(ភ្នំពេញ)៖ រថយន្តលាងសំអាតផ្លូវចំនួន២គ្រឿង របស់រដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរខណ្ឌច្បារអំពៅ នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧ បានលាងសំអាតផ្លូវជាតិលេខ១។
លោក រស់ សុភ័ក្រ និងលោក ណុប ផា អភិបាលរងខណ្ឌច្បារអំពៅ បានឲ្យដឹងថា ដោយមើលឃើញពីការខិតខំរៀបចំសណ្តាប់ធ្នាប់ប៉ុន្មានថ្ងៃជាប់ៗគ្នាមកនេះ អភិបាលរាជធានីភ្នំពេញ បានចាត់ឲ្យក្រុមការងារសាលារាជធានីភ្នំពេញ រួមជាមួយអាជ្ញាធរខណ្ឌច្បារអំពៅ នាំរថយន្តមកលាងសម្អាតកំណាត់ផ្លូវជាតិលេខ១ ចាប់ពីចំណុចគល់ស្ពានព្រះមុនីវង្ស រហូតដល់ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ។
លោក រស់ សុភ័ក្រ បាននិយាយថា ចាប់ពីថ្ងៃនេះទៅ រាល់រថយន្តដឹកដី ដឹកខ្សាច់ បើនៅតែបណ្តោយឲ្យកំពប់ហៀរហូរពាសពេញទ្រូវផ្លូវតទៅទៀតនោះ រដ្ឋបាលខណ្ឌច្បារអំពៅ នឹងប្រើវិធានការតឹងរឹង ចំពោះម្ចាស់រថយន្តដែលល្មើសនោះ។
អាជ្ញាធរខណ្ឌច្បារអំពៅ សូមអំពាវនាបដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកដំណើរ សូមមេត្តាយោគយល់ ក្នុងរយៈពេលអំឡុងរដ្ឋបាលច្បារអំពៅ កំពុងរៀបចំ និងលាងសំអាតផ្លូវនេះ ដែលស្ទះចរាចររយៈពេលខ្លីនេះ៕