(ភ្នំពេញ)៖ នៅវេលាម៉ោង២៖០០នាទី រសៀល ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧នេះ អនុរក្សពន្ធនាគារ បាននាំខ្លួន លោក គឹម សុខ ទៅដល់សាលាដំបូងរាជធានីភ្នំពេញហើយ ដើម្បីបើកសវនការកាត់ទោស ពាក់ព័ន្ធនឹងករណីដែល លោកចោទគណបក្សប្រជាជនកម្ពុជាថា ជាអ្នកសម្លាប់ លោកបណ្ឌិត កែម ឡី។
លោក គឹម សុខ ត្រូវបានតុលាការបញ្ជូនទៅឃុំខ្លួនក្នុងពន្ធនាគារព្រៃស កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧ តាមបណ្តឹងមេធាវីតំណាងដោយអាណត្តិរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បន្ទាប់ពីលោកចូលខ្លួនឆ្លើយបំភ្លឺ ចំពោះករណីចោទគណបក្សប្រជាជនកម្ពុជាថា ជាអ្នកសម្លាប់លោកបណ្ឌិត កែម ឡី តាមវិទ្យុអាស៊ីសេរី នាពេលកន្លងទៅ។
លោក គឹម សុខ ត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ចំនួនពីរបទល្មើស គឺញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបទបរិហារកេរ្តិ៍ជាសាធារណៈ តាមមាត្រា៤៩៤ មាត្រា៤៩៥ និងមាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌ។
បច្ចុប្បន្នលោក គឹម សុខ ដែលកំពុងត្រូវបានឃុំខ្លួន នៅពន្ធនាគារព្រៃស ហើយបរាជ័យក្នុងការស្នើសុំនៅក្រៅឃុំជាបន្តបន្ទាប់នោះ កំពុងនៅជាប់បណ្តឹងមួយទៀត ដែលប្តឹងដោយមេធាវីសម្តេចតេជោ ដូចគ្នា គឺពាក់ព័ន្ធករណីលោក គឹម សុខ បានចោទប្រកាន់ថា រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតប្រព័ន្ធសម្លាប់មនុស្ស រួចរកឃាតកមិនដែលឃើញ៕