Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ជំនន់ទឹកភ្លៀងកើនឡើងជាបន្តបន្ទាប់ «អភិបាលខេត្តកំពង់ធំ ចុះពិនិត្យស្ថានភាពទឹកតាមដងស្ទឹងសែន»

26-07-2017 14:24

(កំពង់ធំ)៖ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧ បន្ទាប់ពីបានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការ គ្រប់គ្រងដីរដ្ឋថ្នាក់ខេត្តរួចមក លោក សុខ លូ អភិបាលខេត្តកំពង់ធំ និងក្រុមការងារ បានចុះត្រួតពិនិត្យស្ថានភាពកម្ពស់ទឹក តាមដងស្ទឹងសែន ខេត្តកំពង់ធំ ដើម្បីដាក់ផែនការ និងត្រៀមជួយអន្តរាគមន៍ប្រជាពលរដ្ឋ នៅពេលទឹកស្ទឹងសែនឡើងកាន់តែខ្លាំង ដែលជាជំនន់ទឹកភ្លៀង។

បញ្ហាប្រឈមនឹងគ្រោះធម្មជាតិមួយនេះ អភិបាលខេត្តកំពង់ធំ បានប្រាប់ទៅអភិបាលស្រុកក្រុងទាំង៨ ត្រូវចុះពិនិត្យ និងកំណត់ទីតាំងទួលសុវត្ថិភាពជាបន្ទាន់ ព្រមទាំងមានវិធានការណ៍ជាក់ស្តែង ដើម្បីត្រៀមជម្លៀសប្រជាពលរដ្ឋ កុំឲ្យមានគ្រោះថ្នាក់ដោយប្រការណាមួយ និងផ្តល់របាយការណ៍មកឲ្យរដ្ឋបាលសាលាខេត្ត ឲ្យបានជារៀងរាល់ថ្ងៃ ចាប់ពីថ្ងៃនេះតទៅ។

លោកអភិបាលខេត្ត ក៏សូមអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ មេត្តាមានការប្រុងប្រយ័ត្នចំពោះគ្រោះធម្មជាតិមួយនេះ និងរាយការណ៍ជូនអាជ្ញាធរតាំងពីថ្នាក់ឃុំ រហូតដល់ថ្នាក់ខេត្ត ដើម្បីមានវិធានការណ៍ ជួយសង្រ្គោះទាន់ពេលវេលា។ គួរបញ្ជាក់ផងដែរថា ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងបន្ថែម អំពីស្ថានភាពអាកាសធាតុ និងស្ថានភាពទឹកជំនន់ ដោយសារឥទ្ធិពលព្យុះទី៨ ឈ្មោះ សុនកា ដែលធ្វើឲ្យកម្ពុជា នឹងមានភ្លៀងធ្លាក់ខ្លាំង ហើយស្ថានភាពទឹកជំនន់នឹងហក់ឡើងខ្ពស់ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែកក្កដា។

លោក យូ ឡា ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ បានបញ្ជាក់ថា នៅពេលនេះ ទឹកស្ទឹងសែនសម្រាប់ខេត្តកំពង់ធំ មិនទាន់គួរឲ្យបារម្ភនៅឡើយទេ ដោយយោងថា កំពស់ទឹកថ្ងៃនេះមាន១៣,០៧ម៉ែត្រ កើនលើសពីម្សិលមិញ ០,០៨ម៉ែត្រ កើនយឺតក្នុង២៤ម៉ោង ហើយកំពស់ប្រកាសការប្រុងប្រយ័ត្ន ១៣,៥០ម៉ែត្រ៕