(ព្រះវិហារ)៖ ស្ថានភាពជំនន់ទឹកភ្លៀងក្នុងខេត្តព្រះវិហារ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧នេះ បានកើនឡើងកាន់តែខ្លាំង ដោយភ្លៀងនៅបន្តធ្លាក់ ជាពិសេសតាមជួរភ្នំដងរ៉ែក បានធ្វើឲ្យមានទឹកជំនន់នៅឃុំចំនួន៤ ក្នុងស្រុកជាំក្សាន្ត គឺឃុំស្រអែម ឃុំកន្ទួត ឃុំយាង និងឃុំមរកត។
ស្ថានភាពបែបនេះ បានធ្វើឲ្យទឹកហូរខ្លាំងលិចផ្លូវលំ និងលិចផ្នែកខ្លះនៃតំបន់អភិរក្សអាជ្ញាធរប្រាសាទព្រះវិហារ ព្រមទាំងហូរកាត់ទំនប់ទឹកអូរស្វាយ ក្នុងភូមិធម្មជាតិសម្តេចតេជោ ។ សម្រាប់បញ្ហាប្រឈមគ្រោះធម្មជាតិមួយនេះ អភិបាលខេត្តព្រះវិហារ លោក អ៊ុន ចាន់ដា រួមសហការជាមួយបញ្ជាការដ្ឋានអង្គរក្ស អាជ្ញាធរជាតិប្រាសាទព្រះវិហារ និងកងពលធំអន្តរាគមន៍លេខ៣ របស់លោកឧត្តមសេនីយ៍ផ្កាយ ស្រី ឌឹក បានចុះប្រមូលប្រជាពលរដ្ឋដែលនៅខាងក្រោមទំនប់ទឹកអូរស្វាយ ភូមិធម្មជាតិ មកកាន់ទីទូលសុវត្ថិភាព ក្នុងទីបញ្ជាការដ្ឋានវរៈសេនាតូចលេខ៣៧១។
អភិបាលខេត្តលោក អ៊ុន ចាន់ដា ខណៈចុះអន្តរាគមន៍នៅកន្លែងទឹកលិចនោះ បានប្រាប់ភ្នាក់ងារ Fresh News ថា «នៅពេលនេះអាជ្ញាធររបស់យើង សហការជាមួយ កម្លាំងយោធា កងអង្គរក្ស បានកាយទំនប់ដោះទឹកអូរស្វាយ និងទប់ខ្នងទំនប់បារាយខាងលិចកុំឲ្យទឹកហូរកាត់ កាន់តែខ្លាំង»។
បើតាមលោក ចាប កុយ ប្រធានមន្ទីរធនធានទឹក បានបញ្ជាក់ថា «មកដល់ពេលនេះ ទឹកស្ទឹងសែនមានកំពស់១២,៨៤ម៉ែត្រ លើកម្រិតប្រកាសអាសន្ន ដែលមានត្រឹម១១,៥០ម៉ែត្រ»។
លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក បានបញ្ជាក់ថា «ប្រឈមនឹងបញ្ហានេះ លោករដ្ឋមន្រ្តី លឹម គានហោ បាន និងកំពុងបញ្ជូនគ្រឿងចក្រធុនធំ និងមន្រ្តីជំនាញ ចុះទៅត្រៀមជួយអន្តរាគមន៍ថ្នាក់ខេត្ត ទាំង២នេះហើយ ដែលមានមន្រ្តីអាជ្ញាធរ និងមន្រ្តីជំនាញនៅទីនោះស្រាប់»។
លោកបានបន្តថា នៅខេត្តព្រះវិហារវិញ មានទំនប់អូរស្វាយមួយ ក្នុងឃុំស្រអែម ស្រុកជាំក្សាន្ត ដែលមិនមានទឹកលិច និងហូរកាត់រយៈពេល៨ឆ្នាំមកនោះ ស្រាប់តែនៅពេលនេះ ដោយសារភ្លៀងធ្លាក់៣-៤ថ្ងៃជាប់គ្នា តាមជួរភ្នំដងរែក បានធ្វើឲ្យទឹកជន់លិចតែម្តង៕