(ភ្នំពេញ)៖ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧ ស្អែកនេះ នឹងបញ្ជូនជនជាតិចិនចំនួន ៣១នាក់ (ស្រី៨នាក់) ទៅប្រទេសកំណើតរបស់ពួកគេវិញ តាមព្រលានយន្តហោះអន្តរជាតិកងកេង ខេត្តព្រះសីហនុ និងព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប។ នេះបើតាមលោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី។
លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា បានបញ្ជាក់ថា ការបណ្ដេញជនជាតិចិនដែលធ្លាប់រស់នៅប្រទេសកម្ពុជា ដោយខុសច្បាប់នេះ បែងចែកជា២ក្រុម រួមមាន៖
ក្រុមទី១៖ បញ្ជូនចេញតាមព្រលានយន្តហោះអន្តរជាតិកងកេង ចេញដំណើរពីភ្នំពេញនៅម៉ោង ១៖០០នាទីរសៀល ប្រើប្រាស់រថយន្តចំនួន៣គ្រឿង រថយន្តស៊ីរ៉ែន១គ្រឿង រថយន្ត១២កៅអីចំនួន១គ្រឿង និងរថយន្ត៤៥កៅអីចំនួន១គ្រឿង ប្រើប្រាស់កម្លាំងនគរបាលចំនួន ១៣នាក់ ក្រុមនគរបាលភាគីចិន និងជនសង្ស័យចំនួន ១៧នាក់ ទៅដល់ក្រុងព្រះសីហនុនៅម៉ោងប្រហែល ៥៖៣០នាទី រង់ចាំរហូតដល់ម៉ោង ១០៖០០នាទីយប់ ទើបយន្តហោះចាប់ផ្តើមចេញដំណើរទៅប្រទេសចិន។
ក្រុមទី២៖ បញ្ជូនចេញតាមព្រលានយន្តហោះអន្តរជាតិសៀមរាប ចេញដំណើរពីភ្នំពេញនៅម៉ោង ៩៖០០នាទីព្រឹក ប្រើប្រាស់រថយន្តចំនួន៣គ្រឿង រថយន្តស៊ីរ៉ែន១គ្រឿង រថយន្ត១២កៅអីចំនួន១គ្រឿង និងរថយន្ត៤៥កៅអីចំនួន១គ្រឿង កម្លាំងនគរបាលចំនួន១៣នាក់ ក្រុមនគរបាលខាងចិន និងជនសង្ស័យចំនួន ១៤នាក់ ទៅដល់ខេត្តសៀមរាបនៅម៉ោងប្រហែល ៤៖៣០នាទី ប្រគល់ជូនខាងមណ្ឌលរក្សាទុក កម្លាំងនគរបាលស្នាក់នៅទីនោះ ១យប់ រហូតដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧ ទើបយន្តហោះចាប់ផ្តើមចេញដំណើរទៅប្រទេសចិន។
សូមជម្រាបថា នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ ក្រុមប្រតិបត្តិការចម្រុះនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក៏បានឃាត់ខ្លួនជនជាតិវៀតណាមចំនួន ១៩នាក់ដែរ ក្នុងសិប្បកម្មឈើមួយកន្លែង ស្ថិតតាមបណ្តោយផ្លូវលេខ៤៧៤ សង្កាត់បឹងត្របែក ខណ្ឌចំការមន៕