(ភ្នំពេញ)៖ លោកស្រី អ៊ីវ៉ា ង្វៀនប៊ិញ (Eva Ngauyen Binh) ឯកអគ្គរដ្ឋទូតបារាំងថ្មីប្រចាំកម្ពុជា បានសម្តែងនូវការអបអរសាទរចំពោះ រាជរដ្ឋាភិបាលកម្ពុជា ដែលបានខិតខំចុះបញ្ជី តំបន់ប្រាសាទ សំបូរព្រៃគុកជាបេតិកភណ្ឌពិភពលោក។
ការកោតសរសើររបស់ អគ្គរដ្ឋទូតបារាំងដែលមានដើមកំណើតវៀតណាមរូបនេះ បានធ្វើឡើងក្នុងជំនួបសម្តែងការគួរសមជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅវិមានសន្តិភាព នាព្រឹកមិញនេះ ។
លោកស្រីឯកអគ្គរដ្ឋទូត បានលើកឡើងថា រយៈពេល៣ឆ្នាំកន្លងមកនេះទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ច រវាងកម្ពុជា និងបារាំង បានកើនឡើងទ្វេរដង។ ចំពោះបេសកកម្ម របស់លោកស្រីមកកាន់កម្ពុជា នៅពេលនេះ គឺដើម្បីខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពធ្វើយ៉ាងណាឲ្យទំនាក់ទង រវាងប្រទេសទាំងពីរកាន់តែរឹងមាំខ្លាំងឡើង រួមទាំងកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអំណរគុណ ចំពោះលោកស្រីឯកអគ្គរដ្ឋទូត ដែលបាន ប្តេជ្ញាចិត្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ អោយកាន់តែល្អរឹងមាំ។
សម្តេចតេជោ ក៏បានស្នើសុំឲ្យជំរុញកិច្ចសហប្រតិបត្តិការ ជាពិសេសចំពោះការងារ ក្រោមឆ័ត្រ អង្គការ សហប្រជាជាតិ (UN) ក្នុងការផ្លាស់ប្តូរព័ត៌មាន រវាងគ្នាទៅវិញទៅមក ហើយស្នើសុំឲ្យលោកស្រីយក ចិត្តទុកដាក់ ផងដែរលើការអភិរក្សប្រាង្គប្រាសាទ ជាពិសេសគឺតំបន់ប្រាសាទសំបូរពៃ្រគុក ដែលទើប តែបានចុះក្នុងបញ្ជី បេតិកភណ្ឌពិភពលោក រួមទាំងបន្តជំរុញនូវកិច្ចសហប្រតិបត្តិការបន្ថែមទៀត លើវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានអរគុណប្រទេសបារាំង ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុង ការកសាងសន្តិភាព និងការស្តារនិងអភិវឌ្ឍន៍ប្រទេសកម្ពុជា។ សម្តេចតេជោនាយករដ្ឋមន្រ្តី បានជូនពរលោកស្រី ទទួលបានជោគជ័យនៅក្នុងបេសកកម្មការទូតនៅក្នុងប្រទេសកម្ពុជា៕