(ភ្នំពេញ)៖ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧នេះ នាយឧត្តមសេនីយ៍ ថោង លីម អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានក្រុមការងារទំនាក់ទំនងព័ត៌មានទាន់ហេតុការណ៍ (Hotline) ជាមួយជនបរទេស បានទទួលជួបពិភាក្សាការងារទ្វេរភាគីជាមួយ លោក លី ជី ទីប្រឹក្សាអមស្ថានទូតប្រជាមានិតចិន ប្រចាំនៅកម្ពុជា។
ក្នុងជំនួបនេះដែរលោក លី ជី បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ការពារសុវត្ថិភាពជូនជនបរទេស ដែលកំពុងមានវត្ថមាននៅកម្ពុជា ជាពិសេសជនជាតិចិនទាំងអ្នកទេសចរណ៍ អ្នកវិនិយោគ និងមន្ត្រីទូតទាំងអស់។
ទីប្រឹក្សាអមស្ថានទូតរូបនេះ បានសន្យាថា នឹងជួយបណ្តុះបណ្តាលភាសាចិនដល់មន្ត្រីនគរបាលជាតិកម្ពុជា ដែលកំពុងបម្រើការងារនៅក្រុមប្រចាំការ Hotline និងមន្ត្រីនៃនាយកដ្ឋាននគរបាលទេសចរណ៍ ដោយផ្តល់គ្រូបង្រៀនមកពីវិទ្យាស្ថានខុងជឺ បង្រៀនផ្ទាល់នៅនាយកដ្ឋានកណ្តាលសន្តិសុខ។ លើសពីនេះភាគីចិន នឹងផ្តល់ជំនួយមួយចំនួនជាសម្ភារបច្ចេកទេស សម្រាប់កិច្ចប្រតិបត្តិការ Hotline ហើយសន្យាថា នឹងបន្តផ្តល់ជំនួយលើកិច្ចការនេះនៅឆ្នាំក្រោយៗបន្តទៀត ដោយមានទំហំធំជាងឆ្នាំនេះ។
ថ្លែងក្នុងឱកាសនោះផងដែរ នាយឧត្តមសេនីយ៍ ថោង លីម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក លី ជី ជាពិសេសស្ថានទូតចិនប្រចាំនៅកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ជួយឧបត្ថម្ភសម្ភារ ផ្តល់អាហារូបករណ៍ និងជំនួយផ្សេងៗ មកកម្ពុជា។ ភាគីទាំងពីរសន្យា នឹងបន្តជម្រុញកិច្ចសហប្រតិបត្តិការ ផ្លាស់ប្តូរសភាពការណ៍ សំដៅទប់ស្កាត់បានទាន់ពេលវេលានូវបទឧក្រដ្ឋឆ្លងដែន និងភេរវកម្ម៕