(ព្រះវិហារ-ឧត្តរមានជ័យ)៖ ភ្លៀងធ្លាក់ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ បានធ្វើឲ្យខេត្តចំនួន២ នៅតាមព្រំដែនគឺខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ ឈានដល់ការកម្រិតប្រកាស អាសន្នសម្រាប់កម្ពស់ទឹកស្ទឹងសែន ដែលធ្វើឲ្យមានការជន់លិចផ្ទះប្រជាពលរដ្ឋ ខណៈអាជ្ញាធរខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធ បានត្រៀមជួយអន្តរាគមន៍ផងដែរ។ នេះបើតាមលោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧នេះ។
លោក ចាន់ យុត្ថា បានបញ្ជាក់ថា «ប្រឈមនឹងបញ្ហានេះ លោករដ្ឋមន្រ្តី លឹម គានហោ បាន និងកំពុងបញ្ជូនគ្រឿងចក្រធុនធំ និងមន្រ្តីជំនាញ ចុះទៅត្រៀមជួយអន្តរាគមន៍ថ្នាក់ខេត្ត ទាំង២នេះហើយ ដែលមានមន្រ្តីអាជ្ញាធរ និងមន្រ្តីជំនាញនៅទីនោះស្រាប់»។
លោកបានបន្តថា នៅខេត្តព្រះវិហារវិញ មានទំនប់អូរស្វាយមួយ ក្នុងឃុំស្រអែម ស្រុកជាំក្សាន្ត ដែលមិនមានទឹកលិច និងហូរកាត់រយៈពេល៨ឆ្នាំមកនោះ ស្រាប់តែនៅពេលនេះ ដោយសារភ្លៀងធ្លាក់៣-៤ថ្ងៃជាប់គ្នា តាមជួរភ្នំដងរែក បានធ្វើឲ្យទឹកជន់លិចតែម្តង។ ដោយឡែកស្ថានភាពជំនន់ទឹកភ្លៀងដែលបានលិច និងហូរកាត់ផ្លូវជាតិលេខ៤ កាលពីព្រឹកមិញ នៅក្នុងស្រុកកំពង់សីលា ខេត្តព្រះសីហនុនោះ ត្រូវបានអ្នកនាំពាក្យប្រាប់បន្ថែមថា បានស្រកហើយមិនមានបញ្ហាអ្វីកើតឡើងទៀតទេ ប៉ុន្តែបញ្ហានេះ ក៏ត្រូវតាមដានជាបន្តបន្ទាប់ផងដែរ ខណៈភ្លៀងនៅតែបន្តធ្លាក់។
កាលពីម្សិលមិញ កម្ពស់ទឹកស្ទឹងសែន នៅក្រុងព្រះវិហារ បានកើនឡើងជាបន្តបន្ទាប់ រហូតមានកម្ពស់ដល់១២,១៦ម៉ែត្រ គឺលើសពីកម្រិតប្រកាសអាសន្ន ដែលមានកម្ពស់១១,៥០ម៉ែត្រ។
ប្រឈមនឹងគ្រោះធម្មជាតិមួយនេះ អភិបាលខេត្តព្រះវិហារ លោក អ៊ុន ចាន់ដា បានប្រាប់ទៅអភិបាលស្រុក ក្រុងទាំង៨ ត្រូវចុះពិនិត្យ និងកំណត់ទីតាំងទួលសុវត្ថិភាពជាបន្ទាន់ ព្រមទាំងមានវិធានការណ៍ជាក់ស្តែង ដើម្បីជម្លៀសប្អូនប្រជាពរលរដ្ឋ កុំឲ្យមានគ្រោះថ្នាក់ដោយ ប្រការណាមួយ និងផ្តល់របាយការណ៍មកឲ្យរដ្ឋបាលសាលាខេត្ត ជារៀងរាលថ្ងៃ ចាប់ពីថ្ងៃនេះតទៅ។ យោងតាមលិខិតប្រាប់ទៅអភិបាល ស្រុក ក្រុងទាំង៨ លោក អ៊ុន ចាន់ដា បានណែនាំកត្តា៣សំខាន់ៗរួមមានទី១៖ ចំនួនទីតាំងទួលសុវត្ថិភាពដែលបានត្រៀម និងទីទួលបានជម្លៀសប្រជាពលរដ្ឋចូល ទី២៖ ចំនួនគ្រួសារដែលបានជម្លៀសមកកាន់ទួលសុវត្ថិភាព និងទី៣៖ ចំនួនផលប៉ះពាល់ និងរងការខូចខាតពីការលិចលង់។
ជាមួយគ្នានេះ រដ្ឋបាលខេត្តព្រះវិហារ នៅថ្ងៃនេះ ក៏បានចេញសេចក្តីប្រកាសព័ត៌មាន ប្រាប់ដល់ប្រជាពលរដ្ឋនៅក្នុងខេត្ត ជាពិសេសអ្នករស់នៅតាមបណ្តាយដងស្ទឹងសែន មេត្តាប្រុងប្រយ័ត្នខ្ពស់ និងស្វែងរកទីទួលសុវត្ថិភាពដែលនៅជិត ចៀសគ្រោះថ្នាក់ផ្សេងៗដែលើកើតឡើង។ រដ្ឋបាលសាលខេត្ត ក៏អំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ ដែលជួបគ្រោះធម្មជាតិមួយនេះ សូមរាយការណ៍ជូនអាជ្ញាធរតាំងពីថ្នាក់ឃុំ រហូតដល់ថ្នាក់ខេត្ត ដើម្បីមានវិធានការណ៍ ជួយសង្រ្គោះទាន់ពេលវេលា។
បន្ថែមពីលើសេចក្តីប្រកាសរបស់ខ្លួន នៅរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧នេះ លោក អ៊ុន ចាន់ដា បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ដែលលំនៅដ្ឋានរងការលិចលង់ ដោយទឹកជំនន់ សូមធ្វើការប្រុងប្រយត្ន័ចំពោះកូនចៅតូចៗ កុំឲ្យចុះលេងទឹកផ្តេសផ្តាស ប្រយត្ន័មានគ្រោះថ្នាក់ ហើយអជ្ញាធរខេត្ត បានត្រៀមកាណូត៤គ្រឿង ព្រមទាំងស្បៀងអារហារមួយចំនួន សំរាប់សង្រ្គោះប្រជាពលរដ្ឋ។
ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងបន្ថែម ពីស្ថានភាពអាកាសធាតុ និងស្ថានភាពទឹកជំនន់ ដោយសារឥទ្ធិពលព្យុះទី៨ ឈ្មោះ សុនកា ដែលធ្វើឲ្យកម្ពុជា នឹងមានភ្លៀងធ្លាក់ខ្លាំង ហើយស្ថានភាពទឹកជំនន់នឹងហក់ឡើងខ្ពស់ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែកក្កដា។
ក្រសួងធនធានទឹក ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ព្រោះថា នៅតំបន់ទំនាបកណ្ដាល មានរាជធានីភ្នំពេញ ព្រៃវែង ស្វាយរៀង កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង សៀមរាប និងកំពង់ធំ ខ្យល់កន្ដ្រាក់មានល្បឿនពី១២-១៤ម៉ែត្រ ក្នុងមួយវិនាទី។ តំបន់ខ្ពង់រាប ខេត្តរតនគិរី ស្ទឹងត្រែង ព្រះវិហារ និងឧត្តរមានជ័យ ខ្យល់កន្ដ្រាក់មានល្បឿនពី ៨-១០ម៉ែត្រ ក្នុងមួយវិនាទី។ តំបន់មាត់សមុទ្រ ពិសេសនៅខេត្តកោះកុង ខ្យល់កន្ដ្រាក់មានល្បឿនពី១៣-១៥ម៉ែត្រ ក្នុងមួយវិនាទី និងរលកសមុទ្រកំពស់១.៥០-២.៥០ម៉ែត្រ។ តំបន់ទាំងអស់នេះ នឹងមានភ្លៀងធ្លាក់ខ្លាំងផងដែរ។
ហេតុដូច្នេះហើយ ចាប់ពីថ្ងៃទី២៥-២៧ ខែកក្កដា ឆ្នាំ២០១៧ សូមបងប្អូនប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រទាំងអស់ បង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់បំផុត ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតឡើងជាយថាហេតុ។ ដោយឡែក ប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេមេគង្គលើ ទន្លេសេសាន សេកុង ស្រែពក ព្រមទាំងផ្លូវទឹកនានាក្នុងតំបន់ខ្ពង់រាប សូមបង្កើនការយកចិត្តទុកដាក់ចំពោះស្ថានភាពទឹកជំនន់ ដែលនឹងហក់ឡើងក្នុងពេលដ៏ខ្លីខាងមុខនេះ៕