបញ្ជី ដើម្បីឲ្យសមត្ថកិច្ចជំនាញចុះទៅពិនិត្យ ស្ដង់ដារបច្ចេកទេសពីការបង្ការ និងពន្លត់អគ្គិភ័យ មុនអនុញ្ញាតិឲ្យបើកដំណើរការ។
មន្ដ្រីជាន់ខ្ពស់រូបនេះបានឲ្យដឹងថា អនុក្រឹត្យបានពិភាក្សាលើសេចក្ដីព្រាងរួចហើយ ដែលនឹងចូលជាធរមាននៅក្នុងពេលឆាប់ៗ ខាងមុខនេះ ដែលមាន៧ជំពូក និង២៧មាត្រា។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ទោ នេត វន្ថា ប្រធាននាយកដ្ឋាបង្ការ និងពន្លត់អគ្គិភ័យ ក្រសួងមហាផ្ទៃ បានសម្ដែងនូវការសប្បាយរីករាយ នៅពេលអនុក្រឹត្យនេះ ចូលជាធរមាន ព្រោះថា ដើម្បីបញ្ជៀបការយល់ដឹងបន្ថែមដល់ប្រជាពលរដ្ឋ ដែលតម្រូវឲ្យម្ចាស់ទីតាំងទាំងអស់ ពិសេសម្ចាស់ទីតាំងដែលមានសារធាតុងាយឆាប់ឆេះ ត្រូវរៀបចំប្រព័ន្ធបង្ការឲ្យបានល្អប្រសើរជាមុន ដោយសារបច្ចុប្បន្ននេះមិនមានគ្រប់គ្រាន់។
បន្ថែមពីនេះ លោកឧត្តមសេនីយ៍ប្រធាននាយកដ្ឋាន លើកឡើងថា បច្ចុប្បន្ននាយកដ្ឋានរបស់លោក មានដៃគូរសហការចំនួន៣ក្រុមហ៊ុន ដើម្បីបណ្ដុះបណ្ដាល លើបច្ចេកទេសរៀបចំប្រព័ន្ធបង្ការ និងពន្លត់អគ្គិភ័យ នៅតាមបណ្ដាអគារធំៗ និងរោងចក្រសហគ្រាសផងដែរ៕