(ភ្នំពេញ)៖ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (ស៉ីម៉ាក់) បានថ្លែងបញ្ជាក់ថា គិតរហូតមកដល់ខែមិថុនា ឆ្នាំ២០១៧នេះ ស៉ីម៉ាក់បានរុករកឃើញ និងកំទេចចោលសំណល់ជាតិផ្ទុះគ្រប់ប្រភេទ បានចំនួន២,៦៦៥,៧៧២គ្រាប់។
លោកថា លទ្ធផលដែលស៉ីម៉ាក់សម្រេចបាននេះ គឺបានរួមចំណែកយ៉ាងសំខាន់ ក្នុងការធានានូវសេចក្តីសុខ សុវត្ថិភាពជូនប្រជាជនកម្ពុជា។
ជាមួយគ្នានេះ អគ្គនាយកដដែលរូបនេះ បានពន្យល់អំពី «អ្វីទៅជាសំណល់ជាតិផ្ទុះក្រោយពីសង្គ្រាមនៅកម្ពុជា?» ផងដែរ។
ដោយលោកបញ្ជាក់ថា សំណល់ជាតិផ្ទុះពីសង្គ្រាមនៅកម្ពុជាអាចបែងចែកជាបួនប្រភេទគឺ៖
១៖ គ្រាប់មីនគ្រប់ប្រភេទ
២៖ គ្រាប់បែកចង្កោម
៣៖ គ្រាប់យុទ្ធភណ្ឌ័មិនទាន់ផ្ទុះគ្រប់ប្រភេទ (រួមមានគ្រាប់បែកទំលាក់ពីយន្តហោះ គ្រាប់កាំភ្លើងធំ គ្រាប់កាំភ្លើងធន់មធ្យមនិងធ្ងន់គ្រប់ប្រភេទ)
៤៖ គ្រាប់បែកគីមី។
លោក ហេង រតនា បានបញ្ជាក់បន្ថែមថា «សំណល់គ្រាប់មិនទាន់ផ្ទុះទាំងនេះ ស្ថិតនៅរាយប៉ាយលើដី កប់ដី និងក្នុងទឹក ដែលបានប្រើប្រាស់ បំរុងប្រើប្រាស់ និងត្រូវបានបោះបង់ចោល!! រហូតមកដល់ខែមិថុនាឆ្នាំ២០១៧នេះ ស៉ីម៉ាក់រុករកឃើញ និងកំទេចចោលសំណល់ជាតិផ្ទុះគ្រប់ប្រភេទ បានចំនួន ២,៦៦៥,៧៧២គ្រាប់ (ជិត៣លានគ្រាប់)។ លទ្ធផលនេះ រួមចំណែកយ៉ាងសំខាន់ក្នុងការធានាសេចក្តីសុខសុវតិ្ថភាពជូនប្រជាជនកម្ពុជា!!»៕