(សៀមរាប)៖ រយៈពេល៦ខែដើម ឆ្នាំ២០១៧នេះ អាជ្ញាធរជាតិអប្សរា តាមរយៈមជ្ឈមណ្ឌលសេវាកម្មច្រកចេញតែមួយ បានទទួលសំណើពាក់ព័ន្ធ នឹងការសុំសាងសង់លំនៅឋានចំនួន៦៤១ករណី។ សំណើទាំងនេះ បានឆ្លើយតបរួចរាល់ចំនួន៥៤១ករណី និងកំពុងរៀបចំចំនួន១០០ករណីទៀត។
តាមរបាយការណ៍ឆមាសទី១ ឆ្នាំ២០១៧ របស់មជ្ឈមណ្ឌលសេវាកម្មនៃអាជ្ញាធរជាតិអប្សរា ក្នុងចំណោមសំណើជាង៦០០ករណីនេះ សំណើដែលបានអនុញ្ញាត មានចំនួន២៩២ករណី និងសំណើដែលមិនអនុញ្ញាតមានចំនួន២៤៥ករណី។ ក្នុងនេះដែរ មានសំណើចំនួន៥៩ករណី ដែលក្រុមការងារបានធ្វើសេចក្តីជូនដំណឹង ដោយសារមានកំហុសលើទម្រង់បែបបទ និងអំពីសុពលភាពនៃច្បាប់ដែលបានអនុញ្ញាតជូនពួកគាត់ក្នុងការសាងសង់។
លោក ទស្ស សុមនាថ ប្រធានស្តីទីនាយកដ្ឋានគ្រប់គ្រងដែនដី និងគ្រប់គ្រងលំនៅឋានក្នុងឧទ្យានអង្គរ បានពន្យល់អំពីលក្ខខណ្ឌដែលត្រូវបានអនុញ្ញាត និងមិនអនុញ្ញាត នូវសំណើសុំសាងសង់របស់ប្រជាពលរដ្ឋថា ការស្នើរបស់ប្រជាពលរដ្ឋ មិនមែនមានន័យថា ឲ្យតែដាក់ពាក្យសុំសុទ្ធតែអនុញ្ញាតទាំងអស់នោះទេ។ ជាធម្មតាតែងមានចម្លើយពីរ គឺអនុញ្ញាត និងមិនអនុញ្ញាត។
លោកបានពន្យល់ទៀតថា ចំពោះសំណើដែលអាចអនុញ្ញាតបាន គឺប្រជាពលរដ្ឋចាស់ដែលមានផ្ទះសំបែង នៅក្នុងតំបន់អង្គរជាយូរលង់ណាស់មកហើយ មុនឆ្នាំ២០០០ មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារ នៅក្នុងភូមិ-ឃុំ ដែលបានស្នើសុំសាងសង់ មានលិខិតបញ្ជាក់ពីការកាន់កាប់ និងប្រើប្រាស់ដីធ្លី ដែលមានការទទួលស្គាល់ដោយអាជ្ញាធររដ្ឋបាលភូមិ-ឃុំ មានឈ្មោះនៅក្នុងបញ្ជីជំរឿនរបស់អាជ្ញាធរជាតិអប្សរា ឆ្នាំ២០០៤ -២០០៥ មានសំណង់ផ្ទះចាស់ក្នុងទិន្នន័យ Jica ឆ្នាំ១៩៩៨ និងទិន្នន័យរូបភាពពីលើអាកាស Google Earth ឆ្នាំ2004។
ពលរដ្ឋទាំងនោះមានសិទ្ធិ ក្នុងការសាងសង់ផ្ទះថ្មីជំនួសផ្ទះចាស់ (អាចពង្រីកទំហំលើសផ្ទះចាស់បានតាមចំនួនសមាជិកក្នុងគ្រួសារ ឬសំណង់ជាឧបសម្ព័ន្ធផ្សេងៗទៀត ក្នុងដីឡូត៍បាន) តាមរចនាបថស្ថាបត្យកម្មខ្មែរ មិនមែនជាផ្ទះតៀមផ្ទាល់ដី ឬផ្ទះល្វែងដំបូលកាត់ ទីតាំងសាងសង់មិនមានផលប៉ះពាល់ ឬស្ថិតលើហេដ្ឋារចនាសម្ព័ន្ធបុរាណ និងមានសំណង់សាធារណៈទូទៅមួយចំនួនទៀតដូចជា៖ មណ្ឌលសុខភាព សាលារៀន អាគាររដ្ឋបាលភូមិ-ឃុំ ។ល។
ចំពោះករណីដែលមិនអាចអនុញ្ញាតបាន លោក សុមនាថ បានពន្យល់ថា ជាករណីបំបែកគ្រូសារឬជាអ្នកចំណូលថ្មី មករស់នៅក្រោយឆ្នាំ២០០០ សាងសង់សំណង់ដែលមិនមែន
ជាលំនៅឋានមានបែបជាផ្ទះសំណាក់ ភោជនីយដ្ឋានធំៗ ខារ៉ាអូខេ ឬជាកសិដ្ឋានធំៗ និងការវាតទីដីព្រៃ ឬការបង្កើតទីប្រជុំជន និងការពង្រីកភូមិដ្ឋានជាដើម។
សូមបញ្ជាក់ថា ករណីបដិសេធភាគច្រើន គឺធ្វើឡើងចំពោះសំណើរបស់ប្រជាពលរដ្ឋដែលជាអ្នកចំណូលថ្មី និងការស្នើសុំបំបែកគ្រួសារដោយបង្កើនខ្នងផ្ទះ ដែលខុសនឹងលក្ខខណ្ឌ
ដែលអាចអនុញ្ញាតបាន។ ចំពោះការសុំសាងសង់ខុស នឹងរចនាបថផ្ទះខ្មែរជាដើម ក្រុមការងារតែងចុះធ្វើសេចក្តីណែនាំ និងធ្វើសេចក្តីជូនដំណឹង មុននឹងឈានដល់ការផ្អាក សំណង់ជាអចិន្ត្រៃយ៍ ក្នុងករណីម្ចាស់សំណង់មិនអនុវត្តតាម៕