(ព្រះសីហនុ)៖ បន្ទាប់ពីជំនន់ទឹកភ្លៀងបានជន់លិច និងហូរកាត់ផ្លូវជាតិលេខ៤ ត្រង់ភូមិសាស្ត្រស្រុកកំពង់សីលា ខេត្តព្រះសីហនុ មួយអន្លើរួចមក សមត្ថកិច្ចបានសម្រេចបិទចរាចរណ៍ជាបណ្តោះអាសន្នប្រមាណជាង២ម៉ោង នៅវេលាទាបភ្លឺ ប៉ុន្តែរហូតមកដល់ម៉ោង៩នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧នេះ សមត្ថកិច្ចខេត្តបានបើកចរាចរណ៍លើផ្លូវនេះឡើងវិញហើយ។ នេះបើតាមលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានឲ្យដឹងថានៅវេលាម៉ោង ១២៖១០នាទី ឈានចូលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចគីឡូម៉ែត្រលេខ១៥៣ ដល់លេខ១៥៤ ស្ថិតក្នុងភូមិស្ទឹងឆាយខាងត្បូូង ឃុំស្ទឹងឆាយ ស្រុកកំពង់សីលា ជំនន់ទឹកភ្លៀវបានហូរលើកំណាត់ផ្លូវជាតិលេខ៤ រហូតមកដល់ព្រឹកថ្ងៃទី២៥នេះ ទឹកបានស្រកជាបណ្តើរៗ ហើយម៉ូតូ និងរថយន្តក៏អាចធ្វើចរាចរណ៍បានទៅមកផងដែរ ដោយមិនមានការកកស្ទះឡើយ។
សូមជម្រាបថា បើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា ភ្លៀងនៅបន្តធ្លាក់រហូតដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ ហើយលោកស្នងការ ជួន ណារិន្ទ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ប្រជានេសាទ និងភ្ញៀវទេសចរជាតិ និងអន្តរជាតិទាំងអស់ ចាំបាច់ត្រូវប្រុងប្រយ័ត្នខ្ពស់រាល់ការធ្វើដំណើរ ការនេសាទតាមសមុទ្រ និងការទេសចរណ៍ជាដើម៕