(រតនគិរី)៖ ក្រុមគ្រូពេទ្យមន្ទីរសុខាភិបាល ខេត្តរតនគិរី នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧នេះ បានចុះពិនិត្យសុខភាពដោយ ពុំគិតថ្លៃសេវា ជូនពលរដ្ឋចំនួន២២០គ្រួសារ ស្មើនឹង១២១៧នាក់ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង នៅភូមិថ្មី ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី។
បើតាមក្រុមគ្រូពេទ្យ ដែលចុះផ្ទាល់ដល់មូលដ្ឋាន បានប្រាប់ឲ្យដឹងថា ភូមិសាស្ត្រខាងលើនេះ រងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងលិច ភូមិដ្ឋានពួកគាត់ ២-៣ ថ្ងៃមកហើយ ដូច្នេះងាយរងគ្រោះដោយជំងឺឆ្លងផ្សេងៗ។
ប្រភពព័ត៌មានបន្តថា ពួកគាត់រស់នៅតំបន់ខាងលើនេះ សុទ្ធតែជនជាតិទំពូន ហើយពួកគាត់មិនសូវយកចិត្តទុកដាក់ថែទាំសុខភាព និងវេជ្ជសាស្ត្រនោះទេ ពោលគឺមានជំនឿ លើការសែនព្រេនអារ័ក្ស អ្នកតា ម្ចាស់ទឹក ម្ចាស់ដី ដូច្នេះងាយរងគ្រោះណាស់ ទើបក្រុមគ្រូពេទ្យ មន្ទីរសុខាភិបាល ដឹកនាំដោយលោកវេជ្ជបណ្ឌិត ជា សានិត អនុប្រធានសុខាភិបាលខេត្តរតនគិរី ចុះទៅធ្វើការណែនាំអប់រំឲ្យយល់ដឹង ព្រមទាំងពិនិត្យសុភាពជូនពួកគាត់ ដោយពុំគិតថ្លៃនោះទេ។
គួរបញ្ជាក់ថា ក្នុងភូមិសាស្ត្រខេត្តរតនគិរី មានភ្លៀងធ្លាក់ជោគជាំស្ទើររាល់ថ្ងៃ រយៈពេលប្រមាណ៣សប្តាហ៍មកហើយ ប៉ះពាល់ដោយជំនន់ ទឹកភ្លៀងមានច្រើនកន្លែងទៀត ដែលអាចបណ្ពាលឲ្យពលរដ្ឋភាគច្រើន បងប្អូនជនជាតិងាយរងគ្រោះដោយជំងឺឆ្លងផ្សេងៗ៕