(បន្ទាយមានជ័យ)៖ លោកទេសរដ្ឋមន្ដ្រី លី ធុជ អគ្គលេខាធិការអាជ្ញាធរមីន បានថ្លែងឲ្យដឹងថា យោងតាមលទ្ធផលនៃការបោសសម្អាតមីននៅកម្ពុជា បើគិតចាប់តាំងពីឆ្នាំ១៩៩២ រហូតដល់ខែកុម្ភៈ ឆ្នាំ២០១៧នេះ ប្រទេសកម្ពុជា បានដោះមីនលើផ្ទៃដីសរុបរហូតទៅដល់ ១,៥៦២,៩៦២,៦៧៩ម៉ែត្រការ៉េ ដែលស្មើនឹង ១៥៦,២៩៦គីឡូម៉ែត្រការ៉េ ហើយរកឃើញគ្រាប់៤ប្រភេទ ដែលកប់នៅក្នុងដីបន្សល់ទុកពីសម័យសង្គ្រាមរហូតទៅដល់ ៤៩៣,៧៤២,៥២៥គ្រាប់។
លោកទេសរដ្ឋមន្ដ្រី បានបញ្ជាក់ថា ក្នុងចំណោមផ្ទៃដី និងគ្រាប់ទាំង៤ប្រភេទរួមមាន៖ មីនប្រឆាំងមនុស្ស មីនប្រឆាំងរថក្រោះ គ្រាប់មិនទាន់ផ្ទុះ និងអំបែងគ្រាប់ ត្រូវបានស្ថាប័នរដ្ឋចំនួន២ គឺ CMAC និង NPMEC (ស្ថិតក្រោមក្រសួងការពារជាតិ) ព្រមទាំងអង្គការអន្ដរជាតិជាដៃគូ ចំនួន៤ផ្សេងទៀតដូចជា៖ MAG, HALO, CSHD និង NPA។
ការឲ្យដឹងបែបនេះរបស់លោកទេសរដ្ឋមន្ដ្រី បានធ្វើឡើងនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧នេះ ក្នុងឱកាសអញ្ជើញជាអធិបតី បិទកិច្ចប្រជុំពិភាក្សាស្តីពីភាពជាអ្នកដឹកនាំ ការគ្រប់គ្រងចម្ការមីន ដល់ថ្នាក់ដឹកនាំចំការមីន ដែលរៀបចំឡើងដោយអង្គការ HALO Trust នៅខេត្តបន្ទាយមានជ័យ។
លោកទេសរដ្ឋមន្ត្រី លី ធុជ ក្នុងនាមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាជ្ញាធរមីន សូមថ្លែងអំណរគុណ និងកោតសរសើរដល់ថ្នាក់ដឹកនាំ បុគ្គលិកទាំងអស់ ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយ កម្លាំងចិត្ត ចូលរួមជាមួយរាជរដ្ឋាភិបាល បោសសម្អាតមីន និងសំណល់ពីសង្គ្រាម ដើម្បីកាត់បន្ថយគ្រោះរបស់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងរស់នៅក្នុងតំបន់គ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ហើយសូមឲ្យបងប្អូនអ្នកបោសសម្អាតមីនទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ ពេលធ្វើប្រតិបត្តការបោសសម្អាតមីន។
លោកទេសរដ្ឋមន្ត្រី សូមថ្លែងអំណរគុណដល់ប្រទេសម្ចាស់ជំនួយ និងដៃគូរអភិវឌ្ឍន៍ទាំងអស់ តែងតែគាំទ្រដល់គ្រប់សកម្មភាពលើវិស័យមីន ហើយស្នើសុំឲ្យប្រទេសម្ចាស់ជំនួយទាំងអស់បន្តគាំទ្រលើសកម្មភាពវិស័យមីនបន្តទៀត។
បន្ថែមពីនេះ អគ្គលេខាធិការអាជ្ញាធរមីន ក៏បានស្នើសុំឲ្យសមាជិក សមាជិកាអង្គប្រជុំទាំងអស់ ត្រូវយកបទពិសោធន៍ និងចំណេះដឹងល្អៗ ដែលបានមកពីកិច្ចប្រជុំពិភាក្សានាថ្ងៃនេះ ទៅអនុវត្តឲ្យបានជោគជ័យ៕