(ភ្នំពេញ)៖ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧នេះ បានបញ្ជូនជនជាតិចិនចំនួន៣១នាក់ (ស្រី៨នាក់) ទៅប្រទេសកំណើតរបស់ពួកគេវិញ តាមព្រលានយន្តហោះអន្តរជាតិកងកេង ខេត្តព្រះសីហនុ និងព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប។ នេះបើតាមលោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី។

លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា បានបញ្ជាក់ថា ការបណ្ដេញជនជាតិចិនដែលធ្លាប់រស់នៅប្រទេសកម្ពុជា ដោយខុសច្បាប់នេះ បែងចែកជា២ក្រុម រួមមាន៖

ក្រុមទី១៖ បញ្ជូនចេញតាមព្រលានយន្តហោះអន្តរជាតិកងកេង ចេញដំណើរពីភ្នំពេញនៅម៉ោង១៖០០នាទីរសៀល ប្រើប្រាស់រថយន្តចំនួន៣គ្រឿង រថយន្តស៊ីរ៉ែន១គ្រឿង រថយន្ត១២កៅអីចំនួន១គ្រឿង និងរថយន្ត៤៥កៅអីចំនួន១គ្រឿង ប្រើប្រាស់កម្លាំងនគរបាលចំនួន១៣នាក់ ក្រុមនគរបាលភាគីចិន និងជនសង្ស័យចំនួន ១៧នាក់ ទៅដល់ក្រុងព្រះសីហនុនៅម៉ោងប្រហែល៥៖៣០នាទី រង់ចាំរហូតដល់ម៉ោង ១០៖០០នាទីយប់ ទើបយន្តហោះចាប់ផ្តើមចេញដំណើរទៅប្រទេសចិន។

ក្រុមទី២៖ បញ្ជូនចេញតាមព្រលានយន្តហោះអន្តរជាតិសៀមរាប ចេញដំណើរពីភ្នំពេញនៅម៉ោង៩៖០០នាទីព្រឹក ប្រើប្រាស់រថយន្តចំនួន៣គ្រឿង រថយន្តស៊ីរ៉ែន១គ្រឿង រថយន្ត១២កៅអីចំនួន១គ្រឿង និងរថយន្ត៤៥កៅអីចំនួន១គ្រឿង កម្លាំងនគរបាលចំនួន១៣នាក់ ក្រុមនគរបាលខាងចិន និងជនសង្ស័យចំនួន ១៤នាក់ ទៅដល់ខេត្តសៀមរាបនៅម៉ោងប្រហែល ៤៖៣០នាទី ប្រគល់ជូនខាងមណ្ឌលរក្សាទុក កម្លាំងនគរបាលស្នាក់នៅទីនោះ ១យប់ រហូតដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧ ទើបយន្តហោះចាប់ផ្តើមចេញដំណើរទៅប្រទេសចិន។

សូមបញ្ជាក់ថា សម្រាប់ជនជាតិចិនទាំងនេះ ត្រូវបានចាប់ខ្លួនពាក់ព័ន្ធការប្រព្រឹត្តបទល្មើស ចាប់ជំរិតទារប្រាក់តាមប្រព័ន្ធ Internet ដែលយកគោលដៅប្រទេសកម្ពុជា ធ្វើសកម្មភាព៕