(កំពង់ចាម)៖ ផ្ទះប្រជាពលរដ្ឋជិត៣០ខ្នង ស្ថិតនៅក្នុងមូលដ្ឋានស្រុកកំពង់សៀម និងស្រុកសន្ធរ ខេត្តកំពង់ចាម ត្រូវបានរុះរើ និងប្រឈមការុះរើចេញ បន្ទាប់ពីកំពស់ទន្លេមេគង្គ កើនឡើងជាបន្តបន្ទាប់ បណ្តាឲ្យបាក់ច្រាំងទន្លេ អាចមានគ្រោះថ្នាក់ដល់មនុស្ស និងសត្វ បើគ្មានការរុះរើទាន់ពេលវេលានោះ។ នេះបើយោងតាមការបញ្ជាក់ប្រាប់ អង្គភាពព័ត៌មាន Fresh News ពីសំណាក់អភិបាលខេត្តកំពង់ចាម លោក គួច ចំរើន នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧នេះ។
លោកអភិបាលខេត្ត បានបញ្ជាក់ថា រហូតមកដល់ពេលនេះជំនន់ទឹកទន្លេមេគង្គ ដែលនាំឲ្យបាក់ស្រុតច្រាំងទន្លេ នៅក្រោយផ្ទះប្រជាពលរដ្ឋា បានគំរាមផ្ទះចំនួន២៨ខ្នង ក្នុងនោះ១៤ខ្នង ស្ថិតនៅភូមិមាន់ហើរ ឃុំហានជ័យ ស្រុកកំពង់សៀម និង១៤ខ្នងទៀត ស្ថិតនៅភូមិគរគី ឃុំកោះអណ្តែត ស្រុកស្រីសន្ធរ។
លោក គួច ចំរើន បានបញ្ជាក់ទៀតថា នៅភូមិមាន់ហើរ ស្រុកកំពង់សៀម រហូតមកដលពេលនេះផ្ទះចំនួន៣ខ្នងហើយ ត្រូវបានអាជ្ញាធរ និងសមត្ថកិច្ច របស់លោកជួយរុះរើ ទៅកាន់ទីតាំងថ្មី បន្ទាប់ពីច្រាំងទន្លេនៅក្រោយផ្ទះរបស់គាត់ ត្រូវបានបាក់ស្រុតជាបន្តបន្ទាប់។ ដោយឡែកនៅភូមិគរគី ស្រុកស្រីសន្ធរ ផ្ទះ២គ្រួសារក៏ត្រូវបានរុះរើផងដែរ ហើយសម្រាប់ការរុះរើនេះ លោកអភិបាលខេត្ត ក៏បានជួឧបត្ថម្ភថវិកាមួយចំនួនសម្រាប់ការចំណាយ។ ដោយឡែកផ្ទះប្រជាពលរដ្ឋផ្សេងទៀត នឹងត្រូវរុះរើនាពេលខាងមុខ ហើយអាជ្ញាធរ និងសមត្ថកិច្ចត្រៀមជួយអន្តរាគមន៍គ្រប់ពេលវេលា។
សម្រាប់គ្រោះធម្មជាតិមួយនេះ ត្រូវបានអភិបាលខេត្តកំពង់ចាម អះអាងថា កើតឡើងជារាងរាល់ឆ្នាំ ដោយបាក់ស្រុតច្រាំងបន្តិចៗម្តង នៅពេលទឹកឡើងខ្លាំង និងទឹកស្រកទៅវិញ។ តែយ៉ាងណាក៏ដោយនោះ លោកអភិបាលខេត្ត បានប្រាប់ទៅអាជ្ញាធរ និងមន្ត្រីជំនាញ ត្រូវចុះត្រួតពិនិត្យតាមដានជាប្រចាំ ដើម្បីរាយការណ៍ជូនលោក ត្រៀមអន្តរាគមន៍ជួយប្រជាពលរដ្ឋ ខណៈកាលពីថ្ងៃទី២១ ខែកក្កដា និងថ្ងៃម្សិលមិញ លោកបានដឹកនាំមន្ត្រីចុះទៅពិនិត្យមើលជាក់ស្តែងនៅកន្លែងបាក់ស្រុតនោះផងដែរ។
លោក គួច ចំរើន ក៏បានបញ្ជាក់ផងដែរថា សម្រាប់គ្រោះធម្មជាតិមួយនេះ មិនទាន់មានព័ត៌មានប៉ះពាល់ ឬគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋណាម្នាក់នោះឡើយ។
សម្រាប់ជំនន់ទឹកទន្លេមេគង្គ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសឲ្យដឹងថា ខេត្តចំនួន២ គឺខេត្តស្ទឹងត្រែង និងខេត្តក្រចេះ អាចនឹងឈានដល់កម្រិត ប្រកាសអាសន្ននៅថ្ងៃ២៨ ខែកក្កដា ឆ្នាំ២០១៧ស្អែកនេះ ឬថ្ងៃខានស្អែក ដូច្នេះសូមប្រជាពលរដ្ឋដែលរស់នៅ តាមមាត់ទន្លេ ក្នុងខេត្តទាំងពីរនេះ មេត្តាប្រុងប្រយ័ត្នឲ្យបានខ្ពស់៕