(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានស្នើទៅប្រទេសបារាំង ឲ្យបង្កើនអាហាររូបករណ៍ដល់និស្សិតកម្ពុជា និងជំរុញអ្នកវិនិយោគិនជនជាតិបារាំង មកបណ្តាក់ទុន និងនាំភ្ញៀវទេចរមកទស្សនានៅកម្ពុជាបន្ថែមទៀត ដើម្បីលើកស្ទួយដល់សេដ្ឋកិច្ចកម្ពុជា ឲ្យបានកាន់តែខ្លាំងឡើងៗនោះ។
លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ថ្លែងបែបនេះក្នុងឱកាសលោកជួបប្រជុំពិភាក្សាការងារជាមួយលោកស្រី H.E. EVA NGVENG BINH ឯកអគ្គរដ្ឋទូតបារាំងថ្មី ប្រចាំប្រទេសកម្ពុជា នៅទីស្តីការគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧នេះ។
លោក អ៊ុ សុខកាន ទីប្រឹក្សាផ្ទាល់ឧបនាយករដ្ឋមន្រ្តី បានថ្លែងប្រាប់អ្នកកាសែតថា ជារៀងរាល់ឆ្នាំរដ្ឋាភិបាលបារាំង និងដៃគូរបស់ខ្លួន ផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ជាមធ្យមប្រមាណ១០០នាក់ ដើម្បីទៅសិក្សានៅប្រទេសបារាំង និងបណ្តាប្រទេសដែលនិយាយភាសាបារាំង។
លោក អ៊ុ សុខកាន បានបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០១២មក មកដល់ពេលនេះនិស្សិតកម្ពុជាចំនួន៣៧៥នាក់ ទទួលបានអាហារូបករណ៍ចេញទៅសិក្សានៅប្រទេសបារាំង។ ក្នុងនោះឆ្នាំ២០១៣ មាន៩០នាក់, ឆ្នាំ២០១៤ មានចំនួន៨៦នាក់ ឆ្នាំ២០១៥ មានចំនួន៩៨នាក់ និងឆ្នាំ២០១៦ មាន៥១នាក់៕