(សៀមរាប)៖ ក្នុងចំណោមផែនការយុទ្ធសាស្រ្តចម្បងៗទាំង ៧ចំណុច ដែលក្រសួងទេសចរណ៍បានដាក់ចេញសម្រាប់ឲ្យសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏ដូចជាសាកលវិទ្យាល័យនានាអនុវត្តតាមនោះ មានផែនការមួយ ដែលបានតម្រូវឲ្យគ្រឹះស្ថានអប់រំទាំងនោះ ត្រូវបណ្ដុះបណ្ដាលវិជ្ជាជីវៈទេសចរណ៍ដល់សិស្សនិស្សិត ឲ្យស្របតាមកម្មវិធីសិក្សារបស់អាស៊ាន ហើយក្រសួងទេសចរណ៍ខ្លួនឯង ក៏ជាអ្នកចាំផ្ដល់ជាជំនួយបច្ចេកទេសផងដែរ។
ក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី ជំនាញវិជ្ជាជីវៈទេសចរណ៍អាស៊ាន និងការវាយតម្លៃការសិក្សាពីមុនរបស់អ្នកជំនាញទេសចរណ៍ នៅសាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូល ឌុយប្រ៊ូល ខេត្តសៀមរាប នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧នេះ លោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានបញ្ជាក់ថា ផែនការយុទ្ធសាស្រ្តទាំង៧ចំណុច ដែលក្រសួងបានប្រកាសដាក់ចេញនោះ រួមមាន៖
១៖ ជំរុញវាយតម្លៃសិស្សានុសិស្សដែលបានបញ្ចប់វគ្គសិក្សាពីមុន នៅសាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូល ឌុយ ប្រ៊ូល ឱ្យទទួលបានវិញ្ញាបនបត្រវិជ្ជាជីវៈទេសចរណ៍កម្រិតអាស៊ាន។
២៖ ជំរុញការបណ្តុះបណ្តាលកម្រិតសញ្ញាបត្រវិជ្ជាជីវៈអាស៊ាន (ASEAN Diploma) នៅសាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូល ឌុយ ប្រ៊ូល។
៣៖ ស្នើឱ្យសាលាបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ សាកលវិទ្យាល័យនានារៀបចំ និងដាក់ចុះកម្មវិធីសិក្សាវិជ្ជាជីវៈទេសចរណ៍ ស្របតាមកម្មវិធីសិក្សាអាស៊ាន ហើយក្រសួងទេសចរណ៍រង់ចាំផ្តល់ជំនួយបច្ចេកទេសនានា។
៤៖ ស្នើឱ្យប្រតិបត្តិករសេវាកម្មសណ្ឋាគារទាំងអស់ ជំរុញការបណ្តុះបណ្តាលខាងក្នុង (In-House Training) ដល់បុគ្គលិករបស់ខ្លួនបន្ថែមទៀត ដោយប្រើប្រាស់ស្តង់ដាសមត្ថភាពអាស៊ាន ដើម្បីលើកទឹកចិត្តបុគ្គលិករបស់ខ្លួនឱ្យមានការទទួលស្គាល់កម្រិតអាស៊ាន ក៏ដូចជាពង្រឹងគុណភាពសេវាកម្មទេសចរណ៍កាន់តែប្រសើរឡើង។
៥៖ ស្នើឱ្យសមាគមធនធានមនុស្សសណ្ឋាគារ ខេត្តសៀមរាប (HR Club) បន្តកិច្ចសហប្រតិបត្តិការក្នុងទម្រង់ដៃគូររដ្ឋ-ឯកជន (PPP) ក្នុងការជំរុញការបណ្តុះបណ្តាលធនធានមនុស្ស ក្នុងវិស័យទេសចរណ៍ សំដៅរក្សាបានមូលធនមនុស្សដែលមានសមត្ថភាពឱ្យបម្រើការងារ ក្នុងវិស័យទេសចរណ៍កាន់តែយូរ។
៦៖ ស្នើឱ្យវិទ្យាស្ថានបច្ចេកទេសភូមិភាគតេជោ ហ៊ុន សែន សៀមរាប ជំរុញការបណ្តុះបណ្តាលរបស់ខ្លួន ស្របតាមគុណវុឌ្ឍិអាស៊ាន ដោយក្រសួងទេសចរណ៍សហការផ្តល់នូវជំនួយបច្ចេកទេសផ្សេងៗ។
៧. ស្នើឱ្យអ្នកជំនាញទេសចរណ៍ទាំងអស់ ដែលកំពុងបម្រើការងារក្នុងសេវាកម្មសណ្ឋាគារ ដែលពុំទាន់មានការទទួលស្គាល់កម្រិតគុណវិឌ្ឍិជាក់លាក់ មកដាក់ពាក្យស្នើសុំការវាយតម្លៃការសិក្សាពីមុន (RPL) នៅសាលាសណ្ឋាគារ និងទេសចរណ៍ប៉ូល ឌុយ ប្រ៊ូល ចាប់ពីខែកញ្ញា ឆ្នាំ២០១៧ នេះតទៅ។
លោក ប៉ាក់ សុខុម បានបន្តថា បច្ចុប្បន្ន វិស័យទេសចរណ៍ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាចាត់ទុកជា «មាសបៃតង និងជាការនាំចេញនៅនឹងកន្លែង» ដោយបានចូលរួមអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម តាមរយៈការបង្កើនប្រាក់ចំណូលជូនជាតិ បង្កើតការងារ ជំរុញការវិនិយោគ និងចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា ដោយឈរលើគោលការណ៍នៃការអភិវឌ្ឍទេសចរណ៍ ប្រកបដោយនិរន្តភាព និងការទទួលខុសត្រូវ ទេសចរណ៍កម្ពុជាមានការកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ ជាក់ស្តែងកាលពីឆ្នាំ២០១៦ កម្ពុជាទទួលបានទេសចរអន្តរជាតិជាង ៥លាននាក់ ក្នុងកំណើន ៥% នាំចំណូលចូលជាតិប្រមាណ ៣,៤០០លានដុល្លារ ស្មើនឹង ១៣.៥% នៃផលិតផលក្នុងស្រុកសរុប (GDP) និងបានបង្កើតការងារផ្ទាល់ប្រមាណ ៦២ម៉ឺននាក់ ស្មើនឹង ១៣% នៃការងារសរុប។
៥ខែដើមឆ្នាំ២០១៧ កម្ពុជាទទួលបានទេសចរអន្តរជាតិប្រមាណ ២.២៨លាននាក់ កើនឡើង ១២.៥% ធៀបនឹងឆ្នាំ២០១៦។ ជាចក្ខុវិស័យឆ្នាំ២០២០ កម្ពុជារំពឹងទទួលបានទេសចរអន្តរជាតិប្រមាណ ៧លាននាក់ នាំចំណូលចូលជាតិប្រមាណ ៥ពាន់លានដុល្លារ និងបង្កើតការងារផ្ទាល់ជិត ១លាននាក់៕