(ភ្នំពេញ)៖ បន្ទាប់ពីមានការផ្សាយព័ត៌មានក្នុងបណ្តាញសង្គម Facebook អំពីពលករខ្មែរចំនួន៦០០នាក់ធ្វើការនៅក្នុងកសិដ្ឋានចិញ្ចឹមមាន់ ក្នុងខេត្តណាខនណាយុគ ប្រទេសថៃ ត្រូវបានថៅកែគាបសង្កត់នោះ តំណាងស្ថានទូតខ្មែរនៅប្រទេសថៃ បានចុះទៅពិនិត្យផ្ទាល់នៅកសិដ្ឋានចិញ្ចឹមមាន់ ហើយអះអាងថា មិនមានការគាបសង្កត់ដូចអ្វីដែលបណ្តាញសង្គម ផ្សព្វផ្សាយនោះទេ។
លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា ពលករខ្មែរដែលធ្វើការនៅកសិដ្ឋានចិញ្ចឹមមាន់ នៅប្រទេសថៃ មិនមានការគាបសង្កត់ដូចអ្វីដែលបណ្តាញសង្គម Facebook បានផ្សព្វផ្សាយនោះទេ គឺបងប្អូនពលករដែលធ្វើការនៅទីនោះ ទទួលបានប្រាក់ខែ ចន្លោះពី១៨០ដុល្លា ដល់៣២០ដុល្លាអាមេរិក។
លោក ជុំ សន្ទរី បានបញ្ជក់បន្ថែមទៀតថា ថៅកែថៃបានផ្តល់ប្រាក់ខែ កន្លែងស្នាក់នៅ និងមានអាហារហូបចុកដោយមិនគិតថ្លៃដល់ពលករខ្មែរ ទៀតផង ចំពោះសមាជិកគ្រួសារក្នុងបន្ទុករបស់ពលករ កសិដ្ឋានបានអនុញ្ញាតឲ្យស្នាក់នៅ និងហូបចុកជាមួយ ដោយកាត់ប្រាក់ខែ ៥០០បាត សម្រាប់ប្តី ប្រពន្ធរបស់ពលករ និង២០០បាត សម្រាប់កុមារ។
សូមអានខ្លឹមសារទាំងស្រុងរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដូចខាងក្រោម!