(កំពង់ធំ)៖ លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានលើឡើងថា ប្រទេសមួយមានការអភិវឌ្ឍលើគ្រប់វិស័យទៅបាន លុះត្រាតែប្រទេសនោះ មានសុខសន្តិភាព ហើយដើម្បីឲ្យសន្តិភាពនេះ នៅស្ថិតស្ថេរយូរអង្វែងទៅបាន ក្នុងនាមយើងជាពលរដ្ឋត្រូវមានការគោរពច្បាប់ ទាំងអស់គ្នា។
លោកថា «ការគោរពច្បាប់ទាំងនោះ តម្រូវឲ្យយើងទាំងអស់គ្នា យល់ដឹងអំពីសិទ្ធិមនុស្ស ដែលជាទង្វើនៃការរស់នៅប្រចាំថ្ងៃក្នុងលក្ខខណ្ឌ ចាំបាច់សម្រាប់ការរស់នៅ ក្នុងភាពជាមនុស្ស មានក្រមសីលធម៌និងវិន័យ លើសពីនេះទៅទៀត ក្រុមនៃសិទ្ធិមនុស្សមានការបែងចែកជាពីរក្រុម គឺសិទ្ធិពលរដ្ឋ និងនយោបាយ, សិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌។
លោក កែវ រ៉េមី ថ្លែងបែបនេះ ក្នុងឱកាសដែលលោកបាន អញ្ជើញកម្មវិធីរៀបចំសិក្ខាសាលាស្តីពី «សន្តិភាព គឺជាមូលដ្ឋានគ្រឹះនៃសិទ្ធិមនុស្ស និងការអភិវឌ្ឍ» នៅសាលប្រជុំសាលាខេត្តកំពង់ធំ ដោយមានការចូលរួមពីលោក សុខ លូ អភិបាលខេត្តកំពង់ធំ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សប្រមាណជាង៣៤០នាក់ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧នេះ។
លោក កែវ រ៉េមី បានបញ្ជាក់ថា ម្យ៉ាងវិញទៀត ការលុបបំបាត់ការរើសអើងពូជសាសន៍ ការលុបបំបាត់រាល់ទម្រង់ នៃការប្រឆាំងទម្រង់រើសអើងភេទ ការផ្តល់សិទ្ធិស្មើរគ្នារបស់ ប្រជាពលរដ្ឋខែ្មរ ចំពោះមុខច្បាប់ ការបើកទូលាយលើជំនឿសាសនា និន្នាការនយោបាយ កាលុបបំបាត់វណ្ណៈសង្គម ការគោរពតាមនីតិវិធីរបស់អំណាចតុលាការ ការការពារសិទ្ធិរបស់ខ្លួន ក្នុងនីតិវិធីព្រហ្មទណ្ឌ និងរដ្ឋប្បវេណី។ ម្យ៉ាងវិញទៀត ការប្រើប្រាស់សិទ្ធិសេរីភាព ត្រូវប្រព្រឹត្តទៅតាមលក្ខខណ្ឌកំណត់នៃច្បាប់ ដែលមិនធ្វើឲ្យប៉ះពាល់ដល់សិទ្ធិ និងសេរីភាពអ្នកដ៏ទៃផងដែរ។
លោកបានបន្តថា «តាមរយៈលក្ខណៈទាំងអស់នេះ បានធ្វើឲ្យប្រទេសកម្ពុជា រក្សាបាននូវសុខសន្តិភាពដែល ជាមូលដ្ឋានគ្រឹះ នៃលទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ ដោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ទាំងស្ថាប័នរដ្ឋ ប្រជាពលរដ្ឋ ស្ថាប័នសង្គមស៊ីវិល ក្នុងក្របខណ្ឌជាតិ និងអន្តរជាតិ ឈានទៅរកការគោរពសិទ្ធិមនុស្ស និងអភិវឌ្ឍ ប្រកបដោយនីរន្តរ៍ភាព»។
លោក សុខ លូ បានថ្លែងថា ប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជា សព្វថ្ងៃនេះរស់នៅ ក្នុងប្រទេសប្រកបដោយសុខសន្តិភាព និងមានការអភិវឌ្ឍ ដែលប្រជាពលរដ្ឋទទួលបាននូវសិទ្ធិសេរីភាពស្មើៗគ្មា។ សម្រាប់ខេត្តកំពង់ធំយើងនេះ ពិតជាមានមោទណភាពខ្លំាងណាស់ ដែលប្រាសាទសំបូរព្រៃគុក ត្រូវបានដាក់បញ្ចូលទៅសម្បត្តិបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧ ក្រោមការខិតខំប្រឹងប្រែងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងមានការហការល្អ រវាងថ្នាក់ដឹកនាំខេត្តកំពង់ធំ ជាមួយរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
ក្រោយពីបញ្ចប់សិក្ខាសាលាខាងលើ ថ្នាក់ដឹកនាំទាំងពីរបានបន្តដំណើរទៅទស្សនកិច្ចនៅតំបន់ប្រាសាទសំបូរព្រៃគុកថែមទៀត ដោយក្នុងនោះលោក កែវ រ៉េមី បានឲ្យដឹងថា ដំណើរទស្សនកិច្ចនាពេលនេះ គឺចង់ឲ្យមានការផ្សព្វផ្សាយឲ្យបានទូលំទូលាយ អំពីតំបន់ប្រាសាទសំបូរព្រៃគុកនេះ ចង់ឲ្យប្រជាពលរដ្ឋខ្មែរ ក៏ដូចជាពិភពលោកកាន់តែស្គាល់ និងមកទស្សនានៅតំបន់បេតិកភណ្ឌភាគកណ្ដាលប្រទេសកម្ពុជានេះ កាន់តែច្រើនឡើងៗ។
លោកបន្តថា ទម្រាំអង្គការយូណេស្កូសម្រេចបញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុកនេះ ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧ រាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែងខ្លាំងណាស់ ពិសេសនៅពេលសម្ដេចវិបុលបញ្ញា សុខ អាន នៅមានជីវិតនៅឡើយ ពោលទាំងប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ បានរួមគ្នាធ្វើកិច្ចការនេះយ៉ាងស៊ីចង្វាក់ត្រឹមត្រូវ ទើបឈានដល់មានថ្ងៃនេះកើតឡើង។
លោក សុខ លូ ក៏បានឲ្យដឹងថា ចាប់ពីនេះទៅ រដ្ឋបាលខេត្តកំពង់ធំនឹងបង្កើនការយកចិត្តទុក ចំពោះការរៀបចំតំបន់ប្រាសាទសំបូរព្រៃគុក ពិសេសការបង្កើនផលិតទេសចរណ៍ថ្មីៗ មានទំនិញសេវាជាដើម រៀបចំកែលម្អប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ បញ្ហាអនាម័យ ការផ្សព្វផ្សាយទៅដល់ទេសចរជាតិ-អន្តរជាតិ ការពង្រឹងប្រព័ន្ធសុវត្ថិភាព ពង្រឹងសន្តិសុខសណ្ដាប់ធ្នាប់ ក៏ដូចជាការងារពាក់ព័ន្ធមួយចំនួនទៀត ដើម្បីប្រែក្លាយតំបន់បេតិកភណ្ឌមួយនេះ កាន់តែត្រូវបានពិភពលោកស្គាល់ច្បាស់។
លោក សុខ លូ បានបន្តថា «ប្រាសាទសំបូរព្រៃគុក នឹងរៀបចំពិធីសែនព្រេនសុំសេចក្តីសុខ តាមជំនឿប្រពៃណី និងដើម្បីអបអសាទរការ ដាក់ប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៧ ខាងមុខនេះ»៕