(ភ្នំពេញ)៖ បន្ទាប់ពីបញ្ចប់ការរៀបចំការប្រកួត ពានរង្វាន់បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានកម្ពុជា ឆ្នាំ២០១៧ ប្រកបដោយជោគជ័យ រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោក ត្រាំ អ៉ីវតឹក បានផ្តល់លិខិតសរសើរ និងថ្លែងអំណរគុណដល់ អង្គភាពព័ត៌មាន Fresh News ដែលបានគាំទ្រយ៉ាងពេញទំហឹងនូវ ការប្រកួតពានរង្វាន់នេះ តាំងពីចាប់ផ្តើមរហូតបញ្ចប់ដោយជោគជ័យ។
អង្គភាពព័ត៌មាន Fresh News គឺជាស្ថាប័នព័ត៌មានមួយ ក្នុងចំណោមស្ថាប័ន៣ ដែលបានចូលរួមជា Media Sponsor ក្នុងការប្រកួតពានរង្វាន់ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន កម្ពុជា ឆ្នាំ២០១៧ (CAMBODIA ICT AWARDS 2017) ដែលចាប់ពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ នឹងទើបតែបញ្ចប់ដោយជោគជ័យ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧។
រយៈពេល២ឆ្នាំជាប់ៗគ្នា ពោលចាប់ពីឆ្នាំ២០១៦មក អង្គភាពព័ត៌មាន Fresh News បានចូលរួមចំណែកចូលរួមផ្សព្វផ្សាយព័ត៌មានពីកម្មវិធីនៃការប្រកួតប្រជែង ពានរង្វាន់បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន កម្ពុជានេះ។
លោក លឹម ជាវុត្ថា ស្ថាបនិក និងជានាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News បានសម្តែងនូវក្តីរីករាយ និងថ្លែងអំណរគុណដល់ លោករដ្ឋមន្ត្រីក្រសួង ប្រៃសណីយ៍ និងទូរគមនាគមន៍ ត្រាំ អ៉ីវតឹក ចំពោះការផ្តល់លិខិតសរសើរ ជូនអង្គភាពព័ត៌មាន Fresh News នៅពេលនេះ។ លោកបានថ្លែងថា Fresh News រីករាយ និងគាំទ្រជានិច្ច ក្នុងការចូលរួមផ្សព្វផ្សាយកម្មវិធីប្រកួតដ៏មានសារៈសំខាន់ សម្រាប់ប្រទេសជាតិមួយនេះ។
នាយកដឹកនាំអង្គភាពព័ត៌មានដដែលរូបនោះបានថ្លែងថា «ខ្ញុំរីករាយចំពោះការចូលរួមជួយគាំទ្រ ក្នុងកម្មវិធីដ៏សារសំខាន់នេះ ហើយនៅឆ្នាំក្រោយៗទៀត Fresh News នៅតែបន្តធ្វើជា Media Sponsor សម្រាប់កម្មវិធីប្រកួតប្រជែងពានរង្វាន់នេះ ដោយនឹងផ្សព្វផ្សាយឲ្យកាន់តែទូលំទូលាយជាងឆ្នាំមុនៗ នៅគ្រាដែល Fresh News បាននិងកំពុងពង្រឹកវិសាលភាពរបស់ខ្លួនកាន់តែខ្លាំងជាងមុននោះ»។
សូមជម្រាបថា Fresh News ជាអង្គភាពព័ត៌មានមួយនៅកម្ពុជា ដែលបានប្រើប្រាស់បច្ចេកវិទ្យាទំនើប ក្នុងការបាញ់បញ្ជូនព័ត៌មានថ្មីៗ និងចុងក្រោយបំផុតទៅកាន់ Mobile ត្រឹមតែមួយនាទីប៉ុណ្ណោះ ទៅកាន់អ្នកប្រើប្រាស់បណ្តាញព័ត៌មានទាំងអស់របស់ Fresh News ទាំង iOS និង Android ដែលមានប្រមាណ១លាននាក់។
ការផ្សព្វផ្សាយព័ត៌មានរបស់ Fresh News រួមមាន៖
១៖ បាញ់បញ្ជូនព័ត៌មានទៅកាន់ App Fresh News នៅលើទូរស័ព្ទដៃ ដែលមានអ្នកប្រើប្រាស់ប្រមាណ១លាននាក់។
២៖ ចេញផ្សាយនៅលើគេហទំព័រ www.freshnewsasia.com ដែលមានចំនួនអ្នកចូលមើលប្រចាំខែ ប្រមាណជាង១០លានដង។
៣៖ បង្ហោះនៅលើ Facebook Fresh News ដែលមានចំនួនជាង២លាននាក់។
៤៖ Fresh News TV ផ្សាយផ្ទាល់ព័ត៌មាន និងព្រឹត្តិការណ៍សំខាន់ៗភ្លាមៗ Live ទៅកាន់ Fresh News, Facebook, Youtube, Website។
៥៖ Fresh News ជាភាសាអង់គ្លេស (English Version) សម្រាប់ពង្រីកព័ត៌មានរបស់កម្ពុជា ទៅកាន់ពិភពលោក៕