(ភ្នំពេញ)៖ ដោយមានសកម្មភាពរស់រវើកក្នុងការរៀបចំកម្មវិធីផ្សេងៗ បន្ទាប់ពីបង្កើតសហព័ន្ធកីឡាទូកក្ដោងកម្ពុជាផ្លូវ ការ កាលពីខែសីហា ឆ្នាំ២០១៥ សហព័ន្ធកីឡាអូឡាំពិកមួយនេះ ត្រូវបានសហព័ន្ធកីឡាទូកក្ដោងពិភពលោក ទទួលស្គាល់ជាសមាជិកភាពរបស់ World Sailing ផ្លូវការហើយ។ នេះបើតាមការប្រកាសក្នុងសន្និសីទសារព័ត៌មាន នៅទីស្នាក់ការ NOCC នាព្រឹកថ្ងៃទី២៦ ខែកក្កដានេះ។
លោក ថោង រដ្ឋសក្ដិ អនុប្រធានសហព័ន្ធបានឲ្យដឹងថា ការទទួលស្គាល់សហព័ន្ធកីឡាទូកក្ដោងកម្ពុជា ជាសមាជិកភាពរបស់ World Sailing គឺកើតចេញពីការរៀបចំព្រឹត្តិការណ៍ថ្នាក់ជាតិ និងអន្ដរជាតិនានា ពិសេសការចូលរួមកិច្ចប្រជុំរបស់សហព័ន្ធកីឡាទូកក្ដោងពិភពលោក និងអាស៊ីជាញឹកញាប់ ទើបជំរុញឲ្យថ្នាក់ដឹកនាំពិភពលោក មានទំនុកចិត្ត និងផ្ដល់សមាជិកភាពដូច្នេះ។
លោកបន្ដថា នេះគឺជាជោគជ័យមួយ សម្រាប់សហព័ន្ធកីឡាទូកក្ដោងកម្ពុជា។ ជាមួយនឹងការក្លាយជាសមាជិកពិភពលោកនេះ កីឡាទូកក្ដោងកម្ពុជា នឹងទទួលបានប្រយោជន៍ជាច្រើន ដើម្បីជំរុញសក្ដានុពលកីឡាទូកក្ដោងកម្ពុជាឲ្យកាន់តែរីកចម្រើន ពិសេសគឺកម្ពុជាមានសិទ្ធិចូលរួមរាល់កិច្ចប្រជុំថ្នាក់តំបន់ និងពិភពលោក ក៏ដូចជាការប្រកួតជើងឯកពិភពលោកទៀតផង។
លោកបញ្ជាក់ថា «កម្ពុជាបានរៀបចំខ្លួន និងពង្រឹងសមត្ថភាពសម្រាប់ចូលរួមប្រកួតកីឡាអាស៊ី នាឆ្នាំ២០១៨ នៅឥណ្ឌូនេស៊ី និងការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ មិនតែប៉ុណ្ណោះ សហព័ន្ធក៏មានផែនការជាស្រេច ដើម្បីបណ្ដុះបណ្ដាលយុវជន និងបញ្ជូនពួកគេទៅហ្វឹកហាត់នៅក្រៅប្រទេស ដើម្បីសម្រួចកីឡាអូឡាំពិកនេះ ឲ្យក្លាយជាកីឡាដ៏មានសក្ដានុពលមួយទៀត ក្នុងប្រទេសកម្ពុជានាពេលអនាគត»។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងជាអនុប្រធានសហព័ន្ធ បានគូសបញ្ជាក់ថា ការក្លាយជាសមាជិកពិភពលោកនេះ គឺជាប្រវត្តិសាស្ដ្រថ្មីមួយទៀត សម្រាប់សហព័ន្ធកីឡាជាតិកម្ពុជា ហើយក៏ជាមោទនភាពក្នុងចលនាអូឡាំពិកផងដែរ ដែលកម្ពុជាមានកីឡាកម្រិតអូឡាំពិកមួយប្រភេទទៀត ដើម្បីពង្រីកវិសាលភាពក្នុងវិស័យកីឡាជាតិ ឆ្ពោះទៅរកការប្រកួតលើកឆាកអន្ដរជាតិ៕